លោកបានផ្តល់បទសម្ភាសន៍ដល់កាសែតកងទ័ពប្រជាជនក្នុងឱកាសដែលលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។

អ្នកយកព័ត៌មាន ៖ ក្រឡេកមើលពីការខិតខំប្រឹងប្រែងរបស់លោកសម្រាប់វៀតណាមក្នុងការជំនះផលវិបាកនៃសង្រ្គាមក្នុងរយៈពេល ៣៣ ឆ្នាំកន្លងមកនេះសូម្បីតែមុនពេលដែលប្រទេសទាំងពីរមានប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងក៏ដោយ តើលោកអាចចែករំលែកការចង់ចាំអនុស្សាវរីយ៍ណាខ្លះទេ?

ព្រឹទ្ធសមាជិក Patrick Leahy៖ ខ្ញុំមានអនុស្សាវរីយ៍ជាច្រើន ដោយចាប់ផ្តើមពីដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំទៅកាន់ប្រទេសវៀតណាមមិនយូរប៉ុន្មានបន្ទាប់ពីឆ្នាំ ១៩៨៩  នៅពេលដែលខ្ញុំបានបង្កើតមូលនិធិជនរងគ្រោះដោយសារសង្រ្គាមដែលមាន​ឈ្មោះថា Leahy ។ ខ្ញុំបានទៅទស្សនាមណ្ឌលសុខាភិបាលដែលជួយគាំទ្រដោយសហរដ្ឋអាមេរិក តាមរយៈអង្គការមនុស្សធម៌ សមាគមជំនួយជនពិការវៀតណាមផ្តល់រទេះជនពិការ និងដៃជើងសិប្បនិម្មិតដល់ជនពិការវៀតណាមដោយរបួសក្នុងសង្គ្រាម។ ការឃើញពួកគេអាចមានលទ្ធភាពធ្វើចលនាដោយខ្លួនឯងបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះខ្ញុំ។ ចាប់តាំងពីពេលនោះមក យើងខ្ញុំបានបង្កើតកម្មវិធីដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែក គ្រាប់មីន គ្រឿងផ្ទុះ និង​ផលវិបាកដោយសារធាតុ Dioxin  ដែលបន្សល់ពីសង្គ្រាមនៅក្នុងខេត្ត-ក្រុងចំនួន ៨ នៃប្រទេសវៀតណាម ហើយកំពុងដំណើរការពង្រីកកម្មវិធីទៅកាន់មូលដ្ឋានចំនួនពីរបន្ថែមទៀត។

អនុស្សាវរីយ៍ដ៏រស់រវើកមួយទៀតគឺខ្ញុំបានធ្វើការជាមួយលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ដែលកាលនោះគាត់ជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមក្នុងការកម្ចាត់សាធាតុពុល Dioxin នៅទីក្រុង Da Nang ជាកន្លែងដែលសហរដ្ឋអាមេរិកនិងវៀតណាមបានកម្ចាត់សារធាតុពុល Dioxin និងជុំវិញអាកាសយានដ្ឋាន។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងពីសារៈសំខាន់នៃការដោះស្រាយផលវិបាកនៃសង្គ្រាមមកលើមនុស្ស។ ការប្ដេជ្ញាចិត្ត រួមជាមួយឆន្ទៈសហការយ៉ាងជិតស្និទ្ធជាមួយខ្ញុំរបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានរួមចំណែកធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីររីកចម្រើននាពេលបច្ចុប្បន្ន។ ភរិយារបស់ខ្ញុំគឺ Marcelle និងខ្ញុំតែងតែគោរពរាប់អានចំពោះលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh។

leftcenterrightdel
ព្រឹទ្ធសមាជិកអាមេរិក Patrick Leahy

អ្នកយកព័ត៌មាន៖ តើកិច្ចសហប្រតិបត្តិការក្នុងការជម្នះផលវិបាកនៃសង្គ្រាមបានបង្ហាញពីតួនាទីជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកយ៉ាងដូចម្តេចដែរ?

ព្រឹទ្ធសមាជិកអាមេរិក Patrick Leahy៖ កាលពីទសវត្សរ៍ឆ្នាំ ១៩៨០ ជាមួយនឹងជំនួយរបស់វៀតណាមក្នុងការកំណត់ទីតាំងអដ្ឋិធាតុរបស់ជនជាតិអាមេរិកដែលបាត់ខ្លួនកាលពីសម័យសង្គ្រាមនៅវៀតណាម។ ការគាំទ្រនោះដើរតួនាទីមិនអាចខ្វះបានក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនៅតែបន្តដំណើរការ។ សកម្មភាពនេះដាក់ចេញកម្មវិធីជួយឧបត្ថម្ភដល់ជនពិការ កំណត់ទីតាំងនិងបោះសម្អាតគ្រាប់បែក និងគ្រាប់មីនមិនទាន់ផ្ទុះ និងកម្ចាត់សាធាតុពុល Dioxin។ ក្នុងនោះ គឺជាកម្មវិធីសហប្រតិបត្តិការថ្មីមួយដែលបានចាប់ផ្តើមកាលពីឆ្នាំមុនរវាងប្រទេសទាំងពីរ ពោលគឺស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុទាហានវៀតណាមដែលបានពលីជីវិតកាលពីសម័យសង្រ្គាម។

កម្មវិធីនីមួយៗបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកបង្កើតមូលដ្ឋានគ្រឹះនៃការផ្សះផ្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងវៀតណាម បើកទ្វារនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាសន្តិសុខក្នុងតំបន់ អប់រំ ការប្រែប្រួលអាកាសធាតុ និងសុខាភិបាលសាធារណៈ។ ប្រសិនបើយើងមិនធ្វើការរួមគ្នាដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាមទេនោះ ដំណើរការផ្សះផ្សានឹងពិបាកសម្រេចបាននូវលទ្ធផលនាពេលបច្ចុប្បន្ន ហើយវៀតណាមនិងសហរដ្ឋអាមេរិកនឹងមិនអាចកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

អ្នកយកព័ត៌មាន៖ អាចនិយាយបានថា វៀតណាម និងសហរដ្ឋអាមេរិកបានសម្រេចបានជំហានៗក្នុងកិច្ចសហប្រតិបត្តិការជំនះផលវិបាកនៃសង្គ្រាម។ តើកត្តាអ្វីខ្លះដែលរួមចំណែកដល់ភាពជោគជ័យនេះ?

ព្រឹទ្ធសមាជិក Patrick Leahy៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Joe Biden រំពឹងថានឹងបើកឱកាសក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក និងវៀតណាម។ ការសម្រេចបាននូវវឌ្ឍនភាពបែបនេះត្រូវតែរួមបញ្ចូលការខិតខំប្រឹងប្រែងត្រួសត្រាយរបស់អតីតយុទ្ធជនអាមេរិកដូចជាលោក John Kerry, លោក John McCain និងលោក Bobby Muller ដែលបាននាំក្រុមអតីតយោធិនអាមេរិកដំបូងត្រឡប់មកប្រទេសវៀតណាមក្នុងឆ្នាំ ១៩៨១។ ចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ពួកគេ ក៏ដូចជាអង្គការមនុស្សធម៌ដូចជា មូលនិធិអតីតយុទ្ធជនអាមេរិកនៅវៀតណាម បាន​បើកទ្វារដោះស្រាយផលវិបាកនៃសង្គ្រាម។ ទោះបីជាមិនចូលរួមសង្រ្គាមនៅវៀតណាមក៏ដោយក៏ខ្ញុំនៅចងចាំយ៉ាងច្បាស់នូវសង្គ្រាមនេះ។ ខ្ញុំបានប្រឆាំងនឹងការធ្វើសង្រ្គាមនៅវៀតណាម ហើយក្នុងឆ្នាំដំបូងនៅព្រឹទ្ធសភា ខ្ញុំបានបោះឆ្នោតមិនគាំទ្រការផ្ដល់មូលនិធិសម្រាប់ការធ្វើសង្គ្រាមនៅវៀតណាម។

ជាច្រើនឆ្នាំក្រោយមក ឱកាសដោះស្រាយផលវិបាកដ៏អាក្រក់បំផុតនៃសង្រ្គាមសម្រាប់ប្រជាជនវៀតណាម ក៏ដូចជាសហរដ្ឋអាមេរិក និងកសាងទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ និងមានអត្ថន័យបំផុតក្នុងរយៈពេល ៤៨ ឆ្នាំ ធ្វើការរបស់ខ្ញុំនៅក្នុងព្រឹទ្ធសភា។

អ្នកយកព័ត៌មាន៖ តាមលោក តើវៀតណាមនិងសហរដ្ឋអាមេរិកគួរតែធ្វើអ្វីបន្ទាប់ ដើម្បីបន្តរក្សាសន្ទុះនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដូចបច្ចុប្បន្ននេះ?

ព្រឹទ្ធសមាជិក Patrick Leahy៖ ដើម្បីទំនាក់ទំនងភាពជាដៃគូទទួលបានជោគជ័យ ជាពិសេសរវាងប្រទេសដែលមានវប្បធម៌ ប្រវត្តិសាស្ត្រផ្សេងៗ ហើយធ្លាប់ជា "សត្រូវគ្នា" ភាគីនីមួយៗត្រូវមានជំហានជាក់លាក់ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូ។ បច្ចុប្បន្ននិងអនាគត ប្រទេសទាំងពីរនឹងប្រឈមបញ្ហាធំៗមួយចំនួនគឺការកើនឡើងនៃកំដៅផែនដី និងបញ្ហាសន្តិសុខក្នុងតំបន់។ យើងបានឃើញផលបះពាល់ដោយសារការប្រែប្រួលអាកាសធាតុសម្រាប់បរិស្ថាន និងមនុស្ស។ បើគ្មានការថយចុះយ៉ាងខ្លាំងនៃការបំភាយកាបូនទេ ផលវិបាកសម្រាប់វៀតណាម សហរដ្ឋអាមេរិក និងពិភពលោកអាចជួបប្រទះហានិភ័យយ៉ាងធ្ងន់ធ្ងរ។

ប្រទេសទាំងពីរបានសន្យាចំពោះគោលការណ៍នូវអធិបតេយ្យភាព និងច្បាប់អន្តរជាតិដើម្បីជំរុញស្ថិរភាព។ សហរដ្ឋអាមេរិក និងវៀតណាមគួរតែស្វែងរកឱកាសថ្មីៗដើម្បីពង្រឹងការប្តេជ្ញាចិត្តនេះ។ ភាគីទាំងពីរគួរតែរកវិធីដោះស្រាយភាពខុសគ្នាដែលនៅសេសសល់ដើម្បីអាចក្លាយជាដៃគូខ្លាំងក្លាជាង។  ប្រការនោះនឹងរួមចំណែកជួយយើងសម្រេចបាននូវគោលដៅរួមនៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជននៃសហរដ្ឋអាមេរិក និងវៀតណាម៕

អ្នកយកព័ត៌មាន៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកព្រឹទ្ធសភា!

បកប្រែដោយ Pham Diep