លើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលីឡើងកំពស់ថ្មី
កប.អនឡាញ - លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។
នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese នៅប្រទេសវៀតណាម ក្រោយពីចូលកាន់តំណែង។ ប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាម និងអូស្ត្រាលីប្រារព្ធខួប ៥០ ឆ្នាំ នៃទំនាក់ទំនងការទូត (១៩៧៣-២០២៣) និង ៥ ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៨-២០២៣) ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងរួមចំណែកពង្រឹងជំនឿទុកចិត្តខាងនយោបាយ ធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអូស្ត្រាលី។
ក្រឡេកមើលថយក្រោយ ក្នុងឆ្នាំ ១៩៧៣ អូស្ត្រាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា។ ក្នុងរយៈពេលកន្លះសតវត្សន៍នេះ ទំនាក់ទំនងវៀតណាម-អូស្ត្រាលីបានអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព សម្រេចបានសមិទ្ធផលគួរឲ្យចាប់អារម្មណ៍ជាច្រើន ឆ្ពោះទៅរកគោលដៅលើកកំពស់ទំនាក់ទំនងភាពទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងជំនួបកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា រូបថត៖ vnanet.vn |
ប៉ុន្មានឆ្នាំមកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរបានទៅទស្សនកិច្ច និងជួបពិភាក្សាគ្នាជាប្រចាំនៅតាមវេទិកាអន្តរជាតិ និងតំបន់។ នាពេលថ្មីៗនេះ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានជួបជាមួយអគ្គទេសាភិបាល និងនាយករដ្ឋមន្ត្រី នៃប្រទេសអូស្ត្រាលី ក្នុងព្រះរាជពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រអង់គ្លេស។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានជួបក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤១ (នៅកម្ពុជា ខែវិច្ឆិកា ឆ្នាំ ២០២២) និងក្នុងកិច្ចប្រជុំកំពូល G7 បូក (នៅប្រទេសជប៉ុន ខែឧសភា ឆ្នាំ ២០២៣)។ តាមរយៈដំណើរទស្សនកិច្ច និងការជួបពិភាក្សាគ្នារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នោះ ការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹង ដែលបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗឱ្យអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ១៥.៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៦.៧% បើធៀបនឹងឆ្នាំ ២០២១ ដែលធ្វើឱ្យអូស្ត្រាលីក្លាយជាដៃគូពាណិជ្ជកម្មធំទី ៧ របស់វៀតណាម និងវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី ១០ របស់អូស្ត្រាលី។ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២៣ អូស្ត្រាលីមានគម្រោងវិនិយោគចំនួន ៥៩០ នៅវៀតណាម ជាមួយនឹងដើមទុនសរុបប្រហែល ២ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ វៀតណាមបានវិនិយោគនៅប្រទេសអូស្ត្រាលីក្នុងគម្រោងចំនួន ៨៨ ដែលមានទុនវិនិយោគសរុបចំនួន ៥៩២,៣ លានដុល្លារអាមេរិក។
គួរឲ្យកត់សម្គាល់ថា អូស្ត្រាលីគឺជាដៃគូទ្វេភាគីដែលផ្តល់ ODA ធំបំផុតមួយសម្រាប់វៀតណាម។ ទោះបីជារងឥទ្ធិពលយ៉ាងខ្លាំងពីជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏អូស្ត្រាលីនៅតែរក្សា ODA សម្រាប់វៀតណាម ជាមធ្យម ៧៨.៩ លាន AUD ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២០២០-២០២២។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ អូស្ត្រាលីបានផ្តល់ ODA សរុបចំនួន ៣ ពាន់លាន AUD រួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។
ក្រឡេកមើលទំនាក់ទំនងរួមរវាងវៀតណាម និងអូស្ត្រាលី យើងនឹងឃើញថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខគឺជាចំណុចភ្លឺមួយ។ ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្ម ការគ្រប់គ្រងការចេញចូលខុសច្បាប់ ការប្រឆាំងការធ្វើចំណាកស្រុកខុសច្បាប់ ការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងការបណ្តុះបណ្តាលភាសាអង់គ្លេស ... ជាពិសេស វៀតណាម និងអូស្ត្រាលី មានសកម្មភាពសហប្រតិបត្តិការជាក់ស្តែងជាច្រើនក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ជាមួយនឹងបទពិសោធន៍ដ៏សំបូរបែបក្នុងការហ្វឹកហ្វឺន និងពង្រាយកងកម្លាំងដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អូស្ត្រាលីតែងតែយកចិត្តទុកដាក់ ជួយគាំទ្រយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព និងជួយឧបត្ថម្ភវៀតណាមក្នុងការចូលរួមក្នុងសកម្មភាពនេះ។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនរក្សាសន្តិភាព និងការដោះមីននៅឆ្នាំ ២០១៦។ កងទ័ពអាកាសភូមិន្ទអូស្ត្រាលី បានជួយគាំទ្រក្នុងការដឹកជញ្ជូនកងពេទ្យរបស់វៀតណាមទៅកាន់ស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ បច្ចុប្បន្ន ភាគីទាំងពីរកំពុងពិភាក្សា និងត្រៀមរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរក្សាសន្តិភាព។
ដើម្បីបន្តជំរុញសន្ទុះនៃការអភិវឌ្ឍន៍ទំនាក់ទំនងនាបច្ចុប្បន្ន ភាគីទាំងពីរចាប់អារម្មណ៍លើការពង្រីកវិស័យសហប្រតិបត្តិការថ្មីៗ ដូចជា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើបរិវត្តកម្មថាមពល។ លើសពីនេះ ការអប់រំ-បណ្តុះបណ្តាល កម្លាំងពលកម្ម កសិកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន... ក៏ជាវិស័យសហប្រតិបត្តិកាដែលនៅមានសក្តានុពលជាច្រើនផងដែរ។
មិនត្រឹមតែនៅកម្រិតទ្វេភាគីប៉ុណ្ណោះទេ ភាគីទាំងពីរនៅសហការយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ក៏ដូចជាក្នុងបញ្ហាអន្តរជាតិ និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នាទៀតផង។ ចំពោះអូស្ត្រាលី វៀតណាមគឺជាមិត្ត និងជាដៃគូដែលអាចទុកចិត្តបាន។ ការពង្រឹងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ បានបង្កើតកម្លាំងចលករសម្រាប់ប្រទេសទាំងពីរសហការយ៉ាងជិតស្និទ្ធថែមទៀតក្នុងយន្តការសហប្រតិបត្តិការពហុភាគី។
ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែង និងទូលំទូលាយលើគ្រប់វិស័យ ដំណើរទស្សនកិច្ចរបស់ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ទៅកាន់វៀតណាម បាននាំមកនូវការរំពឹងទុកខ្ពស់អំពីការលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី ឡើងកំពូលថ្មី។
ដំណើរទស្សនកិច្ចនេះធ្វើឡើងតែពីរខែបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គទេសាភិបាលអូស្ត្រាលី បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់អូស្ត្រាលីក្នុងទំនាក់ទំនងជាមួយវៀតណាម។ ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងមានឱកាសថ្មីក្នុងកិច្ចសហប្រតិបត្តិការ និងការលើកកំពស់ទំនាក់ទំនងទ្វេភាគីនោះ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងការជឿទុកចិត្តខាងនយោបាយ និងបង្កើតកម្លាំងចលករថ្មីដើម្បីជួយទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អូស្ត្រាលី ឲ្យកាន់តែពង្រីកថែមទៀតលើគ្រប់វិស័យ៕
បកប្រែដោយ Duy Hoan