នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីលុចសំបួនៅក្រៅទ្វីបអឺរ៉ុបក្នុងឆ្នាំ២០២៣ ព្រមទាំងជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រីលុចសំបួក្នុងរយៈពេលជាង២០ឆ្នាំ កន្លងមក និងជាសកម្មភាពការទូតកម្រិតខ្ពស់លើកដំបូងក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងលុចសំបួ (១៩៧៣ - ២០២៣)។

* នាំទំនាក់ទំនងវៀតណាម-លុចសំបួ ឱ្យរីកចម្រើនគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព

វៀតណាម និងលុចសំបួ បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៧៣។ នៅខែសីហា ឆ្នាំ ២០០៣ លុចសំបួ បានបើកការិយាល័យសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅទីក្រុងហាណូយ ដែលជាទីភ្នាក់ងារគ្រប់គ្រង និងអនុវត្តគោលនយោបាយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ចំណុះស្ថានទូតលុចសំបួប្រចាំប្រទេសថៃ និងទទួលបន្ទុកវៀតណាមផងដែរ។

នៅវេទិកាពហុភាគី វៀតណាមនិងលុចសំបួរក្សាការជួបជុំគ្នាដូចជា  ASEM ក្របខ័ណ្ឌទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ជាពិសេសប្រទេសទាំងពីរជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់និងក្នុងពិភពលោក។ ទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងវៀតណាម និងលុចសំបួ មានវឌ្ឍនភាពល្អក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ជាទៀងទាត់។

leftcenterrightdel
លោក Xavier Bettel នាយករដ្ឋមន្ត្រីលុចសំបួ (រូបថត៖ VNA)

នាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសលុចសំបួ (ខែធ្នូ ឆ្នាំ ២០២២) ទទួលបានលទ្ធផលជាក់ស្តែងលើវិស័យជាច្រើន ដែលនាំទំនាក់ទំនងនៃប្រទេសទាំងពីរទៅកាន់ដំណាក់កាលអភិវឌ្ឍថ្មីមួយ គ្រប់ជ្រុងជ្រោយ ជាក់ស្តែងនិងមានប្រសិទ្ធភាព។ បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាច្រើន ជាពិសេសភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រលើហិរញ្ញវត្ថុបៃតងក្នុងពេលឆាប់ៗនេះ។ លុចសំបួ គាំទ្រការអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីនៅទីក្រុងហូជីមិញ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម-វិនិយោគ ការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងទីផ្សារភាគហ៊ុន។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់នៅឆ្នាំ២០២៣ និងរៀបចំសកម្មភាពនានាក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។

* កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកំពុងរីកចម្រើន

ទំនាក់ទំនងនយោបាយល្អរវាងប្រទេសទាំងពីរបានបង្កើតសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មឱ្យមានការអភិវឌ្ឍន៍។ គិតត្រឹមខែមីនា ឆ្នាំ ២០២៣ លុចសំបួ មានគម្រោងវិនិយោគចំនួន ៦៤ ដែលមានទុនសរុបចំនួន ២.៦ ពាន់លានដុល្លារអាមេរិក ដោយឈរនៅលំដាប់ទី ៣ ក្នុងចំណោមប្រទេសជាសមាជិកចំនួន ២៤ នៃសហភាពអឺរ៉ុប និងឈរនៅលំដាប់ទី ១៧ ក្នុងចំណោមប្រទេស និងតំបន់ចំនួន ១៣៩ មកវិនិយោគនៅវៀតណាម ដោយផ្ដោតលើវិស័យសារគមនាគម សំណង់ អចលនទ្រព្យនៅទីក្រុងហាណូយ, ទីក្រុងហូជីមិញ, Ba Ria – Vung Tau...។

ក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបសម្រេចបាន ១៨៧.១ លានដុល្លារអាមេរិក កើនឡើង ៦៩% បើធៀបនឹងឆ្នាំ ២០២០ (ការនាំចេញសម្រេចបាន ១៣០.១៤ លានដុល្លារ និងការនាំចូលឈានដល់ ៥៦.៩៦ លានដុល្លារ)។

ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់លុចសំបួ (ខែធ្នូ ឆ្នាំ ២០២២) ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសន្ទនាសហគ្រាសរវាងនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មលុចសំបួ។

* ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

ប្រសិនបើនិយាយដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-លុចសំបួ យើងមិនអាចមិននិយាយអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង និងធនាគារ។ នេះត្រូវបានចាត់ទុកថាជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ចាប់តាំងពីឆ្នាំ ២០០០ មក ដោយមានការអនុញ្ញាតពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំធនាគាររដ្ឋវៀតណាមបានចុះហត្ថលេខាលើពិធីសារជាមួយនាយករដ្ឋមន្ត្រីលុចសំបួ ដែលក្នុងនោះភាគីទាំងពីរបានឯកភាពពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ។ ជាពិសេសក្នុងវិស័យបណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ដើម្បីអនុវត្តពិធីសារនេះ ធនាគាររដ្ឋវៀតណាមបានសហការជាមួយទីភ្នាក់ងារផ្ទេរបច្ចេកវិទ្យាហិរញ្ញវត្ថុលុចសំបួរ (ATTF ) ដើម្បីអនុវត្តវគ្គបណ្តុះបណ្តាលរាប់រយសម្រាប់សិក្ខាកាមដែលជាបុគ្គលិករបស់ធនាគាររដ្ឋវៀតណាម និងអ្នកគ្រប់គ្រងធនាគារពាណិជ្ជ និងធនាគាររដ្ឋវៀតណាម។

ភាគីទាំងពីរកំពុងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងផ្សារហ៊ុនវៀតណាម និងផ្សារហ៊ុនលុចសំបួ ដែលបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ ២០២២ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសលុចសំបួ។ វៀតណាមនិងលុចសំបួក៏កំពុងជំរុញការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើហិរញ្ញវត្ថុបៃតង និងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន អនុវត្តសេដ្ឋកិច្ចរង្វង់ដើម្បីសម្រេចបានកំណើនបៃតង។

ក្រៅពីវិស័យសហប្រតិបត្តិការខាងលើ ភាគីទាំងពីរបានឯកភាពពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាល ...។

ដោយឈរលើមូលដ្ឋាននៃការចែករំលែកផលប្រយោជន៍ លទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពដែលត្រូវបានពូនជ្រំ ក្រោយរយៈពេលជិត ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងវៀតណាម-លុចសំបួមានភាពស្វាហាប់ ប្រសិទ្ធភាព និងទំនាក់ទំនងខាងនយោបាយ និងការទូតកាន់តែល្អប្រសើរ និងកំពុងឈានដល់កម្រិតកម្ពស់ថ្មីមួយ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោក Xavier Bettel នាយករដ្ឋមន្ត្រីលុចសំបួ គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរអះអាងជាថ្មីម្តងទៀតនូវការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នា​ នាំទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរឡើងដល់កម្រិតកម្ពស់ថ្មីមួយ កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep