អ្នកយកព័ត៌មាន៖ តើលោកអាចប្រាប់អំពីតួនាទីនៃផ្នែកការទូតរបស់វៀតណាមក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិក្នុងរយៈពេល ៨ ទសវត្សរ៍កន្លងមកបានទេ?

លោក Nguyen Minh Vu៖ ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាបេសកកម្មដ៏ពិសិដ្ឋមួយ និងជាភារកិច្ចរបស់បក្ស ប្រជាជន និងកងទ័ពទាំងមូល។ ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ១៩៤៥ ក្នុងរយៈពេល ៨ ទសវត្សរ៍កន្លងមក ផ្នែកការទូតវៀតណាមតែងតែរក្សាតួនាទីរបស់ខ្លួនជាសសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភសំខាន់ទាំងបីនៃបុព្វហេតុកសាង និងការពារមាតុភូមិ និងត្រួសត្រាយក្នុងការអនុវត្តទិសស្លោក "រក្សាគោលការណ៍មិនផ្លាស់ប្តូរ ខណៈពេលដែលសម្របខ្លួនទៅនឹងកាលៈទេសៈដែលតែងតែផ្លាស់ប្តូរ" ក្នុងការបញ្ជាក់ និងរក្សាអធិបតេយ្យភាព បូរណភាពទឹកដីពិសិដ្ឋរបស់មាតុភុមិនោះគឺការសន្ទនា ការចរចា ឧបករណ៍ច្បាប់អន្តរជាតិ និងការផ្សព្វផ្សាយអំពីកិច្ចការបរទេស ដើម្បីបញ្ជាក់ពីភាពសុចរិតរបស់ប្រទេសជាតិ លើកកម្ពស់ទំនាក់ទំនងមិត្តភាព ចាប់យកឱកាស ដោះស្រាយបញ្ហាប្រឈមនានាក្នុងដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗ ដោយហេតុនេះការពារយ៉ាងម៉ឺងម៉ាត់នូវ “ការមិនផ្លាស់ប្តូរ” គឺផលប្រយោជន៍ប្រទេសជាតិ ។​​ ចាប់តាំងពីការតស៊ូទាមទារឯករាជ្យក្នុងប្រវត្តិសាស្ត្រ រហូតដល់បុព្វហេតុកសាង និងការពារមាតុភូមិសព្វថ្ងៃ មានការរួមចំណែកយ៉ាងខ្ជាប់ខ្ជួន ស្ងប់ស្ងាត់ និងមានមោទនភាពយ៉ាងខ្លាំងពីកម្មភិបាលការទូតវៀតណាមគ្រប់ជំនាន់។ គួរកត់សម្គាល់ថា នោះមិនមែនសំដៅលើការការពារអធិបតេយ្យភាពបែបធម្មតាទេ ដែលជាការការពារអធិបតេយ្យភាព រួមជាមួយនឹងការរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រទេសជាតិ។

នៅលើដីគោ ដោយឆន្ទៈ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការចរចា ដោយឈរលើមូលដ្ឋាននៃភាពខ្ជាប់ខ្ជួននៃគោលការណ៍ និងភាពបត់បែនក្នុងវិធីសាស្រ្ត ដោយស្មារតីនៃការគោរព មានសុច្ឆន្ទៈ និងអនុលោមតាមច្បាប់អន្តរជាតិ វៀតណាមបានកំណត់ព្រំដែនទាំងមូលជាមួយប្រទេសចិន ឡាវ និងកម្ពុជា និងបានបញ្ចប់ការងារខ័ណ្ឌសីមាបោះបង្គោល​ព្រំដែនជាមួយប្រទេសចិន និងឡាវ ព្រមទាំងសម្រេចបាន៨០%នៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន ជាមួយកម្ពុជា (ប្រទេសទាំងពីរក៏កំពុងធ្វើការសម្របសម្រួលយ៉ាងសកម្មក្នុងការចរចាដើម្បីជំរុញការដោះស្រាយការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែននៅសល់ ១៦% ដែលក្នុងនោះផ្តល់អាទិភាពលើការដោះស្រាយក្រុម ៦% ទាក់ទងនឹងការដោះដូរដីតាមគំរូ MOU ឆ្នាំ២០១១)។ វៀតណាមបានចុះហត្ថលេខាលើឯកសារច្បាប់ស្តីពីការកំណត់ខ្សែបន្ទាត់ព្រំដែន និងបទប្បញ្ញត្តិគ្រប់គ្រងព្រំដែនជាមួយប្រទេសដទៃទៀត ដោយហេតុនេះកសាង និងពង្រឹងខ្សែបន្ទាត់ព្រំដែនរួមប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ រួមចំណែកកសាងរូបភាពវៀតណាមដែលស្រឡាញ់សន្តិភាព ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងមានកិត្យានុភាពលើឆាកអន្តរជាតិ។

leftcenterrightdel
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេសវៀតណាម (រូបថត៖ TRA NGUYEN)

