ឆ្ពោះទៅតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព

នេះគឺជាការអះអាងរបស់លោក Trinh Minh Manh អនុប្រធាននាយកដ្ឋានអាស៊ាន (ក្រសួងការបរទេស) នៅពេលលើកឡើងអំពីតួនាទីរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូក្នុងតំបន់ និងអន្តរជាតិ។

យោងតាមលោក Manh ស្របពេលពិភពលោកស្ថិតក្នុងភាពប្រែប្រួល និងបញ្ហាប្រឈមជាច្រើន អាស៊ានបានបង្ហាញពីតម្លៃរបស់ខ្លួនបន្ថែមទៀតក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
ពិធីបង្ហូតទង់អាស៊ាន ក្នុងឱកាសរំលឹកខួបលើកទី ៥៦ នៃការបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២៣) ((រូប​ថត៖ nhandan.com.vn)

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ ដោយឈរលើមូលដ្ឋាននៃសេចក្តីប្រកាសនយោបាយ (សេចក្តីប្រកាសទីក្រុងបាងកក) ដែលមានសមាជិកដំបូងចំនួន ៥។ បន្ទាប់ពីរយៈពេលជិត ៦ ទសវត្សរ៍នៃអត្ថិភាព អាស៊ានបានផ្លាស់ប្តូរជាមូលដ្ឋានអំពីសមាជិក គោលដៅ និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ។

លោកអនុប្រធាននាយកដ្ឋានអាស៊ានបានមានប្រសាសន៍ថា គុណតម្លៃស្នូលបំផុតរបស់អាស៊ានក្នុងរយៈពេលជិត៦០ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍រួមមាន៖ សាមគ្គីភាព ឯកភាព និងឯកភាពក្នុងភាពចម្រុះ; កិច្ចសហប្រតិបត្តិការនិងការសន្ទនា; តួនាទីមជ្ឍភាព ដែលត្រូវបានគោរពដោយប្រទេសធំៗទាំងអស់។

ចាប់ពីពេលដែលវៀតណាមចូលជាសមាជិកអាស៊ាន (១៩៩៥) រហូតមកដល់បច្ចុប្បន្ន ស្ថានភាពភូមិសាស្ត្រនយោបាយ មានចំណុចក្តៅជាច្រើនបានលេចចេញជាដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន ជម្លោះនៅតំបន់ហ្គាហ្សា ស្ថានភាពនៅមជ្ឈិមបូព៌ា អាហ្វ្រិកជាដើម។  ជាច្បាស់ណាស់ថា អាស៊ានបានរក្សាសន្តិភាព និងស្ថិរភាពក្នុងភាពចម្រុះជាមួយប្រទេសសមាជិកទាំង១០ ដែលមានគំរូអភិវឌ្ឍន៍១០ផ្សេងៗគ្នា។

ការបង្កើតសហគមន៍អាស៊ាននៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ គឺជាលទ្ធផលនៃចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសសមាជិកទាំង ១០ ឆ្ពោះទៅរកសមាគមអាស៊ានប្រកបដោយភាពស្អិតរមួត តភ្ជាប់អំពីសេដ្ឋកិច្ច និងសង្គម ដោយប្រតិបត្តិការលើមូលដ្ឋានច្បាប់ និងក្របខ័ណ្ឌធម្មនុញ្ញអាស៊ាន។

កិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ (ខែវិច្ឆិកា ឆ្នាំ២០១៥) បានអនុម័តលើចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងផែនការមេ ដើម្បីអនុវត្តចក្ខុវិស័យលើសសរស្តម្ភទាំងបីគឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីពង្រឹង និងកែលម្អគុណភាពនៃការភ្ជាប់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

