អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីបានឲ្យដឹងថា តើអ្វីជាចំណុចសំខាន់ពិសេសក្នុងការចូលរួមរបស់វៀតណាមក្នុងកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងអាស៊ាន-អូស្ត្រាលី នាពេលខាងមុខ?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖  ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់ លើកនេះ មានអត្ថន័យពិសេសណាស់។

ទីមួយ ឆ្នាំនេះគឺជាខួបលើកទី ៥០ ឆ្នាំ ដែលអាស៊ាន និងអូស្ត្រាលីបង្កើតទំនាក់ទំនង ហើយក៏ជាពេលដែលវៀតណាមទើបតែបញ្ចប់ឆ្នាំរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងជាមួយអូស្ត្រាលី និងត្រៀមរៀបចំសម្រាប់ការរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងជាមួយនូវែលសេឡង់។ ជាពិសេស នេះជាលើកដំបូងដែលនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងរយៈពេល ៧ ឆ្នាំកន្លងមក ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅកាន់ប្រទេសទាំងពីរក្នុងនាមជាប្រមុខរដ្ឋាភិបាលផងដែរ។

ទីពីរ ទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលីក្នុងអំឡុងពេល ៥០ ឆ្នាំកន្លងមកនេះ មានភាពល្អប្រសើរ។ ទំនុកចិត្តនយោបាយរវាងភាគីទាំងពីរកើនឡើងកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើគ្រប់វិស័យ រួមទាំងពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងសង្គម... និងវិស័យថ្មីៗកំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ប្រទេសអាស៊ានទាំងអស់វាយតម្លៃថា អូស្ត្រាលីគឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ជាមួយនឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើនជាមួយសមាជិកនៃប្លុក។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ដូច្នេះហើយ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថាជាឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន និងអូស្ត្រាលី ពិនិត្យឡើងវិញ និងវាយតម្លៃយ៉ាងទូលំទូលាយអំពីទំនាក់ទំនងរវាងភាគីទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ជាពិសេសដំណើរការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលី ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២១ ដល់បច្ចុប្បន្ន។

ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរផ្លាស់ប្តូរ និងកំណត់ចក្ខុវិស័យ ទិសដៅ និងវិធានការជាក់លាក់ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ គេរំពឹងថា ភាគីទាំងពីរ ជាពិសេសភាគីអូស្ត្រាលីនឹងពិភាក្សា និងស្នើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការថ្មី។ ដូច្នេះហើយ យើងខ្ញុំរំពឹងថានឹងមានគំនិតផ្តួចផ្តើមឈានមុខគេ រួមចំណែកក្នុងការបង្កើតធនធាន និងមូលដ្ឋានគ្រឹះបន្ថែមទៀតសម្រាប់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ដើម្បីអភិវឌ្ឍឱ្យកាន់តែរឹងមាំនាពេលខាងមុខ។

អ្នកយកព័ត៌មាន៖ ដូចអ្វីៗដែលលោកអនុរដ្ឋមន្ត្រីទើបតែចែករំលែក កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់។ លើសពីនេះ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅអូស្ត្រាលីផងដែរ។ លោកអនុរដ្ឋមន្ត្រីអាចចែករំលែកចំណុចសំខាន់ៗនៃដំណើរទស្សនកិច្ចនេះបានទេ?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ នៅឆ្នាំ២០២៣ វៀតណាម និងអូស្ត្រាលី បានប្រារព្ធការរំលឹកខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ ក្នុងអំឡុងពេល ៥០ ឆ្នាំកន្លងមកនេះ  ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង ដោយបានជំនះលើភាពខុសគ្នាកាលពីអតីតកាល ដើម្បីបង្កើតទំនាក់ទំនងការទូត ហើយបច្ចុប្បន្ននេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងការជឿទុកចិត្តនយោបាយខ្ពស់ សូម្បីតែត្រូវបានចាត់ទុកថាជាខ្ពស់បំផុតមិនធ្លាប់មាន។

