កិច្ចសហប្រតិបត្តិការវៀតណាម-អូស្ត្រាលី អភិវឌ្ឍយ៉ាងខ្លាំងក្លា និងជាក់ស្តែង

លោក Nguyen Phu Trong អគ្គលេខាបក្ស បានស្វាគមន៍លោក Anthony Albanese នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់អូស្ត្រាលី មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ (១៩៧៣-២០២៣)។  លោកអគ្គលេខាបក្សបានអះអាងនូវសារៈសំខាន់របស់វៀតណាមចំពោះទំនាក់ទំនងវៀតណាម-អូស្ត្រាលី ហើយវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍដ៏រឹងមាំ ជាក់ស្តែងនិងទូលំទូលាយនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមនិងអូស្ត្រាលី គឺជាប្រទេសពីរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានភាពស្រដៀងគ្នាជាច្រើន។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានពង្រីកស៊ីជម្រៅលើទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល និងការការពារជាតិ និងសន្តិសុខ។ ជាពិសេស ការជួបប្រាស្រ័យផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស ទទួលជួបមេដឹកនាំគណបក្សពលករ និងជានាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese

លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក Anthony Albanese ជាពិសេសតាមរយៈកិច្ចពិភាក្សា និងជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម និងកិច្ចព្រមព្រៀងសំខាន់ៗដែលសម្រេចបានរវាងប្រទេសទាំងពីរក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។ ជោគជ័យនៃដំណើរទស្សនកិច្ចនេះរបស់លោក Anthony Albanese ក៏ដូចជាដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់អគ្គទេសាភិបាលអូស្ត្រាលី David Hurley គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Anthony Albanese នាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរំជួលចិត្តចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់អគ្គលេខាបក្ស ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ដោយយល់ឃើញថា នេះមិនត្រឹមតែជាការស្រលាញ់ និងការវាយតំលៃខ្ពស់ចំពោះរូបលោកផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេស និងប្រជាជនអូស្ត្រាលីទៀតផង។ លោក Anthony Albanese បានអះអាងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់អូស្ត្រាលីចំពោះតួនាទី និងគោលជំហររបស់វៀតណាម និងទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងសម្តែងនូវក្តីរីករាយចំពោះសមិទ្ធផលអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

លោក Anthony Albanese បានអះអាងនូវគោលជំហររបស់អូស្ត្រាលីអំពីសារៈសំខាន់នៃការពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ ការគោរពច្បាប់អន្តរជាតិ ឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ និងទំនាក់ទំនងស្មើភាពគ្នា គាំទ្រមជ្ឈភាពរបស់អាស៊ាន។

ជំរុញកិច្ចសហប្រតិបត្តិការលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពល

នារសៀលថ្ងៃដដែល នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី។

លោក Vo Van Thuong បានស្វាគមន៍លោក Anthony Albanese មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាមក្នុងឋានៈជានាយករដ្ឋមន្ត្រី និងអះអាងថា រួមជាមួយដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គទេសាភិបាលអូស្ត្រាលី David Hurley ក្នុងខែមេសា ឆ្នាំ២០២៣ កន្លងមកនោះ ដំណើរទស្សនកិច្ចលើកនេះរបស់លោក Anthony Albanese នាយករដ្ឋមន្ត្រី បានរួមចំណែកបង្កើតកម្លាំងជំរុញថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រក្នុងបរិបទដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ លោកប្រធានរដ្ឋ បានវាយតំលៃខ្ពស់ចំពោះអូស្ត្រាលីដែលតែងតែផ្តល់ឲ្យវៀតណាមនូវប្រភព ODA ប្រកបដោយស្ថិរភាព និងបានជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី

