អ្នកយកព័ត៌មាន៖ នៅឆ្នាំ២០២៣ វៀតណាមនិងសិង្ហបុរីប្រារព្ធខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង១០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។  តាមគំនិតរបស់លោក  តើអ្វីជាចំណុចលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគី និងសក្តានុពលសម្រាប់ការអភិវឌ្ឍក្នុងប៉ុន្មានឆ្នាំខាងមុខ?

leftcenterrightdel
លោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម

លោក Jaya Ratnam ឯកអគ្គរដ្ឋទូត៖ ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍សំខាន់មួយចំនួនសម្រាប់ទំនាក់ទំនងវៀតណាម-សិង្ហបុរី។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតរយៈពេល ៥០ ឆ្នាំ និងបានក្លាយជាដៃគូយុទ្ធសាស្ត្រអស់រយៈពេល ១០ ឆ្នាំហើយដែរ។ ទំនាក់ទំនងទ្វេភាគីបានរីកចម្រើនយ៉ាងខ្លាំងរហូតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ខ្ញុំសូមលើកយកវិស័យបីដែលប្រទេសយើងទាំងពីរបានបោះជំហានយ៉ាងខ្លាំង។

ទីមួយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែជឿទុកចិត្តគ្នាទៅវិញទៅមកតាំងពីថ្នាក់ដឹកនាំជំនាន់មុនៗមកម៉្លេះ។

ទីពីរ ប្រទេសទាំងពីរសុទ្ធតែផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

ទី៣ ប្រទេសយើងទាំងពីរបានឯកភាពគ្នាក្នុងការកសាងអាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព និងវិបុលភាពក្នុងក្របខ័ណ្ឌអាស៊ាន។ អាស៊ានបានទទួលយកវៀតណាមជាសមាជិកក្នុងឆ្នាំ ១៩៩៥ ហើយចាប់តាំងពីពេលនោះមក វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នៅក្នុងអាស៊ីអាគ្នេយ៍ វៀតណាមនិងសិង្ហបុរី ចែករំលែកទស្សនៈរួមលើបញ្ហាជាច្រើន ដោយទទួលស្គាល់សារៈសំខាន់នៃលទ្ធិពហុភាគីនិយម និងច្បាប់អន្តរជាតិ។ យើងប្តេជ្ញារួមគ្នាដើម្បីរក្សាមជ្ឈភាពរបស់អាស៊ាន និងរួបរួមគ្នាក្នុងការរក្សាសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់អន្តរជាតិ។

ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនយ៉ាងឆាប់រហ័ស។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរី ក្នុងខែកុម្ភៈឆ្នាំនេះ ហើយនាពេលខាងមុខ លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏នឹងបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ។ នៅឆ្នាំ២០២២ ប្រទេសទាំងពីរសុទ្ធតែមានដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅវិញទៅមក ហើយប្រធានាធិបតី Halimah Yacob របស់យើងខ្ញុំ  បានជួបជុំជាមួយលោក Vo Van Thuong ប្រធានរដ្ឋវៀតណាម នៅទីក្រុងឡុងដ៍នាពេលថ្មីៗនេះ។

ទំនាក់ទំនងល្អរវាងវៀតណាម និងសិង្ហបុរី ត្រូវបានអភិវឌ្ឍដោយឈរលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាច្រើន។ ជាពិសេស កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការតភ្ជាប់សិង្ហបុរី-វៀតណាម (CFA) ដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០០៦ ត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះសម្រាប់ទីភ្នាក់ងារនៃប្រទេសទាំងពីរធ្វើការជាមួយគ្នា ផ្តល់ទិសដៅនិងត្រួតពិនិត្យដំណើរការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ។ ដើម្បីបំពេញបន្ថែមនូវរបៀបវារៈកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើន កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការតភ្ជាប់សិង្ហបុរី-វៀតណាម នាពេលនេះរួមមានការពិភាក្សា និងការផ្លាស់ប្តូរក្នុងវិស័យដូចជា ការផ្លាស់ថ្មី ថាមពល និងឌីជីថលនីយកម្ម។

អ្នកយកព័ត៌មាន៖  ក្នុងបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក សិង្ហបុរីបន្តក្លាយជាអ្នកវិនិយោគនាំមុខគេនៅវៀតណាមក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣។ តើលោកវាយតម្លៃបរិយាកាសធុរកិច្ចនៅវៀតណាមយ៉ាងដូចម្តេច?