នៅសមុទ្រ ផ្នែកការទូតវៀតណាមបានដឹកនាំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តការងារកំណត់ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅសមុទ្រ ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុសញ្ញាអន្តរជាតិ ដូចជា​​ កិច្ចព្រមព្រៀងឆ្នាំ១៩៨២ ស្តីពីតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា កិច្ចព្រមព្រៀងឆ្នាំ ១៩៩៧ ស្តីពីការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្ររវាងវៀតណាម និងថៃ កិច្ចព្រមព្រៀងឆ្នាំ២០០០ ស្តីពីការកំណត់ដែនសមុទ្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រក្នុងតំបន់ឈូងសមុទ្រ Bac Bo រវាងវៀតណាម និងចិន។ កិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្ររវាងវៀតណាម និងឥណ្ឌូនេស៊ី។ ការដែលវៀតណាមដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ ក្នុងតំបន់កណ្តាលសមុទ្រខាងកើតនៅឆ្នាំ២០២៤ ឬថ្មីៗនេះការប្រកាសជាសាធារណៈរបស់រដ្ឋាភិបាលវៀតណាមអំពីខ្សែបន្ទាត់មូលដ្ឋានដែលប្រើដើម្បីគណនាទទឹងដែនសមុទ្ររបស់វៀតណាមនៅឈូងសមុទ្រ Bac Bo ក្នុងឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងដំណើរការដែលវៀតណាមកំណត់តំបន់សមុទ្រស្របច្បាប់ និងដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នា ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

លើសពីនេះ យើងក៏ជំរុញយន្តការសហប្រតិបត្តិការលើសមុទ្រទ្វេភាគីជាមួយប្រទេសជិតខាង ដូចជាកិច្ចព្រមព្រៀងស្តីពីការកំណត់តំបន់រុករកប្រេងឧស្ម័នរួមគ្នាជាមួយម៉ាឡេស៊ីក្នុងឆ្នាំ ១៩៩២ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនេសាទនៅឈូងសមុទ្រ Bac Bo ជាមួយប្រទេសចិនក្នុងឆ្នាំ ២០០០... ព្រមទាំងកម្មវិធីសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើសមុទ្រ។ យន្តការទាំងនេះមិនត្រឹមតែមានសារៈសំខាន់ខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធីនៅសមុទ្រខាងកើត។

អាចនិយាយបានថា សមិទ្ធិផលទាំងនេះ បង្ហាញឱ្យឃើញពីចក្ខុវិស័យយុទ្ធសាស្ត្រ និងភាពប៉ិនប្រសព្វរបស់បក្ស និងរដ្ឋរបស់វៀតណាម ដែលផ្នែកការទូតមានកិត្តិយសជាអ្នកត្រួសត្រាយក្នុងការអនុវត្ត។

អ្នកយកព័ត៌មាន៖ ក្នុងការងារព្រំដែន អ្នកជំនាញជាច្រើនវាយតម្លៃថា វៀតណាមជាគំរូមួយអំពីការដោះស្រាយជម្លោះដោយសន្តិវិធី។ តើលោកអាចចែករំលែកបទពិសោធន៍របស់វៀតណាមបានទេ?