លោក Anthony Albanese បានអះអាងថា វៀតណាមជានិច្ចកាលជាដៃគូអាទិភាពកំពូលរបស់អូស្ត្រាលីក្នុងតំបន់ ហើយមានបំណងចង់អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមដោយមិនឈប់ឈរ។ លោកនាយករដ្ឋមន្រ្តីអះអាងថា វៀតណាមនឹងជាអាទិភាពក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ ដែលអូស្ត្រាលីកំពុងកសាង។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរ ដោយចាត់ទុកថានេះជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយនាពេលខាងមុខ។

លោក Anthony Albanese មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា អូស្ត្រាលីទើបតែបានសម្រេចចិត្តជួយឧបត្ថម្ភចំនួន ១០៥ លាន AUD សម្រាប់វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពល ហើយសាកលវិទ្យាល័យ RMIT នឹងបង្កើនការវិនិយោគនៅវៀតណាមដល់ ២៥០ លាន AUD, សាកលវិទ្យាល័យ Western Sydney នឹងផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាម និងក្នុងតំបន់។ លោក Anthony Albanese ក៏បានស្វាគមន៍ចំពោះការដែលថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines និង Vietjet ទើបតែបើកផ្លូវហោះហើរត្រង់បន្ថែមទៅកាន់ទីក្រុងធំៗរបស់អូស្ត្រាលី រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ និងបង្កើនឱកាសទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ បានស្នើឱ្យអូស្ត្រាលី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរក្សានូវភាសា ប្រពៃណី និងវប្បធម៌វៀតណាម ហើយនិស្សិតវៀតណាមអាចទទួលបានទិដ្ឋាការ និងសិក្សានៅបរទេសអូស្ត្រាលីប្រកបដោយភាពអំណោយផល។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក និងសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ APEC អាស៊ាន និងយន្តការផ្សេងៗទៀតដែលដឹកនាំដោយអាស៊ាន។

វៀតណាម - ជាស្នូលនៃដំណើរការកសាងទំនាក់ទំនង យុទ្ធសាស្ត្ររបស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍

គួរឱ្យរំលឹកដែរថា នៅវិមានប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកជូនចំពោះលោក Anthony Albanese។  ភ្លាមៗបន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នានៅទីស្តីការរដ្ឋាភិបាល។

ក្នុងជំនួបនេះ លោក Pham Minh Chinh បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោក Anthony Albanese មានអត្ថន័យដ៏សំខាន់ ដោយបានប្រព្រឹត្តទៅក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និង ៥ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម រៀបចំពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកជូនចំពោះលោក Anthony Albanese

រីឯលោក Anthony Albanese បានអបអរសាទរវៀតណាមចំពោះសមិទ្ធផលសំខាន់ៗរបស់ខ្លួនក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៤០ នៅលើពិភពលោក និងមានតួនាទី និងកិត្យានុភាពកាន់តែកើនឡើងលើឆាកអន្តរជាតិ។ លោក Anthony Albanese បានសង្កត់ធ្ងន់ថា អូស្ត្រាលី កំណត់វៀតណាមជាស្នូលក្នុងដំណើរការកសាងយុទ្ធសាស្ត្រទំនាក់ទំនងរបស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

លោក Pham Minh Chinh បានអះអាងថា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចអូស្ត្រាលី មកបណ្តាក់ទុននៅ​វៀតណាមក្នុងវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ហិរញ្ញវត្ថុ-ធនាគារ អប់រំ និងកសិកម្ម និងបច្ចេកវិទ្យា។ល។ លោក Pham Minh Chinh មានបំណងចង់ឱ្យអូស្ត្រាលីបង្កើតលក្ខខណ្ឌពង្រីកទីផ្សារនាំចេញសម្រាប់ទំនិញវៀតណាម និងពិចារណាកិច្ចសហប្រតិបត្តិការ ODA ជាធាតុសំខាន់ក្នុងភាពជាដៃគូនាពេលខាងមុខ។

