ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
ក្នុងបរិយាកាសបើកចំហ ស្មោះស្ម័គ្រ និងជឿជាក់លើគ្នា នាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ។
នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពលើរាល់វិធានការជំរុញការជឿទុកចិត្តផ្នែកនយោបាយ និងធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាពិសេសពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី ស្រាវជ្រាវ និងបង្កើតយន្តការសហប្រតិបត្តិការថ្មីៗសមស្របទៅនឹងសក្តានុពល និងតម្រូវការនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។
លោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវិនិយោគ នៅពេលដែលលុចសំបួ ជាវិនិយោគិនអឺរ៉ុបធំជាងគេទីបីនៅវៀតណាម ជាមួយនឹងទុនវិនិយោគសរុបឈានដល់ ២.៦ ពាន់លានដុល្លារអាមេរិក។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលបដិសណ្ឋារកិច្ចលោក Xavier Bettel នាយករដ្ឋមន្រ្តីនៃប្រទេស លុចសំបួ |
លោកនាយករដ្ឋមន្ត្រីលុចសំបួ បានឯកភាពអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) សំដៅបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជំរុញបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀតដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) គាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង អឺរុប និងវៀតណាមលើការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព ដើម្បីដកកាតលឿងរបស់ IUU (កាតសម្រាប់ដាក់លើការនេសាទខុសច្បាប់ ការមិនប្រកាស និងមិនគោរពច្បាប់កំណត់)។
ភាគីទាំងពីរបានស្វាគមន៍ចំពោះការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើហិរញ្ញវត្ថុបៃតងរបស់ក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ ដែលជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការរួមចំណែកធ្វើឱ្យទំនាក់ទំនងវៀតណាម-លុចសំបួកាន់តែស៊ីជម្រៅ ជាពិសេសក្នុងសកម្មភាពបណ្តុះបណ្តាល និងលើកកំពស់សមត្ថភាព និងជំនួយក្នុងការកសាងគោលនយោបាយ ការផ្ទេរបច្ចេកវិទ្យា ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កសិកម្ម និងការប្រែប្រួលអាកាសធាតុ ...
ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ការផ្លាស់ប្តូរប្រជាជន និងទេសចរណ៍ កិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាដើម ជាពិសេសលើវិស័យអប់រំ និងបណ្តុះបណ្តាល។ នាយករដ្ឋមន្ត្រីលុចសំបួ គាំទ្រការបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាមទៅសិក្សានៅប្រទេសលុចសំបួ។ ក្នុងឱកាសនេះ លោក Pham Minh Chinh បានថ្លែងអំណរគុណ និងស្នើឱ្យលុចសំបួ បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាម ដើម្បីធ្វើសមាហរណកម្ម និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅលុចសំបួប្រកបដោយជោគជ័យ។
នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយបានបញ្ជាក់ពីការបន្តការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប, ASEM អង្គការសហប្រជាជាតិ ជាពិសេសក្នុងអំឡុងពេល ដែលប្រទេសទាំងពីរជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រខាងកើត មិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អាវុធ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គាំទ្រការអនុម័តនូវក្រមប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ។
បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីហិរញ្ញវត្ថុបៃតងរវាងក្រសួងហិរញ្ញវត្ថុទាំងពីរ។
ពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងវៀតណាម និងលុចសំបួ
នារសៀលថ្ងៃទី ៤ ឧសភា នៅវិមានរដ្ឋសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាជាមួយលោក Xavier Bettel នាយករដ្ឋមន្ត្រីលុចសំបួ។
លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ជាពិសេសការបង្កើតក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រស្តីពីហិរញ្ញវត្ថុបៃតង។ លោកប្រធានរដ្ឋសភាបានថ្លែងអំណរគុណចំពោះប្រទេសលុចសំបួសម្រាប់ការបន្តគាំទ្រវៀតណាម ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់ប្រទេសវៀតណាម ការផ្តល់សច្ចាប័នលើ EVIPA។ ប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នីតិបញ្ញត្តិក្នុងវិស័យហិរញ្ញវត្ថុ-ធនាគារ និងជំរុញការអភិវឌ្ឍសេវាធនាគារ និងហិរញ្ញវត្ថុ ទីផ្សារភាគហ៊ុន ធានារ៉ាប់រង ...
    |
 |
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទទួលជួបជាមួយលោក Xavier Bettel នាយករដ្ឋមន្ត្រីលុចសំបួ |
លោក Xavier Bettel បានឲ្យដឹងថា ក្នុងជំនួបជាមួយលោក Pham Minh Chinh ប្រទេសលុចសំបួ បានប្រកាសនូវគម្រោងចំនួនពីរ ដែលមានតម្លៃសរុប ៧លានអឺរ៉ូ សម្រាប់ជួយវៀតណាម ក្នុងវិស័យការពារបរិស្ថាន និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ សម្តែងការចាប់អារម្មណ៍ចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់វៀតណាម លោកនាយករដ្ឋមន្ត្រីលុចសំបួ បានមានប្រសាសន៍ថា វៀតណាមមិនត្រឹមតែផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីលុចសំបួបានសម្តែងបំណងថា វៀតណាមនឹងលើកលែងទិដ្ឋាការជូនពលរដ្ឋលុចសំបួនាពេលឆាប់ៗនេះ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
ដោយឯកភាពទៅនឹងសំណើរបស់លោក Xavier Bettel លោក Vuong Dinh Hue បានមានប្រសាសន៍ថា ប្រទេសទាំងពីរគួរតែបន្តបង្កើតលក្ខខណ្ឌអំណោយផលលើបញ្ហាទិដ្ឋាការដោយឈរលើមូលដ្ឋានទៅវិញទៅមក។ រដ្ឋសភាវៀតណាមនឹងពិចារណាលើបញ្ហានេះតាមសមត្ថភាពរបស់ខ្លួនក្នុងសម័យប្រជុំខាងមុខ៕
បកប្រែដោយ Minh Trung