លោក Jaya Ratnam ឯកអគ្គរដ្ឋទូត៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី។ ធុរកិច្ចសិង្ហបុរីបានជឿជាក់លើទស្សនវិស័យសេដ្ឋកិច្ចរយៈពេលវែងរបស់វៀតណាមដែលជាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍឈានមុខគេមួយរបស់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំ។

គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ សិង្ហបុរី គឺជាអ្នកវិនិយោគបរទេសធំទីពីររបស់វៀតណាមដែលមានដើមទុនវិនិយោគសរុបចំនួន ៧០.៨  ពាន់លានដុល្លារ។ វិស័យវិនិយោគឈានមុខគេរបស់សិង្ហបុរីនៅវៀតណាម គឺការដឹកជញ្ជូន - ឃ្លាំង ការផលិត អចលនទ្រព្យ សេវាស្នាក់នៅ ការផ្តល់ម្ហូបអាហារ សេវាហិរញ្ញវត្ថុ - ធានារ៉ាប់រង និងលក់ដុំ - ពាណិជ្ជកម្មលក់រាយ។

ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ បានកើនឡើងជាង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឈានដល់ ៣១.៣ ពាន់លាន SGD (ស្មើជាង ២៣.៥ ពាន់លានដុល្លារអាមេរិក)។

ខ្ញុំមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងសិង្ហបុរី នឹងកាន់តែរីកចម្រើន និងរឹងមាំ ជាពិសេសនៅពេលដែលប្រទេសទាំងពីរកំណត់អាទិភាពថ្មីសម្រាប់កំណើនក្រោមក្របខ័ណ្ឌនៃភាពជាដៃគូសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង (GDEP)។

អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃអំពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការដើម្បីនាំឱ្យទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីយ៉ាងដូចម្តេច?

លោក Jaya Ratnam ឯកអគ្គរដ្ឋទូត៖ ប្រទេសទាំងពីរមានឱកាសជាច្រើនដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យរីកចម្រើនថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល ថាមពលកកើតឡើងវិញ ឥណទានកាបូន សន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។

ដូច្នេះហើយ ក្នុងដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh ទៅកាន់ប្រទេសសិង្ហបុរី ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីបង្កើតភាពជាដៃគូសេដ្ឋកិច្ចឌីជីថល និងបៃតង។

មានវិស័យចំនួនបីដែលសិង្ហបុរី និងវៀតណាម កំពុងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងទសវត្សរ៍ក្រោយ។

ទីមួយគឺការផ្លាស់ថ្មី។ ប្រទេសសិង្ហបុរី និងវៀតណាម ស្ថិតក្នុងចំណោមប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មឈានមុខគេទាំង ៣ នៅអាស៊ីអាគ្នេយ៍។ ដោយមានគោលដៅរួមក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យា និងការផ្លាស់ថ្មី សិង្ហបុរី និងវៀតណាម មានឱកាសដើម្បីរួមគ្នាទាញយកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់គ្នាទៅវិញទៅមក។

ទីពីរគឺការតភ្ជាប់ថាមពល។ សិង្ហបុរី និងវៀតណាមចែករំលែកទស្សនៈរួមអំពីការបំភាយឧស្ម័នដល់កម្រិតសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ ការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍបណ្តាញក្នុងតំបន់នឹងមិនត្រឹមតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងលុបបំបាត់កាបូន របស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលជួយជំរុញដល់គោលដៅថាមពលប្រកបដោយនិរន្តរភាពរបស់តំបន់ផងដែរ។