បន្ទាប់ពីរយៈពេលជាង ៨ ឆ្នាំនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនទាំងក្នុង និងក្រៅ ជាពិសេសផលប៉ះពាល់នៃការរាតត្បាត Covid-19 និងជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏អាស៊ានបានពង្រឹង ពង្រីក និងធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងប្លុក ក៏ដូចជាជាមួយដៃគូឲ្យកាន់តែស៊ីជម្រៅជាជំហានៗ។

សហគមន៍អាស៊ានជាមូលដ្ឋាននៅតែរក្សាបាននូវសាមគ្គីភាព និងឯកភាពគ្នា បន្តអភិវឌ្ឍយ៉ាងស្វាហាប់ និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់ខ្លួននៅក្នុងតំបន់ និងជាកត្តាមិនអាចខ្វះបានក្នុងនយោបាយក្នុងតំបន់របស់ដៃគូ ជាពិសេសប្រទេសធំៗ ទាក់ទាញការចូលរួម និងនាំមកនូវផលប្រយោជន៍សម្រាប់ ប្រជាជន។

ក្នុងបរិបទនៃការប្រែប្រួលពិភពលោក អាស៊ានតែងតែបង្ហាញពីស្មារតីសាមគ្គីភាព កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ កសាងសហគមន៍រឹងមាំលើសសរស្តម្ភទាំងបី និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ទន្ទឹមនឹងនេះ អាស៊ានក៏ផ្តោតលើការពង្រឹងតួនាទីមជ្ឈភាពរបស់ខ្លួន ពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាឆ្ពោះទៅរកតំបន់សន្តិភាព ស្ថិរភាព បើកចំហ និងវិបុលភាពសម្រាប់ប្រទេសទាំងអស់។ ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការពង្រឹងស្ថិរភាព និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ហើយត្រូវបានដៃគូទាំងឡាយគោរព និងបង្កើនទំនាក់ទំនង។

លោក Trinh Minh Manh បន្តថា “ជារួម អាស៊ាននៅតែបង្ហាញខ្លួនឯងថាជាអង្គការសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ នេះជាកត្តាដែលធ្វើឱ្យអាស៊ានមានតម្លៃ បង្កើតភាពទាក់ទាញរបស់អាស៊ានដល់ដៃគូជុំវិញពិភពលោក។ ប្រទេសដូចជាចិន អូស្ត្រាលី អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង នូវែលសេឡង់... សុទ្ធតែមានបំណងចង់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ នេះបង្ហាញថាអាស៊ានមានតម្លៃ និងត្រូវបានផ្តល់តម្លៃ និងគោរពពីប្រទេសធំៗទាំងអស់ ហើយរួមគ្នាជាមួយអាស៊ានកសាងសហគមន៍”។

វៀតណាម - ចំណុចភ្លឺរបស់អាស៊ានសម្រាប់សមាហរណកម្មតំបន់

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១៣ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី នាខែកញ្ញា ឆ្នាំ២០២៣។ (រូបថត៖ VGP)

ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនានា។ លោក Trinh Minh Manh បានអះអាងថា វៀតណាមបានចូលរួមយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងវិស័យជាច្រើនក្នុងការអភិវឌ្ឍអាស៊ាន។

លោក Manh បានមានប្រសាសន៍ថា “ប្រការនេះត្រូវបានបង្ហាញតាមរយៈការដែលបន្ទាប់ពីវៀតណាមបានចូលជាសមាជិកអាស៊ាន (ក្នុងឆ្នាំ ១៩៩៥) យើងបានចលនាប្រទេសឡាវ និងកម្ពុជាឱ្យចូលរួមក្នុងអង្គការនេះ ដោយហេតុនេះរួមចំណែកក្នុងការនាំយកអាស៊ានទៅជាប្លុកឯកភាពតែមួយ។

យោងតាមលោកអនុប្រធាននាយកដ្ឋានអាស៊ាន ចាប់ពីថ្ងៃដំបូងនៃការចូលជាសមាជិកអាស៊ាន រហូតមកដល់ពេលនេះ វៀតណាមបានដើរតួនាទីស្នូល និងតួនាទីដឹកនាំក្នុងបញ្ហាសំខាន់ៗជាច្រើនរបស់អាស៊ាន ជាពិសេសទាក់ទងនឹងបញ្ហាសន្តិភាព ស្ថិរភាព និងផលប្រយោជន៍របស់ប្លុក។

អាស្រ័យលើនេះ វៀតណាមមានគំនិតផ្តួចផ្តើមជាច្រើន និងបានរួមចំណែកក្នុងការអភិវឌ្ឍន៍អាស៊ាន ជាពិសេសក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០១០ និង២០២០។ ជាពិសេសក្នុងឆ្នាំ ២០២០ ដែលជាពេលវេលានៃការរាតត្បាត Covid-19 វៀតណាមមានគំនិតផ្តួចផ្តើមជាច្រើនដើម្បីធ្វើឱ្យអាស៊ានដំណើរការដោយរលូន ក្នុងបរិបទមិនប្រក្រតីនៃជំងឺរាតត្បាត។

តាមរយៈបណ្តាញពាណិជ្ជកម្មសេរី (FTA) វៀតណាមបានក្លាយទៅជាចំណុចភ្លឺក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មក្នុងតំបន់របស់អាស៊ាន។ វៀតណាមមិនត្រឹមតែចូលរួមនៅក្នុង FTA របស់ដៃគូអាស៊ាន និងអាស៊ានប៉ុណ្ណោះទេ ថែមទាំងសម្រេចបាន FTA ជំនាន់ថ្មីដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយសហភាពវៀតណាម-អឺរ៉ុប (EVFTA) ជាដើម។ បើតាមលោក Manh ប្រការនេះនឹងបង្កើតកម្លាំងចលករសម្រាប់ប្រទេសសមាជិកអាស៊ាន បន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក។

ក្រៅពីនេះ លោក  Manh ក៏បាននិយាយផងដែរថា គោលនយោបាយការបរទេសរបស់វៀតណាមក៏ជំរុញអាស៊ានឱ្យឆ្ពោះទៅមុខ និងកែសម្រួលគោលនយោបាយការបរទេសរបស់ប្លុកផងដែរ។ ជាពិសេស វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហភាគីភាវូបនីយកម្មនៃទំនាក់ទំនងបរទេស។

លោកអនុប្រធាននាយកដ្ឋានអាស៊ានបានសង្កត់ធ្ងន់ ថា“បើប្រៀបធៀបនឹងអាស៊ាន យើងអាចឃើញថា អាស៊ានក៏រក្សាបាននូវគោលការណ៍ឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម និងតុល្យភាពក្នុងទំនាក់ទំនងជាមួយប្រទេសធំៗដូចជា ចិន និងអូស្ត្រាលី សហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុន”។

លោក Manh ក៏បាននិយាយផងដែរថា ការរួមចំណែករបស់វៀតណាមចំពោះលទ្ធផលរួមរបស់អាស៊ាន ត្រូវបានបង្ហាញតាមរយៈការចូលរួមរបស់យើងនៅក្នុងវេទិកាអាស៊ាន ដោយបានឈានមុខ ដើរតួនាទីជាស្នូល និងដឹកនាំ ក្នុងបញ្ហាជាច្រើន ក៏ដូចជាផ្តល់នូវគំនិតផ្តួចផ្តើម ការរួមចំណែក និងសំណើដែលរួមចំណែកក្នុងការពង្រឹងគុណតម្លៃរបស់អាស៊ាន ធ្វើឱ្យតម្លៃនៃសាមគ្គីភាព និងឯកភាពអាស៊ានក្លាយជាអាទិភាពលេខ១ និងលើកកំពស់មុខមាត់ ឋានៈ និងកិត្យានុភាពរបស់អាស៊ានក្នុងឆាករអន្តរជាតិ។

បកប្រែដោយ Duy Hoan