អ្នកយកព័ត៌មាន៖ សូមគោរពលោកអគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម ឆ្នាំ២០២៣ ទើបបានបញ្ចប់ សូមលោកចែករំលែកអំពីសមិទ្ធផលលេចធ្លោនានា ដែលប្រទេសយើងសម្រេចបានក្នុងឆ្នាំកន្លងមក?

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ បិទបញ្ចប់ឆ្នាំ ២០២៣ គឺគម្រប់រយៈពេល ៣ ឆ្នាំដែលបក្សទាំងមូល ប្រជាជន និងកងទ័ពទាំងមូលខិតខំប្រឹងប្រែងអនុវត្តគោលដៅ និងភារកិច្ចដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣។ ក្រោមការដឹកនាំរបស់បក្ស ប្រទេសយើងទទួលបានលទ្ធផលជាច្រើន និងជោគជ័យ សមិទ្ធិផលសំខាន់ៗលើវិស័យទាំងអស់។

ចំពោះមុខការលំបាក យើងបានប្រឈមមុខហើយជំនះពុះពារ ដណ្តើមបានជ័យជំនះជាច្រើនក្នុងឆ្នាំកន្លងមក ប្រការនេះបានបញ្ជាក់បន្ថែមទៀតនូវភាពក្លាហាន ភាពវៃឆ្លាត និងទស្សនៈវិស័យវែងឆ្ងាយរបស់បក្ស កម្លាំងនៃការរួបរួមជាតិដ៏អស្ចារ្យ ការរួមកម្លាំង និងការឯកភាពគ្នាជាមួយនឹងថាមវន្ត និងគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់ប្រជាជនយើងត្រូវបានបង្ហាញឱ្យឃើញកាន់តែច្បាស់។ គួរកត់សម្គាល់ថា សេដ្ឋកិច្ចរបស់វៀតណាមត្រូវបានរក្សាក្នុងអត្រាកំណើនខ្ពស់គួរសមបើធៀបនឹងប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោកនាំឱ្យវៀតណាមស្ថិតក្នុងក្រុម ៤០ ប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេលើពិភពលោក។ មុខមាត់ពីទីក្រុងទៅជនបទទូទាំងប្រទេសកំពុងផ្លាស់ប្តូរកាន់តែខ្លាំងឡើង ធំទូលាយ និងស្រស់ស្អាត។ ជីវិតរបស់ប្រជាជនត្រូវបានធ្វើឱ្យល្អប្រសើរឡើងឥតឈប់ឈរ ហើយទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ ការការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង ការពារយ៉ាងរឹងមាំរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងសន្តិសុខពិភពលោក និងវឌ្ឍនភាពរបស់មនុស្សជាតិ និងសហគមន៍អន្តរជាតិ...។

ជាពិសេស សកម្មភាពកិច្ចការបរទេសបានប្រព្រឹត្តទៅយ៉ាងរស់រវើក និងបន្តសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន និងជាចំណុចលេចធ្លោនៃឆ្នាំ២០២៣។ ជាមួយលទ្ធផល និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ពិតជាមានសារសំខាន់ណាស់ ដោយសារការខិតខំប្រឹងប្រែងរួមគ្នា និងការឯកភាពរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងការគាំទ្ររបស់មិត្តភក្តិអន្តរជាតិ។ ជាពិសេស សមិទ្ធផលនៃការងារកសាង និងកែទម្រង់បក្ស និងប្រព័ន្ធនយោបាយ បានក្លាយជាប្រភពកម្លាំងចិត្តដ៏ធំធេង ផ្តួចផ្តើមជ័យជំនះទាំងអស់របស់ប្រទេសជាតិ។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម

អ្នកយកព័ត៌មាន៖ សូមលោកអគ្គលេខាបក្សឱ្យដឹង តើអ្វីទៅជាមូលហេតុចម្បងនៃសមិទ្ធផលទាំងនោះ?

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ដូចខ្ញុំទើបតែលើកមក សមិទ្ធផលនៃការកសាង និងកែទម្រង់បក្ស និងប្រព័ន្ធនយោបាយបានក្លាយទៅជាប្រភពកម្លាំងចិត្តដ៏ធំធេង ផ្តួចផ្តើមនូវជ័យជំនះទាំងអស់។ មេរៀនជាក់ស្តែងនោះជួយយើងឱ្យកាន់តែខ្ជាប់ខ្ជួនក្នុងការអនុវត្ត៖ ការកសាងបក្សគឺជាការងារឫសគល់, ការកសាងជួរកម្មាភិបាលរបស់បក្សគឺជាកិច្ចការ "ឫសគល់របស់ ឫសគល់", ការអប់រំ និងបណ្តុះបណ្តាលក្រមសីលធម៌បដិវត្តន៍សម្រាប់កម្មាភិបាល និងសមាជិកបក្ស គឺជាការងារដ៏សំខាន់បំផុត ទាំងមានភាពបន្ទាន់ និងយុទ្ធសាស្ត្ររយៈពេលវែង។