ទីបីគឺនិរន្តរភាព។ ភាគីទាំងពីរត្រូវពន្លឿនសកម្មភាពបម្រែបម្រួលអាកាសធាតុជាបន្ទាន់ដើម្បីសម្រេចបានគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

អ្នកយកព័ត៌មាន៖ ខណៈពេលដែលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសសរស្តម្ភនៃទំនាក់ទំនងវៀតណាម-សិង្ហបុរី តែកិច្ចសហប្រតិបត្តិការវប្បធម៌មិនទាន់ត្រូវបានទាញយកផលប្រយោជន៍ពេញលេញនោះទេ។ តាមលោកឯកអគ្គរដ្ឋទូត តើភាគីទាំងពីរគួរធ្វើយ៉ាងណាដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌?

លោក Jaya Ratnam ឯកអគ្គរដ្ឋទូត៖ ភាពជាដៃគូរវាងវៀតណាម - សិង្ហបុរី មិនត្រឹមតែនៅវិស័យវិនិយោគ - ពាណិជ្ជកម្មទេ ប៉ុន្តែសសរស្តម្ភសំខាន់បំផុតគឺការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

បន្ទាប់ពីសម័យកូវីដ-១៩ ភាគីទាំងពីរបានបន្តដំណើរទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌។ វៀតណាមបាននិងកំពុងបន្តក្លាយជាគោលដៅពេញនិយមសម្រាប់និស្សិតសិង្ហបុរី នៅពេលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរ និងទស្សនកិច្ចសិក្សា។ ដូចគ្នាដែរ សិង្ហបុរីតែងតែស្វាគមន៍និស្សិតវៀតណាមដែលភាគច្រើនបានរួមចំណែកយ៉ាងសំខាន់ដល់ប្រទេសរបស់យើងទាំងទេពកោសល្យ និងភាពរីករាយ។

វៀតណាមក៏ជាដៃគូនាំមុខគេរបស់យើងនៅក្នុងកម្មវិធីភាពជាដៃគូសិង្ហបុរី (SCP) ផងដែរ។ កម្មាភិបាលវៀតណាមជាង ២១,០០០ នាក់បានចូលរួមវគ្គសិក្សា SCP។ សិង្ហបូរីនឹងបន្តចែករំលែកបទពិសោធន៍ជាមួយខេត្ត ទីក្រុងរបស់វៀតណាមដើម្បីគាំទ្រការអភិវឌ្ឍ។

វិស័យមួយទៀតដែលភាគីទាំងពីរកំពុងលើកកម្ពស់គឺបង្កើតឱកាសកាន់តែច្រើនសម្រាប់យុវជននៃប្រទេសទាំងពីរក្នុងការភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតគឺកម្មវិធីផ្លាស់ប្តូរអ្នកដឹកនាំយុវជនសិង្ហបុរី-វៀតណាម (SVYLEP) 2023 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ ២០២៣។

អនាគតនៃទំនាក់ទំនងសិង្ហបុរី-វៀតណាម មានភាពភ្លឺស្វាង និងពោរពេញទៅដោយក្តីសង្ឃឹម។ ដោយហេតុផលនោះ យើងខ្ញុំបានជ្រើសរើសព្រឹត្តិការណ៍ Spotlight Singapore នៅវៀតណាម (SSV) ដើម្បីបិទខួបលើកទី ៥០ នៃទំនាក់ទំនងការទូត និង ១០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី។ តាមនោះ យុវជន សិល្បករ និងសហគ្រិនវ័យក្មេងជាង ២០០ នាក់មកពីប្រទេសសិង្ហបុរីនឹងមកទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីចូលរួមព្រឹត្តិការណ៍វប្បធម៌ កីឡា និងធុរកិច្ចជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១៩-២៥ ខែតុលា៕

បកប្រែដោយ Minh Trung