លោក Pham Minh Chinh បានថ្លែងអំណរគុណចំពោះលោក Zhang Qingwei ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិនទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមពិធីរំលឹកខួបលើកទី៧០ នៃជ័យជំនះ Dien Bien Phu (ថ្ងៃទី៧ ឧសភា ឆ្នាំ១៩៥៤ / ៧ ឧសភា ឆ្នាំ២០២៤)។ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ជ័យជំនះ Dien Bien Phu គឺជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រកសាង និងការពារមាតុភូមិរបស់ប្រជាជនវៀតណាម។ នៅក្នុងជ័យជម្នះដ៏ត្រចះត្រចង់នេះ មានការរួមចំណែកសំខាន់ៗជាច្រើនរបស់ប្រទេសសង្គមនិយមបងប្អូន និងមិត្តអន្តរជាតិ ជាពិសេសគឺប្រទេសចិន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Zhang Qingwei  អនុប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន

លោក Zhang Qingwei បានសម្តែងនូវកិត្តិយសដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិនអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu និងអបអរសាទរយ៉ាងកក់ក្តៅចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមទាំងមូលក្នុងឱកាសរំលឹកខួបរំលឹកអនុស្សាវរីយ៍ដ៏សំខាន់នេះ។

លោក Zhang Qingwei បានសង្កត់ធ្ងន់ថា ជ័យជំនះ Dien Bien Phu គឺជាជ័យជំនះដ៏ធំធេងរបស់ប្រជាជនវៀតណាម ក៏ជាជ័យជំនះរួមរបស់ប្រជាជាតិដែលត្រូវបានជិះជាន់ទាំងអស់ រួមចំណែកយ៉ាងធំធេងដល់ចលនាតស៊ូរំដោះ និងការផ្តួលរំលំរបបអាណានិគមចាស់នៅជុំវិញពិភពលោក។ ជ័យជំនះនេះសម្រេចបានគឺដោយសារមានការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងការតស៊ូដ៏អង់អាចក្លាហានរបស់កងទ័ព និងប្រជាជនវៀតណាមទាំងមូល។ ទន្ទឹមនឹងនោះគឺជាការគាំទ្រ និងជំនួយយ៉ាងសកម្មរបស់ប្រទេសសង្គមនិយម រួមទាំងប្រទេសចិនផងដែរ។

លោក Pham Minh Chinh និងលោក Zhang Qingwei បានឯកភាពថា ទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងសកម្មក្នុងរយៈពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា បក្ស និងរដ្ឋវៀតណាម ជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរួមរបស់វៀតណាម។ លោក Pham Minh Chinh បានលើកឡើងថា នាពេលខាងមុខ ភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត ជំរុញការតភ្ជាប់យុទ្ធសាស្ត្រ បង្កើតសន្ទុះកំណើនថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស ផ្តល់អាទិភាពដល់ការតភ្ជាប់ចរាចរណ៍ផ្លូវគោក និងផ្លូវដែកក្នុងខេត្តជាប់ព្រំដែន ការសាកល្បងច្រកទ្វារព្រំដែនឆ្លាតវៃ។ល។

លោក Zhang Qingwei ក៏បានអះអាងផងដែរថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រីកទំនាក់ទំនងជាមួយវៀតណាម និងជានិច្ចកាលចាត់ទុកនេះជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសជាអ្នកជិតខាងរបស់ចិន និងត្រៀមខ្លួនជាស្រេចដើម្បីជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់ ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងចិន និងវៀតណាម កសាងច្រកព្រំដែនឆ្លាតវៃ ពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍បៃតង ការផ្លាស់ប្តូរឌីជីថល និងរ៉ែសំខាន់ៗ៕

បកប្រែដោយ Minh Trung