មូលហេតុនៃការអះអាងបែបនេះគឺដោយសារតែ “អ្នកមានទេពកោសល្យតែគ្មានគុណធម៌គឺគ្មានប្រយោជន៍”។ ដូច្នេះវាមិនមែនជារឿងចៃដន្យទេ ដែលក្នុងរយៈពេលជាច្រើនអាណត្តិកន្លងមក ជាពិសេសចាប់តាំងពីដើមអាណត្តិនៃមហាសន្និបាតបក្សលើកទី១៣ រហូតមកដល់ពេលនេះ បក្សរបស់យើងបានបន្តជំរុញការងារកសាង និងកែតម្រូវបក្ស និងប្រព័ន្ធនយោបាយដោយមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង។

ម៉្យាងវិញទៀត យើងរក្សាការសិក្សាបានល្អ និងអនុវត្តតាមមនោគមវិជ្ជា សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ។... នោះគឺជា វិធីដែលបក្សយើងយកចិត្តទុកដាក់ និងបណ្តុះសីលធម៌បដិវត្តន៍សម្រាប់កម្មាភិបាល និងសមាជិកបក្ស។

ម៉្យាងវិញទៀត យើងមានគោលការណ៍លើកកម្ពស់ការងារបង្ការ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានជាមួយនឹងទស្សនៈ "ការតាំងចិត្ត ខំតស៊ូ ស៊ីសង្វាក់គ្នា ផ្តោតចំណុចសំខាន់ គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង"... ទាំងនេះគឺជាគោលនយោបាយ និងដំណោះស្រាយដែលបង្ហាញពីការអនុវត្តដ៏ស្មោះត្រង់ ទទួលមរតក និងអភិវឌ្ឍទស្សនៈ និងគំនិតរបស់លោកប្រធានហូជីមិញចំពោះការ “លុបចោលបុគ្គលនិយម” និងសម្អាតក្នុងជួរបក្សឱ្យស្អាតស្អំ។

អ្នកយកព័ត៌មាន៖ លោកអគ្គលេខាបក្ស តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីបន្តលើកកម្ពស់សីលធម៌បដិវត្តន៍ពេញប្រព័ន្ធបក្ស និងនយោបាយ?

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ កាលពីមុន លោកប្រធានហូជីមិញ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា៖ “សីលធម៌បដិវត្តន៍មិនធ្លាក់ពីលើមេឃទេ វាមានមកពីការតស៊ូ ការលត់ដំស្វិតស្វាញប្រចាំថ្ងៃ និងការហ្វឹកហ្វឺនយ៉ាងខ្ជាប់ខ្ជួន វាដូចជាមាសកាន់តែចម្រាញ់វាកាន់តែស្អាត”។ និយាយអញ្ចឹងមានន័យថា ការយល់ដឹងដោយខ្លួនឯង ការហ្វឹកហ្វឺនដោយខ្លួនឯង និងការលត់ដំដោយខ្លួនឯងកំណត់នូវគុណសម្បត្ដិសីលធម៌បដិវត្តន៍របស់កម្មាភិបាល និងសមាជិកបក្សនីមួយៗ។

យ៉ាងណាក៏ដោយ លោកប្រធានហូជីមិញក៏បានផ្តល់ដំបូន្មានថា៖ “ពេលយើងកសាងមនុស្ស យើងក៏ត្រូវមានចេតនាច្បាស់លាស់ដូចស្ថាបត្យករដែរ”។ នេះមានន័យថា បក្សត្រូវតែមានគោលការណ៍ណែនាំ និងគោលនយោបាយដឹកនាំត្រឹមត្រូវ; មានការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់ ជាមួយនឹងការធ្វើផែនការឱ្យមានលក្ខណៈវិទ្យាសាស្ត្រ តាមរយៈផែនទីបង្ហាញផ្លូវ និងជំហានសមស្រប។ នោះបង្ហាញពីមរតក និងការអភិវឌ្ឍនៃទស្សនៈ និងគំនិតរបស់ប្រធានហូជីមិញ ស្តីពីសីលធម៌បដិវត្តន៍; បញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវជំហានវិទ្យាសាស្ត្រដែលអនុលោមតាមវិធាននៃការអភិវឌ្ឍបក្ស និងចលនានៃការអនុវត្តជាក់ស្តែង។

