ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីការបរទេសនូវែលសេឡង់បានប្រគល់កំណត់ទូតមួយដែលប្រកាសពីជំនួយរបស់រដ្ឋាភិបាលនូវែលសេឡង់ក្នុងថវិកាចំនួន ៣ លានដុល្លារ NZD ដល់វៀតណាម ដើម្បីជំនះផលវិបាកនៃព្យុះ និងទឹកជំនន់នាពេលកន្លងមកនេះ។

ភាគីទាំងពីរបានសម្តែងក្ដីរីករាយចំពោះការអភិវឌ្ឍយ៉ាងស៊ីជម្រៅនៃទំនាក់ទំនងវៀតណាម-នូវែលសេឡង់ ចាប់តាំងពីការដម្លើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (ខែកុម្ភៈ ឆ្នាំ២០២៥) ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដែលអនុវត្តលើសសរស្តម្ភចំនួន៥៖ នយោបាយ; ការពារជាតិ-សន្តិសុខ កិច្ចសហប្រតិបត្តិការលំហសមុទ្រ; សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ; វិទ្យាសាស្ត្រ-បច្ចេកវិទ្យា កសិកម្ម ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

leftcenterrightdel
រដ្ឋមន្ត្រីទាំងពីរ ចុះហត្ថលេខា និងផ្លាស់ប្តូរកម្មវិធីសកម្មភាពស្តីពីការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់ដំណាក់កាល ២០២៥-២០៣០ (រូបថត៖ baoquocte.vn)

រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាលើការបន្តរក្សាសន្ទុះនៃការអភិវឌ្ឍទំនាក់ទំនង លើកកម្ពស់ទំនុកចិត្តខាងនយោបាយ និងជម្រុញបន្ថែមទៀតនូវការផ្លាស់ប្តូរជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ពង្រីកយន្តការសហប្រតិបត្តិការទ្វេភាគី និងសហការអនុវត្តកម្មវិធីសកម្មភាពដែលទើបចុះហត្ថលេខានាពេលថ្មីៗនេះប្រកបដោយប្រសិទ្ធភាព។

លោក Winston Peters បានបញ្ជាក់ថា ប្រទេសនូវែលសេឡង់ចាត់ទុកអាស៊ីអាគ្នេយ៍ជាអាទិភាពមួយនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន និងគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន ហើយស្នើឲ្យវៀតណាម ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-នូវែលសេឡង់ បន្តសហការដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-នូវែលសេឡង់ដែលទើបបង្កើត។ លោករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះវៀតណាមដែលបានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅឆ្នាំ ២០២៦ ហើយសន្យាថានឹងគាំទ្រ និងជួយវៀតណាមក្នុងការបំពេញភារកិច្ច តាមរយៈនោះជម្រុញពាណិជ្ជកម្មសេរី និងការតភ្ជាប់តំបន់។

លោក Le Hoai Trung បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រដែលប្រទេសនូវែលសេឡង់ផ្ដល់ដល់វៀតណាម និងអាស៊ាន ដោយសង្ឃឹមថាប្រទេសនូវែលសេឡង់នឹងបន្តជួយគាំទ្រវៀតណាម និងអាស៊ានក្នុងបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ រួមទាំងសមុទ្រខាងកើត និងពិចារណាពង្រីកកិច្ចសហប្រតិបត្តិការជាមួយមហាអនុតំបន់មេគង្គ ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃកម្រិតទឹកសមុទ្រ៕

បកប្រែដោយ Thuy Anh