ក្នុងជំនួបនេះ លោក Vo Van Thuong ប្រធានរដ្ឋ បានថ្លែងអំណរគុណចំពោះលោក Joe Biden ប្រធានាធិបតី ដោយមិនថាក្នុងតួនាទីសំខាន់ៗផ្សេងៗគ្នាក្តី ប៉ុន្តែលោកតែងតែផ្តល់នូវមនោសញ្ចេតនាដ៏ល្អកក់ក្តៅដល់វៀតណាម។ ទន្ទឹមនឹងនោះ បានបញ្ជាក់ជាថ្មីថា វៀតណាមឲ្យតម្លៃ និងមានបំណងចង់ជំរុញទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឱ្យអភិវឌ្ឍយ៉ាងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងនិរន្តរភាព ដោយឈរលើមូលដ្ឋាននៃគោលការណ៍ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា រួមទាំងការគោរពច្បាប់អន្តរជាតិ  ធម្មនុញ្ញអង្គការសហប្រជាជាតិ ការគោរពនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ជួបសវនាការជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិកក្នុងឱកាសលោកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

លោក Joe Biden ប្រធានាធិបតីអាមេរិក បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ លោក Joe Biden បានអះអាងសារជាថ្មីថា សហរដ្ឋអាមេរិកឲ្យតម្លៃខ្ពស់លើទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម គាំទ្រវៀតណាមមួយប្រកបដោយភាពរឹងមាំ ឯករាជ្យភាព ស្មារតីខ្លួនទីពឹងខ្លួន វិបុលភាព បន្តពង្រីកការធ្វើសមាហរណកម្មអន្តរជាតិ និងដើរតួនាទីកាន់តែសំខាន់ក្នុងអាស៊ាន និងតំបន់នេះ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោកប្រធានរដ្ឋបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកក្នុងការជួយវៀតណាម លើកស្ទួយសមត្ថភាពផលិតកម្មប្រកបដោយនិរន្តរភាពលើវិស័យដូចជា គ្រឿងអេឡិចត្រូនិក បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាគាំទ្រឧស្សាហកម្ម ទន្ទឹមនឹងនោះ លោកបានស្នើឱ្យសហរដ្ឋអាមេរិក បន្តជួយឧបត្ថម្ភវៀតណាមឱ្យចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផលិតកម្ម និងខ្សែផ្គត់ផ្គង់ពិភពលោក និងវិនិយោគលើគម្រោងបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរទំនិញ និងសេវាកម្មរវាងភាគីទាំងពីរ រួមចំណែកជួយវៀតណាមឱ្យសម្រេចបាននូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម គឺជាសកម្មភាពមួយដែលមានសារៈសំខាន់មនុស្សធម៌យ៉ាងជ្រាលជ្រៅដែលជាខ្លឹមសារសំខាន់មួយនៃកិច្ចសហប្រតិបត្តិការដែលបានរួមចំណែកក្នុងការជំនះ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ យើងសង្ឃឹមថា ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការរឹងមាំក្នុងវិស័យនេះ។ ដោយនិយាយសំដៅដល់សហគមន៍វៀតណាមនៅសហរដ្ឋអាមេរិក លោក Vo Van Thuong បានអះអាងថា នេះគឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីប្លុកឯកភាពជាតិដ៏អស្ចារ្យរបស់វៀតណាម និងក៏ជាសហគមន៍មួយដែលមានតួនាទីកាន់តែកើនឡើងនៅក្នុងសង្គមអាមេរិកផងដែរ។ អាស្រ័យហេតុនោះ លោកស្នើឱ្យអាមេរិក បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅអាមេរិកក្នុងការអភិវឌ្ឍ រួមចំណែកបន្ថែមទៀតដល់ភាពរុងរឿងនៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងវៀតណាម-អាមេរិក។

ទាក់ទិននឹងបញ្ហាអន្តរជាតិ និងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ធានានូវសេរីភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ដោយមិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់កម្លាំងទេ  គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS 1982។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក

* នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក។

ក្នុងជំនួប លោក Pham Minh Chinh បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Joe Biden និងគណៈប្រតិភូជាន់ខ្ពស់អាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីបានអះអាងនូវគោលជំហរជាប់លាប់របស់វៀតណាម ក្នុងការចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ជាយុទ្ធសាស្ត្រ និងស្វាគមន៍ការដែលសហរដ្ឋអាមេរិកគាំទ្រវៀតណាមរឹងមាំ ឯករាជ្យភាព ខ្លួនទីពឹងខ្លួន និងវិបុលភាព។ ទន្ទឹមនឹងនោះ វៀតណាមស្នើឱ្យសហរដ្ឋអាមេរិកបន្តលើកកម្ពស់ទម្រង់ជាក់លាក់នៃកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តការប្តេជ្ញាចិត្តខាង​លើ​។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍយ៉ាងជ្រាលជ្រៅនៃទំនាក់ទំនងវៀតណាម-អាមេរិក បន្ទាប់​ពីជិត ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងប្រក្រតីឡើងវិញ និង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ក្នុងនោះសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ បន្តជាចំណុចភ្លឺស្វាង និងជាកម្លាំងចលករនៃទំនាក់ទំនងទ្វេភាគីជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ១២៣ ពាន់លានដុល្លារនៅឆ្នាំ ២០២២។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល ការពារជាតិ សន្តិសុខ ជំនះផលវិបាកសង្គ្រាម ឆ្លើយតបនិងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន... បន្តធ្វើឱ្យមានការរីកចម្រើនដ៏សំខាន់។

ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើថា ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសបណ្តាញបក្ស និងបណ្តាញការទូតរបស់រដ្ឋ និងប្រជាជន។ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគួរតែត្រូវបានចាត់ទុកថាជា “ម៉ាស៊ីនអមតៈ” នៃទំនាក់ទំនងទ្វេភាគី។

លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត ការអប់រំនិងបណ្តុះបណ្តាល ទន្ទឹមនឹងនេះ ជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍកំណើនបៃតង និងថាមពលកកើតឡើងវិញ។

លោក Joe Biden បានឯកភាពជាមួយលោក Pham Minh Chinh អំពីទិសដៅ និងវិធានការអនុវត្តក្របខណ្ឌថ្មីនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ រួមមានសុខាភិបាល សន្តិសុខសង្គម ថាមពលបៃតង បច្ចេកវិទ្យាខ្ពស់ ... លោកប្រធានាធិបតីបានស្នើថា ប្រទេសទាំងពីរ គប្បីតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្តាលចំឡង (semiconductor)  តាមរយៈកម្មវិធីបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសវៀតណាម ដោយហេតុនេះគាំទ្របន្តិចម្តងៗនូវការចូលរួមយ៉ាងស៊ីជម្រៅរបស់វៀតណាម និងក្លាយជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងជុំវិញពិភពលោក។

បន្ទាប់ពីជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានចូលរួម និងថ្លែងមតិនៅកិច្ចប្រជុំកំពូលវៀតណាម-អាមេរិក ស្តីពីការវិនិយោគ និងនវានុវត្តន៍ ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មឈានមុខគេមួយចំនួនរបស់ប្រទេសទាំងពីរក្នុងវិស័យបច្ចេកវិទ្យា នវានុវត្តន៍ និងការវិនិយោគ​ហិរញ្ញវត្ថុ។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក

* នារសៀលថ្ងៃទី ១១ កញ្ញា នៅវិមានរដ្ឋសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក។

លោក Vuong Dinh Hue បានអបអរសាទរចំពោះកិច្ចពិភាក្សាប្រកបដោយជោគជ័យបំផុតរវាងលោក Joe Biden និងលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងស្វាគមន៍ប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព បើកទំព័រថ្មីក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

លោក Joe Biden បានមានប្រសាសន៍ថា ក្នុង ៣៦ ឆ្នាំរបស់គាត់នៅក្នុងសភា លោកតែងតែគាំទ្រការពង្រឹងទំនាក់ទំនងវៀតណាម - អាមេរិក ហើយតែងតែរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរវិលទៅរកភាពប្រក្រតីឡើងវិញ។

ក្នុងជំនួននេះ ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកតម្លៃរួមជាច្រើនរវាងប្រទេសទាំងពីរ។ ទាក់ទិននឹងលទ្ធផលល្អដែលលោក Joe Biden សម្រេចបានបន្ទាប់ពីជំនួបពិភាក្សាជាមួយលោក Nguyen Phu Trong នោះ លោក Vuong Dinh Hue បានឲ្យដឹងថា រដ្ឋសភានឹងធ្វើការជាមួយរដ្ឋាភិបាលអនុវត្តផែនការសកម្មភាពដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួមរបស់ភាគីទាំងពីរ។ លោកបានលើកឡើងសំណើថា សហរដ្ឋអាមេរិកឆាប់បញ្ចប់នីតិវិធីដើម្បីទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ  បន្តផ្តល់ធនធានសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការជម្នះផលវិបាកនៃសង្គ្រាម ដែលជាការងារមិនអាចខ្វះបានសម្រាប់ដំណើរការផ្សះផ្សារ ការកសាង និងពង្រឹងទំនុកចិត្ត ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមករវាងរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ លោក Joe Biden និងសមាជិកសភាបានឯកភាពតាមសំណើរបស់ប្រធានរដ្ឋសភាវៀតណាម ហើយបានអះអាងថា នឹងខិតខំប្រឹងប្រែងជំរុញការឯកភាពគ្នាផ្ទៃក្នុងអាមេរិក ដើម្បីគាំទ្រទំនាក់ទំនងវៀតណាម-អាមេរិក និងឆាប់ៗទទួលស្គាល់សេដ្ឋកិច្ចទីផ្សារ​វៀតណាម។

នៅក្នុងជំនួបនេះដែរ លោក Joe Biden និងលោក Vuong Dinh Hue បានធ្វើជាសាក្សី ការដែលថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនវៀតណាម និងក្រសួងការពារប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ប្រគល់ជូនវត្ថុអនុស្សាវរីយ៍សង្រ្គាមរវាងភាគីទាំងពីរ នេះជាទង្វើមានលក្ខណៈនិមិត្តរូបប្រកបដោយលក្ខណៈថ្លៃថ្នូរ។ ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងដើម្បីជំនះផលវិបាកនៃសង្គ្រាម និងពិភាក្សាអំពីសារៈសំខាន់នៃការបន្តការងារនេះ។

* នារសៀលថ្ងៃទី ១១ ខែកញ្ញា លោក Joe Biden និងគណៈប្រតិភូជាន់ខ្ពស់អាមេរិកបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស៕

បកប្រែដោយ Minh Trung