លោក Anthony Albanese បានអះអាងនូវបំណងរបស់អូស្ត្រាលីក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខជាមួយវៀតណាម។ លោកអះអាងបន្តរក្សាកិច្ចសហប្រតិបត្តិការ ODA  ឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី  បន្តបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម  យល់ព្រមពិនិត្យកិច្ចព្រមព្រៀងអាកាសចរណ៍ (១៩៩៥) ដើម្បីបង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ អាស៊ាន APEC ... លោក Anthony Albanese បានអះអាងថា អូស្ត្រាលីយកចិត្តទុកដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអូស្ត្រាលី-អាស៊ាន និងតែងតែគាំទ្រមជ្ឈិមភាពអាស៊ាន  នឹងដាក់វៀតណាមជាចំណុចស្នូលនៃយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ ដែលអូស្ត្រាលីកំពុងកសាង។ លោក Pham Minh Chinh បានសង្កត់ធ្ងន់លើការគាំទ្រចំពោះអូស្ត្រាលីក្នុងការរៀបចំកិច្ចប្រជុំកំពូលដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-អូស្ត្រាលីនៅប្រទេសអូស្ត្រាលី ជាមួយនឹងខ្លឹមសារប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី គាំទ្រវៀតណាមធ្វើជាម្ចាស់ផ្ទះឆ្នាំ APEC ឆ្នាំ ២០២៧។

ពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រខាងកើត។ ជំរុញការសន្ទនា បង្កើនទំនុកចិត្ត និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

កិច្ចសហប្រតិបត្តិការសភាដើរតួនាទីយ៉ាងសំខាន់

នាថ្ងៃដដែល នៅវិមានរដ្ឋសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមបានជួបពិភាក្សាជាមួយលោក Anthony Albanese។

លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមគាំទ្រប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងសង្ឃឹមថា វិនិយោគិនអូស្ត្រាលីកាន់តែច្រើនមកបណ្តាក់ទុនផលិតកម្ម និងអាជីវកម្មនៅវៀតណាម។ ប្រធានរដ្ឋសភាវៀតណាមបានប្រកាសថា រដ្ឋសភាវៀតណាមរួមជាមួយរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងរក្សា និងកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ចដោយធ្វើវិសោធនកម្មច្បាប់ជាច្រើន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាជាមួយលោក Anthony Albanese

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ ប្រធានរដ្ឋសភាបានប្រកាសថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅអូស្ត្រាលី សាកលវិទ្យាល័យនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១២ ។ លោកប្រធានរដ្ឋសភាបានស្វាគមន៍សាកលវិទ្យាល័យ RMIT បង្កើនការវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការនៅវៀតណាម។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានឧបត្ថម្ភវគ្គទូទៅស្តីពីការប្រែប្រួលអាកាសធាតុ និងថាមពលដល់តំណាងរដ្ឋសភា និងបុគ្គលិកនៃការិយាល័យរដ្ឋសភាវៀតណាម។

ប្រធានរដ្ឋសភាបានលើកឡើងថា ខែកញ្ញា ខាងមុខ រដ្ឋសភាវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលតំណាងរាស្រ្តវ័យក្មេងលើកទី៩។  លោកប្រធានរដ្ឋសភាវៀតណាមអញ្ជើញដោយស្មោះស្ម័គ្រ និងសង្ឃឹមថាមានការគាំទ្ររបស់នាយករដ្ឋមន្ត្រី Anthony Albanese  ដើម្បីរដ្ឋសភា និងព្រឹទ្ធសភាអូស្ត្រាលី នឹងបញ្ជូនគណៈប្រតិភូទៅចូលរួម រួមចំណែកជោគជ័យជារួមនៃសន្និសីទ។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានអះអាងថា លោកនឹងជំរុញការបញ្ជូនគណៈប្រតិភូសភាអូស្ត្រាលីទៅកាន់ទីក្រុងហាណូយ ដើម្បីចូលរួមសន្និសីទនេះ។ លោកក៏បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរ និងបង្កើនការយល់ដឹងរវាងតំណាងរាស្រ្តសភា ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងអះអាងថានឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងអំឡុងពេលបំពេញការងារ៕

បកប្រែដោយ Minh Trung