ជម្រុញទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងឲ្យអភិវឌ្ឍយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព
កប.អនឡាញ - ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែសីហា លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន។
អ្នកយកព័ត៌មាន៖ តើលោកអាចប្រាប់ពីគោលបំណង និងអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្សនៅប្រទេសកូរ៉េខាងត្បូងបានទេ?
លោក Nguyen Minh Vu៖ តបតាមការអញ្ជើញរបស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែសីហា។ ដំណើរទស្សកិច្ចលើកនេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅកូរ៉េខាងត្បូងរបស់លោក To Lam អគ្គលេខាបក្សក្នុងឋាៈថ្មីរបស់ខ្លួន។
កូរ៉េខាងត្បូង និងវៀតណាមជាដៃគូឈានមុខរបស់គ្នាទៅវិញទៅមកលើវិស័យជាច្រើនដូចជា នយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ពលកម្ម និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ដំណើរទស្សនកិច្ចនេះនឹងជាឱកាសមួយសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរយុទ្ធសាស្ត្រ កំណត់ទិសដៅ និងវិធានការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយប្រសិទ្ធភាព ព្រមទាំង ដាក់ទិសដៅអភិវឌ្ឍន៍ថ្មីក្នុងវិស័យសំខាន់ៗ និងមានសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈនោះ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
    |
 |
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយសម្រាប់វៀតណាម ផ្ញើទៅកាន់មិត្តកូរ៉េខាងត្បូង និងសហគមន៍អន្តរជាតិនូវសារអំពីការប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសរឹងមាំ និងវិបុលភាព ទាក់ទាញធនធានអន្តរជាតិជាអតិបរមា ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ។ ក្នុងបរិបទដែលវៀតណាមកំពុងកសាង និងអនុវត្តទិសដៅអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសជាតិ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្សបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងបរទេស ហើយក៏ជាសកម្មភាពបរទេសសំខាន់ដើម្បីជំរុញការអនុវត្តសេចក្តីសម្រេចចិត្តលេខ៥៩ ស្តីពីសមាហរណកម្មអន្តរជាតិ ក្នុងស្ថានភាពថ្មីរបស់ករិយាល័យនយោបាយ។
ដោយមានអត្ថន័យ និងសារៈសំខាន់ពោលខាងលើ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងរបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងទទួលបានជោគជ័យ តាមរយៈនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនុកចិត្តផ្នែកនយោបាយ និងជម្រុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែងរវាងប្រទេសទាំងពីរ។ ព្រមទាំង ដំណើរទស្សនកិច្ចនេះនឹងបើកឱកាសសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល។
អ្នកយកព័ត៌មាន៖ សូមលោកវាយតម្លៃលើលទ្ធផលលេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមកនេះ ហើយលទ្ធភាព និងទិសដៅអ្វីខ្លះដែលរំពឹងថានឹងត្រូវបានកំណត់ក្នុងទំនាក់ទំនងនាពេលខាងមុខ បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ?
លោក Nguyen Minh Vu៖ អាចនិយាយបានថា បន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងបានក្លាយទៅជាគំរូនៃទំនាក់ទំនងពិសេស និងមានប្រសិទ្ធភាព។
ក្នុងវិស័យនយោបាយ និងការបរទេស វៀតណាម និងកូរ៉េខាងត្បូងតែងតែរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបនៅគ្រប់លំដាប់ថ្នាក់ ជំរុញការរៀបចំប្តូរវេននូវយន្តការសហប្រតិបត្តិការ ជាពិសេសលើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ។ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្តជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី។ បច្ចុប្បន្នកូរ៉េខាងត្បូងគឺជាអ្នកវិនិយោគធំជាងគេនៅវៀតណាម និងជាដៃគូពាណិជ្ជកម្មធំទីបីរបស់វៀតណាម។ វៀតណាមគឺជាដៃគូអាទិភាពកំពូលដែលកូរ៉េខាងត្បូងផ្តល់ជំនួយអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ ពលកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀតទទួលបានសមិទ្ធិផលសំខាន់ៗ។ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកិច្ចសហប្រតិបត្តិការមួយក្នុងចំណោមកិច្ចសហប្រតិបត្តិការត្រូវបានរំពឹងថានឹងជាសសរស្តម្ភថ្មីក្នុងទំនាក់ទំនងទ្វេភាគី ប្រទេសទាំងពីរក៏សម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ជាច្រើន រួមទាំងគម្រោងឧបត្ថម្ភការអភិវឌ្ឍន៍មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ គម្រោងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង (VKIST) នៅ Hoa Lac... កិច្ចហប្រតិបត្តិការលើវិស័យពលកម្ម ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន បន្តអភិវឌ្ឍ ឆ្លើយតបនឹងតម្រូវការរបស់ភាគីទាំងពីរ។
ទន្ទឹមនឹងនោះ ការផ្លាស់ប្តូរ និងកិច្ចសហការយុទ្ធសាស្ត្រនៃប្រទេសទាំងពីរនៅវេទិកាតំបន់ និងអន្តរជាតិក្នុងការដោះស្រាយបញ្ហាដែលទទួលបានយកចិត្តទុកដាក់ពីតំបន់ និងអន្តរជាតិ ត្រូវបានពង្រឹង រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមក្នុងតំបន់ និងពិភពលោក។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយជាកម្លាំងចលករសម្រាប់វៀតណាម និងកូរ៉េខាងត្បូងពង្រីក និងជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ រួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសនីមួយៗ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Thuy Anh