ហ្វាំងឡង់ចាត់ទុកវៀតណាម ជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងអាស៊ាន

មានប្រសាសន៍ក្នុងជំនួបនោះ លោក Pham Minh Chinh បានសម្តែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាម និងហ្វាំងឡង់។ លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនប្រធានរដ្ឋសភាហ្វាំងឡង់អំពីគោលនយោបាយការបរទេសរបស់វៀតណាម ព្រមទាំងគោលការណ៍ណែនាំ គោលនយោបាយ និងសមិទ្ធផលនានានៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមវៀតណាមទៀតផង។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋសភាហ្វាំងឡង់គាំទ្រការដែលគណៈកម្មការអឺរ៉ុប (EC) ឱ្យឆាប់ដក "កាតលឿង" IUU សម្រាប់គ្រឿងសមុទ្រវៀតណាម និងលើកទឹកចិត្តឱ្យរដ្ឋសភានៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នាពេលឆាប់ៗ ហើយជឿជាក់ថា EVIPA នឹងជួយឱ្យធុរកិច្ចរបស់ប្រទេសនីមួយៗខិតជិតបានទីផ្សារគ្នាទៅវិញទៅមក និងក្នុងតំបន់។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសវនាការជាមួយប្រធានរដ្ឋសភាហ្វាំងឡង់ Jussi Halla-aho កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

លោក Jussi Halla-aho ប្រធានរដ្ឋសភា បានអបអរសាទរចំពោះវៀតណាមដែលបន្តសម្រេចបានសមិទ្ធផលគួរឱ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដើរតួនាទីកាន់តែខ្ពស់លើឆាកអន្តរជាតិ។ លោកអះអាងថា ហ្វាំងឡង់ចាត់ទុកវៀតណាមជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងអាស៊ាន ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីពង្រីកសក្តានុពលដ៏អស្ចារ្យរវាងប្រទេសទាំងពីរ។ ប្រធានសភាហ្វាំងឡង់បានមានប្រសាសន៍ថា ប្រទេសហ្វាំងឡង់កំពុងអនុវត្តកម្មវិធីលើកកំពស់ទេពកោសល្យ ហេតុដូច្នេះហ្វាំងឡង់ស្វាគមន៍កម្មករ និងនិស្សិតដែលមានជំនាញខ្ពស់មកពីវៀតណាមមកធ្វើការ និងសិក្សានៅប្រទេសហ្វាំងឡង់។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងឯកភាពបន្តធ្វើការជាមួយគ្នា ដើម្បីស្វែងរកទិសដៅថ្មី វិធីធ្វើថ្មី និងកម្លាំងចលករថ្មី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពគោរពអធិបតេយ្យភាព បូរណភាពទឹកដី ដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ រដ្ឋសភាហ្វាំងឡង់គាំទ្រគោលជំហរ និងទស្សនៈរបស់អាស៊ាន និងវៀតណាមលើបញ្ហាសមុទ្រខាងកើត រួមទាំងការធានាសុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍។ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងចិន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។

សភាវៀតណាម និងហ្វាំងឡង់ពង្រឹងកិច្ចសហប្រតិបត្តិការ

នាព្រឹកថ្ងៃទី២៥ ខែមីនា នៅវិមានរដ្ឋសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការចំពោះលោក Jussi Halla-aho ប្រធានរដ្ឋសភាហ្វាំងឡង់។ បន្ទាប់ពីពិធីស្វាគមន៍ភាគីទាំងពីរបានជួបពិភាក្សាគ្នា។ ដោយសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាហ្វាំងឡង់បន្ទាប់ពីរយៈពេល ១៤ ឆ្នាំ លោក Vuong Dinh Hue បានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Jussi Halla-aho នេះនឹងជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Jussi Halla-aho បាននិយាយថា EVIPA ត្រូវបានអនុម័តដោយសភាហ្វាំងឡង់។ ទន្ទឹមនឹងនោះ ហ្វាំងឡង់ក៏មានកិច្ចព្រមព្រៀងការពារការវិនិយោគផលិតផលដាច់ដោយឡែកជាមួយវៀតណាមផងដែរ។ ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងនោះមានលើវិស័យថាមពល បច្ចេកវិទ្យាព័ត៌មាន អប់រំ...

លោក Vuong Dinh Hue ប្រធានរដ្ឋសភាបានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយហ្វាំងឡង់ និងរីករាយដោយបានឃើញការអភិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក Vuong Dinh Hue បានសម្តែងបំណងចង់ឱ្យ ភាគីទាំងពីរបន្តជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៅថ្នាក់រដ្ឋមន្ត្រី តំបន់មូលដ្ឋាន និងធុរកិច្ច ព្រមទាំងដាក់ចេញនូវយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពនាពេលនេះ។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការចំពោះលោក Jussi Halla-aho ប្រធានរដ្ឋសភាហ្វាំងឡង់

លោកប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងអំណរគុណ និងស្នើឱ្យប្រទេសហ្វាំងឡង់បន្តជួយវៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអឺរ៉ុប។

នៅក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភានៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំ និងស្ថាប័ននានានៃរដ្ឋសភា។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីររក្សាទំនាក់ទំនង សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាក្នុងតំបន់ និងអន្តរជាតិ ដូចជាសហភាពអន្តរសភា (IPU) និងសន្និសីទភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP)។ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការទូតសភា ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ និងគណៈកម្មការជំនាញនៃរដ្ឋសភា បង្កើនការផ្លាស់ប្តូរប្រាស្រ័យសមាជិកសភា ក្នុងនោះមានក្រុមសមាជិកសភាវៀតណាម-ហ្វាំងឡង់ ក្នុងទំនាក់ទំនងជាមួយអាស៊ាន។ល។

លោក Vuong Dinh Hue បានស្នើឱ្យរដ្ឋសភានៃប្រទេសទាំងពីរពង្រឹងការត្រួតពិនិត្យ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសន្ធិសញ្ញា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិ ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ គាំទ្រ និងពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងមូលដ្ឋាននៃប្រទេសទាំងពីរ និងធ្វើឲ្យល្អឥតខ្ចោះនូវយន្តការ និងច្រករបៀងផ្លូវច្បាប់ ដើម្បីសម្រួលកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ និងធុរកិច្ចនៃប្រទេសទាំងពីរ។

ដោយយល់ស្របជាមួយលោកប្រធានរដ្ឋសភាវៀតណាម លើការជំរុញកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរ ប្រធានរដ្ឋសភាហ្វាំងឡង់បានឱ្យដឹងថា វៀតណាមត្រូវបានជ្រើសរើសជាប្រទេសអាទិភាពក្នុងកម្មវិធីលើកកម្ពស់ទេពកោសល្យរបស់ហ្វាំងឡង់។ លោកប្រធានរដ្ឋសភាហ្វាំងឡង់ បានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យច្បាប់ហាណូយ និងសាកលវិទ្យាល័យ Helsinki ប្រទេសហ្វាំងឡង់ នឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះ។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ លោក Vuong Dinh Hue បានលើកឡើងថា ស្ថានភាពពិភពលោកមានភាពស្មុគស្មាញ និងការវិវឌ្ឍដែលមិនអាចទាយទុកជាមុនបាន ប៉ុន្តែសន្តិភាព និងស្ថិរភាពនៅតែជានិន្នាការចម្បង  វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម ហើយជាដៃគូដែលអាចទុកចិត្តបាន និងមានការទទួលខុសត្រូវចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Minh Trung