មូលដ្ឋានគ្រឹះនយោបាយសម្រាប់ទំនាក់ទំនងយូរអង្វែង និងនិរន្តរភាពរវាងវៀតណាម និងរុស្ស៊ី
ក្នុងបរិយាកាសមិត្តភាព លោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Dmitry Medvedev មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដោយសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាម របស់លោក Dmitry Medvedev ក្នុងនាមជាប្រធានគណបក្សរួបរួមរុស្ស៊ី ដែលកាន់អំណាច។
    |
 |
លោក Nguyen Phu Trong ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Dmitry Medvedev មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ vnanet.vn) |
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការបន្តពូនជ្រំនូវទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរ និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបក្សទាំងពីរត្រូវបានឈរលើមូលដ្ឋាននៃទំនុកចិត្តនយោបាយខ្ពស់តាមរយៈទស្សនកិច្ចកម្រិតខ្ពស់រវាងភាគីទាំងពីរ ក្នុងនោះរួមទាំងការសន្ទនាតាមទូរស័ព្ទរវាងលោក Nguyen Phu Trong អគ្គលេខាបក្ស និងលោក Vladimir Putin ប្រធានាធិបតី និងលោក Dmitry Medvedev ជាដើម។
ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងវាយតម្លៃរបស់ភាគីនីមួយៗអំពីស្ថានភាពអន្តរជាតិបច្ចុប្បន្ន អំពីទិសដៅសំខាន់ៗសម្រាប់ជំរុញការអភិវឌ្ឍជាវិជ្ជមាននៅក្នុងពិភពលោក និងទស្សនៈលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីទិសដៅសំខាន់ៗ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរដូចជា៖ ការបន្តបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាផ្នែកនយោបាយ តាមរយៈដំណើរទស្សនកិច្ចកម្រិតខ្ពស់ ការបង្កើនប្រសិទ្ធភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ អប់រំ និងវិស័យផ្សេងៗទៀត យោងតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។ ភាគីទាំងពីរយកចិត្តទុកដាក់ និងបំប៉ុនយុវជនជំនាន់ក្រោយ បង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងអង្គការមហាជន និងយុវជននៃបក្សទាំងពីរ ជំរុញយន្តការ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងពហុភាគី បង្កើនការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពអន្តរជាតិ កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារបរទេសនៃប្រទេសទាំងពីរ និងការសម្របសម្រួលនៅវេទិកាអន្តរជាតិ។
    |
 |
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Dmitry Medvedev (រូបថត៖ vnanet.vn) |
ថែរក្សា និងអភិវឌ្ឍគុណតម្លៃល្អនៃទំនាក់ទំនង មិត្តភាពប្រពៃណី
នារសៀលថ្ងៃទី២២ ឧសភា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Dmitry Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី។
ក្នុងឱកាសនេះ លោក Vo Van Thuong បានថ្លែងអំណរគុណចំពោះរុស្ស៊ី ដែលបានបន្តផ្តល់អាហារូបករណ៍ប្រចាំឆ្នាំដល់និស្សិតវៀតណាមទៅសិក្សានៅរាល់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលរបស់រុស្ស៊ី។ លោកប្រធានរដ្ឋជឿជាក់ថា កិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី ស្តីពីការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលគ្រោងនឹងរៀបចំឡើងនៅចុងឆ្នាំនេះ នឹងបន្តបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នានាពេលខាងមុខ នឹងបន្តជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមទាំងយុវជនជំនាន់ក្រោយផងដែរ លើកតម្កើងតួនាទីនៃសមាគមមិត្តភាពរវាងប្រទេសទាំងពីរ សំដៅបង្កើនការយល់ដឹង ក៏ដូចជារក្សាតម្លៃដ៏ល្អនៃទំនាក់ទំនងមិត្តភាពប្រពៃណីដែលមានប្រវត្តិជិត ៧៥ ឆ្នាំកន្លងមក។
