រៀបចំយ៉ាងឱឡារិកនូវពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅរោងមហោស្រព Ho Guom (ហាណូយ) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងទីក្រុងហាណូយ បានរៀបចំយ៉ាងឱឡារិកនូវពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥) និងខួបលើកទី ១០៥ ទិវាកំណើតរបស់លោកប្រធាន Kaysone Phomvihane (ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩២០ - ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥)។
អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអបអរសាទរប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្សប្រជាជន បដិវត្តន៍ឡាវ បានសម្រេចសមិទ្ធផលលេចធ្លោជាច្រើនក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ព្រមទាំងបញ្ជាក់ថា ទំនាក់ទំនងវៀតណាម-ឡាវ ដែលបានកសាងឡើង និងថែរក្សា ដោយថ្នាក់ដឹកនាំនិងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ បានក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងជាទំនាក់ទំនងពិសេសដែលមានតែមួយគ្មានពីរ ក្នុងប្រវត្តិសាស្ត្រពិភពលោក។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋវៀតណាមថ្លែងសុន្ទរកថានៅក្នុងពិធី (រូបថត៖ VOV) |
ក្នុងពិធី លោក Luong Cuong ប្រធានរដ្ឋ សង្កត់ធ្ងន់ថា “បក្ស រដ្ឋ និងប្រជាជនវៀតណាមមានមោទនភាពដែលមានមិត្តមួយរូបដ៏ស្មោះត្រង់ និងមានមាគ៌ាដូចគ្នា។ យើងយល់ច្បាស់ជានិច្ចថា ជ័យជម្នះនីមួយៗនៃបដិវត្តន៍វៀតណាមក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងបង្រួបបង្រួមប្រទេសជាតិក្នុងអតីតកាល ក៏ដូចជា ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍បច្ចុប្បន្ន គឺសុទ្ធតែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងចំណងសាមគ្គីភាពពិសេសរបស់ប្រជាជនឡាវបងប្អូន ជាមួយនឹងស្មារតី «ចែករំលែក ទុក្ខវាសនា ចែករំលែកគ្រាប់ស្រូវ ដើមបន្លែ ប្រកៀកស្មាគ្នាជានិច្ចមិនថាក្នុងគ្រារីករាយ ឬគ្រាទុក្ខព្រួយ»។ វៀតណាមគាំទ្រយ៉ាងខ្លាំងក្លា និងពេញទំហឹងចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងអភិវឌ្ឍន៍របស់ប្រទេសឡាវបងប្អូន ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ”។
នៅក្នុងសុន្ទរកថាឆ្លើយតប លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា៖ “សមិទ្ធផលដែលប្រជាជនបណ្ដាជនជាតិរបស់ឡាវ សម្រេចបានក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិនាពេលកន្លងមក មិនអាចកាត់ផ្តាច់ចេញពីការគាំទ្រដ៏ធំធេង និងជំនួយដ៏មានតម្លៃរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមបានទេ។ សព្វថ្ងៃនេះ វៀតណាមបានក្លាយជាគំរូនៃការអភិវឌ្ឍយ៉ាងស្វាហាប់ មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើពិភពលោកទៀតផង។ យើងសូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះសមិទ្ធផលទាំងនេះ ដោយចាត់ទុកនេះក៏ជាសមិទ្ធផលរបស់យើង អញ្ចឹង។ នេះគឺជាប្រភពនៃការលើកទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការបន្តអនុវត្តភារកិច្ចយុទ្ធសាស្ត្រទាំង ២ នោះគឺការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកវិបុលភាព”៕
តាម vovworld.vn