ជាពិសេស បក្សរបស់យើងបានកំណត់ជាបណ្តើរៗ និងបានធ្វើឱ្យល្អឥតខ្ចោះនូវក្រមលក្ខណៈវិនិច្ឆ័យសីលធម៌បដិវត្តន៍សម្រាប់កម្មាភិបាល និងសមាជិកបក្សជាមួយតាមស្តង់ដារជាក់ស្តែង។ នេះគឺជាដំណោះស្រាយដ៏សំខាន់មួយ ហើយក៏ជាសមិទ្ធផលដ៏ធំធេងក្នុងការអនុវត្តបេសកកម្ម "ស្ថាបត្យករ" - បង្កើតស្តង់ដារសីលធម៌បដិវត្តន៍របស់កម្មាភិបាល និងសមាជិកបក្ស ដែលតំណាងឱ្យឧត្តមគតិកុម្មុយនិស្ត និងរបបដ៏ប្រពៃដែលបក្ស រដ្ឋ និងប្រជាជនយើងកំពុងកសាង។ គុណសម្បត្ដិសីលធម៌ទាំងនោះ គឺជាការសំរឹតសំរាំងចម្រាញ់ពីគុណសម្បត្ដិដ៏ថ្លៃថ្នូរបស់ប្រជាជនវៀតណាម  និងពីតម្លៃសីលធម៌កុម្មុយនិស្ត ក្លាយជាស្តង់ដារ ជួយកម្មាភិបាល និងសមាជិកបក្សនីមួយៗឱ្យអនុវត្តជានិច្ច ខិតខំពេញមួយជីវិត ដើម្បីឧត្តមគតិរបស់បក្ស និងដើម្បីសេចក្តីសុខរបស់ប្រជាជន។

អ្នកយកព័ត៌មាន៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០២៤ តើលោកអគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម មានពាក្យផ្តាំផ្ញើអ្វីខ្លះៗដល់ កម្មាភិបាល យុទ្ធជនក្នុងជួរកងទ័ពប្រជាជនវៀតណាម?

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ក្នុងតួនាទីការងាររបស់ខ្ញុំ ខ្ញុំតែងតែយកចិត្តទុកដាក់ជាប្រចាំចំពោះការដឹកនាំ ណែនាំ ត្រួតពិនិត្យ និងស្វែងយល់អំពីដំណើរការប្រតិបត្តិការ និងលទ្ធផលនៃការអនុវត្តបេសកកម្មរបស់កងទ័ពរបស់យើង។ ខ្ញុំមានសេចក្តីស្រលាញ់ពិសេសចំពោះកម្មាភិបាល នាយទាហាន និងពលទាហាន ហើយក៏មានតម្រូវការខ្ពស់ក្នុងការកសាងជួរកម្មាភិបាលកងទ័ព។

ខ្ញុំទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់គណៈកម្មាធិការបក្សកងទ័ព និងកងទ័ពទាំងមូលក្នុងឆ្នាំ ២០២៣ ដោយបានរួមជាមួយបក្សទាំងមូល និងប្រជាជនទាំងមូលអនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុកសាង និងការពារមាតុភូមិ។ ក្នុងនោះ គណៈកម្មាធិការបក្សកងទ័ពតែងតែត្រូវបានទទួលស្គាល់ថាជាគណៈកម្មាធិការបក្សស្អាតស្អំ រឹងមាំ ជាគំរូល្អ និងជាគណៈកម្មាធិការបក្សលេចធ្លោ កម្មាភិបាល និងសមាជិកបក្សក្នុងជួរកងទ័ព តែងតែសក្តិសមជាយុទ្ធជនបដិវត្តន៍ ដែលស្មោះត្រង់ដាច់ខាតចំពោះឧត្តមគតិរបស់បក្ស លះបង់អស់ពីចិត្ត និងលះបង់ដោយវីរភាពដើម្បីសុវត្ថិភាព ភាពរុងរឿង និងសុភមង្គលរបស់ប្រជាជន។

ខ្ញុំរំពឹង និងជឿជាក់ថា ឈានចូលឆ្នាំ ២០២៤ គឺជាឆ្នាំទីបួននៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សកងទ័ពលើកទី១១; លើកតម្កើងប្រពៃណីវីរជន នាយទាហាន នាយទាហានរង និងពលទាហាននៃកងទ័ពយើងទាំងមូលនឹងបន្តរួមចំណែកសក្តិសម និងអនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី រួមចំណែកថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់ជាតិ។

ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមដ៏រុងរឿង (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ១៩៣០ / ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤) និងស្វាគមន៍ឆ្នាំថ្មី ២០២៤ ខ្ញុំសូមប្រសិទ្ធិពរដល់កម្មាភិបាល នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ និងប្រជាជនក្នុងប្រទេស និងក្រៅប្រទេសទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលក្នុងជីវិត!

ឆ្នាំថ្មី ជោគជ័យថ្មី!

អ្នកយកព័ត៌មាន៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គលេខាបក្ស!

បកប្រែដោយ Minh Trung