នៅក្នុងពិធី លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ជាពិសេស ផ្តល់អាទិភាពដល់ធនធាន ដោយផ្តោតលើការបំពេញគោលការណ៍ គោលនយោបាយសម្រាប់ការការពារ និងការថែទាំកុមារ បង្កើតលក្ខខណ្ឌអំណោយល្អបំផុតសម្រាប់កុមារក្នុងការអភិវឌ្ឍយ៉ាងទូលំទូលាយ មានបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ជាពិសេសសម្រាប់កុមារក្រីក្រ កុមារដែលជួបការលំបាក កុមារពិការ និងកុមារកំព្រា។

leftcenterrightdel
ប្រតិភូជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធី (រូបថត៖ vovworld.vn)

ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ "រដ្ឋាភិបាលវៀតណាមបន្តកំណត់ការការពារសិទ្ធិកុមារជាអាទិភាពយុទ្ធសាស្ត្រជាតិ ហើយប្តេជ្ញាអនុវត្តគោលនយោបាយយ៉ាងម៉ឺងម៉ាត់ និងព្រមៗគ្នា ដើម្បីធានាថាកុមារទាំងអស់មានការអភិវឌ្ឍដ៏ទូលំទូលាយ សុវត្ថិភាព និងស្មើភាពគ្នា។ រដ្ឋាភិបាលវៀតណាមសង្ឃឹមថានឹងបន្តទទួលបានការរួមដំណើរ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រប្រកបដោយប្រសិទ្ធភាពពីអង្គការ UNICEF ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ អង្គការ និងបុគ្គលក្នុងស្រុក និងអន្តរជាតិ ក្នុងការអនុវត្តការងារលើកុមារ"។

leftcenterrightdel
លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងពិធី (រូបថត៖ vovworld.vn)

លោកស្រី June Kunugi នាយិកាអង្គការ UNICEF នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វៀតណាមក្នុងការកំណត់កុមារ និងយុវជនជាចំណុចកណ្តាលនៃគោលនយោបាយក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមក ព្រមទាំងអះអាងថា UNICEF នឹងបន្តប្រកៀកស្មាជាមួយវៀតណាម ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ក្នុងដំណាក់កាលខាងមុខ៖ «យើងនឹងបន្តគាំទ្ររដ្ឋាភិបាល និងដៃគូដើម្បីបង្រួមគម្លាតដែលនៅសល់ ទាញយកប្រយោជន៍ពីឱកាសឌីជីថលដោយសុវត្ថិភាព រៀបចំយុវជនឱ្យចូលទៅក្នុងសេដ្ឋកិច្ចនាពេលអនាគត ដោយមានភាពធន់នឹងអាកាសធាតុ និងការធ្វើសមាហរណកម្មសង្គមជាចំណុចកណ្តាលនៃគោលនយោបាយទាំងអស់។ យើងអាចប្រែសេចក្តីប្រាថ្នាក្លាយទៅជាសកម្មភាព និងធ្វើឱ្យប្រទេសវៀតណាមក្លាយជាគំរូសម្រាប់កុមារ និងសិទ្ធិកុមារនៅក្នុងតំបន់ និងលើពិភពលោក»៕

បកប្រែដោយ Huyen Trang