កិច្ចសហប្រតិបត្តិការវៀតណាម-អូស្ត្រាលី អាចនិយាយបានថាមានលក្ខណៈទូលំទូលាយណាស់។ ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ អូស្ត្រាលីក៏ជួយឧបត្ថម្ភវៀតណាមតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដូចជាស្ពាន My Thuan ឬអាហារូបករណ៍រាប់ពាន់សម្រាប់និស្សិតវៀតណាមទៅសិក្សានៅប្រទេសអូស្ត្រាលី កម្មវិធីបណ្តុះបណ្តាលភាសាបរទេសសម្រាប់កម្មាភិបាលវៀតណាម តាំងពីសម័យដែលយើងនៅតែស្ថិតក្រោមការដាក់ទណ្ឌកម្ម។ អាចនិយាយបានថាកិច្ចសហប្រតិបត្តិការបែបនេះបង្កើតភាពស្អិតរមួតរវាងអូស្ត្រាលីនិងវៀតណាម។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លើកនេះមានអត្ថន័យណាស់។ នេះជាឱកាសសម្រាប់ប្រទេសទាំងពីរវាយតម្លៃចំពោះការវិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលភាគីទាំងពីរសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គទេសាភិបាលអូស្ត្រាលី និងនាយករដ្ឋមន្ត្រីអូស្ត្រាលី ទៅកាន់វៀតណាម ក្នុងឆ្នាំ ២០២៣ និងដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទៅកាន់អូស្ត្រាលីក្នុងឆ្នាំ ២០២២។

ទន្ទឹមនឹងនោះ ក្នុងឱកាសនេះ ភាគីទាំងពីរនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយសង្កត់ធ្ងន់លើគោលដៅនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងជំរុញការវិនិយោគពីអូស្ត្រាលីទៅវៀតណាម និងពីវៀតណាមទៅអូស្ត្រាលី។ ជាពិសេស ចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចលើកនេះ គឺជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ; កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍។ល។ ទន្ទឹមនឹងនោះ វៀតណាម និងអូស្ត្រាលីមានបំណងជំរុញទំនាក់ទំនងទ្វេភាគីឡើងកម្រិតកម្ពស់ថ្មីមួយ។

អ្នកយកព័ត៌មាន៖ បន្ទាប់ពីចាកចេញពីប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់។ បើតាមលោកអនុរដ្ឋមន្ត្រី តើវិស័យអ្វីខ្លះដែលយើងរំពឹងថា ប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងដំណើរទស្សនកិច្ចលើកនេះ?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ រួមជាមួយអូស្ត្រាលី នូវែលសេឡង់គឺជាដៃគូយុទ្ធសាស្ត្រសំខាន់របស់វៀតណាមក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ ទំនាក់ទំនងវៀតណាម-នូវែលសេឡង់ គឺជាទំនាក់ទំនងទ្វេភាគីដែលមានប្រវត្តិសាស្ត្រយូរអង្វែង។ នៅឆ្នាំក្រោយ យើងនឹងប្រារព្ធខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយនូវែលសេឡង់។ ក្នុងរយៈពេលកន្លងមក នូវែលហ្សេឡង់គឺជាដៃគូដែលបានជួយឧបត្ថម្ភដល់ការអភិវឌ្ឍរបស់វៀតណាមលើវិស័យជាច្រើន ចាប់ពីការអប់រំ បណ្តុះបណ្តាលដល់វិស័យសមភាពយេនឌ័រ និងការអភិវឌ្ឍ។

ជាពិសេស ក្នុងវិស័យកសិកម្ម វៀតណាម និងនូវែលសេឡង់មានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាច្រើន។ ក្រៅពីនេះ ការជឿទុកចិត្តនយោបាយរវាងភាគីទាំងពីរត្រូវបានពង្រឹងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ យើងបានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ជាច្រើននៃនូវែលសេឡង់មកបំពេញទស្សនកិច្ចនៅវៀតណាម ហើយភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន។

ក្នុងដំណើរទស្សនកិច្ចនៅនូវែលសេឡង់លើកនេះ របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រទេសទាំងពីរនឹងបន្តពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណីដូចជា ពាណិជ្ជកម្ម និងវិនិយោគជាដើម។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏នឹងផ្តោតសំខាន់លើការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម ការអប់រំ-បណ្តុះបណ្តាល និងកសិកម្ម។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang