ទោះបីជារបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឆ្លុះបញ្ចាំងពីសមិទ្ធផល និងវឌ្ឍនភាពរបស់វៀតណាមក្នុងការការពារសិទ្ធិមនុស្សក៏ដោយ ប៉ុន្តែជាអកុសលវានៅតែបន្តរួមបញ្ចូលនូវការសន្និដ្ឋានមិនមានលក្ខណៈសត្យានុម័តមួយចំនួនដោយបានផ្អែកលើព័ត៌មានមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសវៀតណាម។ ជាថ្មីម្តងទៀត វៀតណាមបានអះអាងនូវគោលនយោបាយមិនងាករេរបស់ខ្លួនគឺការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ក្នុងនោះចាត់ទុកមនុស្សជាស្នូល និងជាកម្លាំងជំរុញនៃដំណើរការផ្លាស់ថ្មី និងបុព្វហេតុអភិវឌ្ឍជាតិ។ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់មនុស្សត្រូវបានទទួលស្គាល់ចែងក្នុងរដ្ឋធម្មនុញ្ញវៀតណាម ទទួលបានការការពារ និងជំរុញដោយឯកសារច្បាប់ជាក់លាក់ និងត្រូវបានអនុវត្តយ៉ាងជាក់ស្តែង។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

អ្នកនាំពាក្យក្រសួងការបរទេសបានសង្កត់ធ្ងន់ថា វៀតណាមបាននិងកំពុងពិភាក្សាដោយត្រង់ និងបើកចំហក្នុងស្មារតីស្ថាបនាជាមួយសហរដ្ឋអាមេរិក លើបញ្ហាផ្សេងៗគ្នា ដើម្បីបង្កើនការយល់ដឹង និងតាមរយៈការរួមចំណែកជាវិជ្ជមាន ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហរដ្ឋអាមេរិក។

* ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរពីប្រតិកម្មរបស់វៀតណាមទាក់ទងនឹងការហាមឃាត់ការនេសាទរបស់ចិននៅសមុទ្រខាងកើត លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា៖ ជំហររបស់វៀតណាមចំពោះការហាមប្រាមនេសាទរបស់ចិននៅសមុទ្រខាងកើតគឺមិនងាករេទេ និងត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការហាមប្រាមនេសាទរបស់ចិនមិនត្រឹមតែបំពានអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ប៉ុណ្ណោះទេ ថែមទាំងរំលោភលើអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមលើតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលបានកំណត់ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វៀតណាមទាមទារឱ្យចិនគោរពនូវអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និងអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម លើតំបន់ដែនសមុទ្ររបស់វៀតណាម និងមិនធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់នៅតំបន់សមុទ្រខាងកើត៕

បកប្រែដោយ Minh Trung