លោក Nguyen Minh Vu៖ វៀតណាមប្ដេជ្ញាចិត្តទទួលមរតកនូវមេរៀនរបស់បុព្វបុរសក្នុងការតស៊ូការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី ខណៈអនុវត្តគោលនយោបាយសន្តិភាពជាមួយប្រទេសជិតខាង។ វៀតណាមក៏បានដោះស្រាយយ៉ាងខ្ជាប់ខ្ជួននូវរាល់បញ្ហាព្រំដែនដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ បទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់អន្តរជាតិស្តីពីជម្លោះដែនសមុទ្រ។ វិធីសាស្រ្តបែប​នេះបានជួយវៀតណាមដោះស្រាយរាល់ការលំបាក និងបញ្ហាប្រឈមជាច្រើនដោយជោគជ័យក្នុងការងារ​ព្រំដែន។ ការចុះហត្ថលេខា និងអនុវត្តប្រកបដោយជោគជ័យនូវសន្ធិសញ្ញាព្រំដែនគោកជាមួយឡាវក្នុងឆ្នាំ១៩៧៧ ជាមួយចិនក្នុងឆ្នាំ១៩៩៩ ការបញ្ចប់ការខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកវៀតណាម-ចិនក្នុងឆ្នាំ២០០៨ និងវៀតណាម-ឡាវក្នុងឆ្នាំ២០០៧ ព្រមទាំងកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រជាច្រើនរវាងវៀតណាម និងប្រទេសជិតខាងគឺជាភស្តុតាងជាក់ស្តែងអំពីប្រសិទ្ធភាពនៃវិធីសាស្រ្តដោះសា្រយនេះ។

ជាងអ្នកណាទាំងអស់ វៀតណាមយល់ដឹងអំពីការបាត់បង់ដែលបណ្តាលមកពីសង្រ្គាម ដូច្នេះដំណោះស្រាយដោយសន្តិវិធីនៃការខ្វែងគំនិត និងភាពខុសគ្នាគឺតែងតែជាអាទិភាពកំពូលរបស់វៀតណាម។ ឈរលើមូលដ្ឋាននេះ វៀតណាមបានរក្សាទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ជាការពិតណាស់ ប្រទេសទាំងអស់ទទួលបានផលប្រយោជន៍នៅពេលរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រទេស​ជាតិ។ វៀតណាមកំណត់ថាការកសាងទំនុកចិត្តគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីសម្រេចបាននូវគោលដៅនោះ។ ដូច្នេះហើយ វៀតណាមតែងតែខិតខំក្នុងការបង្កើត និងរក្សាយន្តការសន្ទនាទ្វេភាគី និងពហុភាគី អនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើននៅតំបន់ព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន រួមជាមួយនឹងការធានាការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន សមុទ្រ និងកោះ។

បទពិសោធន៍ដ៏សំខាន់មួយគឺតម្រូវការសម្រាប់ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកិច្ចការក្នុងស្រុក និងកិច្ចការបរទេស រវាងគ្រប់កម្រិត គ្រប់ស្ថាប័ន និងមូលដ្ឋាន បង្កើតឱ្យមានការ​​ឯកភាពខ្ពស់ក្នុងការអនុវត្តភារកិច្ចជាក់លាក់នីមួយៗនៃការងារព្រំដែន។ ទន្ទឹមនឹងនោះ ត្រូវរួមផ្សំការទូតរដ្ឋ ការទូតបក្ស ជាមួយការទូតប្រជាជន ពោលគឺលើកកំពស់តួនាទីអ្នករស់នៅតាមព្រំដែន សហគមន៍អ្នកប្រាជ្ញ និងប្រព័ន្ធផ្សព្វផ្សាយ ដោយបង្កើត “ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន”​ មួយដ៏រឹងមាំ ការពារព្រំដែនដោយ “ច្បាប់”ផង និង “មនោសញ្ចេតនា”ផង។

ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការសម្រេចបាននូវលទ្ធផលនៃការកំណត់ព្រំដែនដូចសព្វថ្ងៃនេះ គឺជាភស្តុតាងច្បាស់លាស់នៃភាពវៃឆ្លាត ភាពម៉ឺងម៉ាត់ និងភាពរឹងមាំនៃផ្នែកការទូតវៀតណាម។ ក្នុងបរិបទអន្តរជាតិមានការផ្លាស់ប្តូរជាច្រើន មេរៀនរបស់វៀតណាមស្តីពីការគោរពច្បាប់អន្តរជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី យកសន្តិភាព ស្ថិរភាព ការអភិវឌ្ឍជាគោលដៅ និងកិច្ចសហប្រតិបត្តិការជាឧបករណ៍នោះនៅតែមានតម្លៃដដែល។ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ទាំងនោះជាមួយមិត្តអន្តរជាតិ ដើម្បីពិភពលោកមួយ​មាន​ស្ថិរភាព យុត្តិធម៌ និងសន្តិភាព។

អ្នកយកព័ត៌មាន៖ អរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Duy Hoan