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណ និងស្នើឱ្យថ្នាក់ដឹកនាំរុស្ស៊ី រដ្ឋាភិបាល និងគណបក្សរួបរួមរុស្ស៊ីបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅរុស្ស៊ីក្នុងការរស់នៅ និងធ្វើអាជីវកម្ម យូរអង្វែង និងមានលក្ខណៈស្ថិរភាព។ ក្នុងឱកាសនេះដែរ លោក Vo Van Thuong ប្រធានរដ្ឋ ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខជូនដល់លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ីផងដែរ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួប និងពិភាក្សាការងារជាមួយលោក Dmitry Medvedev |
លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងស្មារតីសម្របសម្រួលគ្នានូវផលប្រយោជន៍ និងចែករំលែកការលំបាក
នាថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួប និងពិភាក្សាការងារជាមួយលោក Dmitry Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី។
លោក Pham Minh Chinh បានសម្តែងនូវសេចក្តីរីករាយដែលបានជួបជាមួយលោក Dmitry Medvedev និងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី មកបំពេញទស្សនកិច្ចនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Dmitry Medvedev លើកនេះ គឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រទេសទាំងពីរ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងបន្តឯកភាពគ្នាលើវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។
លោក Dmitry Medvedev បានថ្លែងអំណរគុណចំពោះភាគីវៀតណាមចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅនេះ និងបានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូដ៏សំខាន់មួយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅអាស៊ីអាគ្នេយ៍។ លោកបានអះអាងថា រុស្ស៊ីមានបំណងរួមជាមួយវៀតណាម ដើម្បីអភិវឌ្ឍបន្ថែមទៀតលើវិស័យសហប្រតិបត្តិការទ្វេភាគី ដែលភាគីទាំងពីរមានឧត្តមភាព និងតម្រូវការដើម្បីបំពេញតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ និងតម្រូវការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។
លោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគីនិយមនៃទំនាក់ទំនង ការធ្វើសមាហរណកម្មអន្តរជាតិសកម្ម ហើយគឺជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។
វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃដែលប្រជាជនរុស្ស៊ី បានផ្តល់អោយវៀតណាមកាលពីមុនក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍនាសម័យបច្ចុប្បន្ន។ វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយទន្ទឹងរង់ចាំធ្វើការជាមួយរុស្ស៊ី ដើម្បីរក្សា និងអភិវឌ្ឍទំនាក់ទំនងនេះបន្ថែមទៀត។
រីឯខ្លួនវិញ លោក Dmitry Medvedev បានអះអាងថា គណបក្សរួបរួមរុស្ស៊ី ជានិច្ចកាលគាំទ្រការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម រក្សា និងពង្រឹងវិស័យសហប្រតិបត្តិការជាប្រពៃណី ហើយទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ទេសចរណ៍ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ...
ភាគីទាំងពីរបានចាត់ទុកថា ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើននោះ ចាំបាច់ត្រូវចាត់វិធានការលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយឈរលើស្មារតីចុះសម្រុងគ្នាចំពោះផលប្រយោជន៍ និងចែករំលែកការលំបាក ជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដូចជា ថាមពល ប្រេងកាត និងឧស្ម័ន វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល...
ក្នុងឱកាសនេះ លោក Pham Minh Chinh បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរនៃសហព័ន្ធរុស្ស៊ី ដែលតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋវៀតណាមនៅរុស្ស៊ីក្នុងរយៈពេលកន្លងមក ហើយលោកសង្ឃឹមថា លោក Dmitry Medvedev ក៏ដូចជាគណបក្សរួបរួមរុស្ស៊ី បន្តរួមវិភាគទាន និងគាំទ្រការបំពេញមូលដ្ឋានច្បាប់សម្រាប់សហគមន៍វៀតណាម ដើម្បីបន្តការរស់នៅ សិក្សា និងធ្វើអាជីវកម្មនៅរុស្ស៊ី យូរអង្វែង៕
បកប្រែដោយ Minh Trung