ដោយអបអរសាទរចំពោះលោក Cho Hyun ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជឿជាក់ថា លោក Cho Hyun នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពអន្តរជាតិរបស់កូរ៉េខាងត្បូង ក៏ដូចជាការពង្រឹង និងជំរុញទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Cho Hyun រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង (រូបថត៖ ក្រសួងការបរទេសវៀតណាម)

លោក Cho Hyun រដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយដែលបានជួបសន្ទនាជាមួយលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសជាលើកដំបូង។ លោក Cho Hyun បានអះអាងថា នឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ឲ្យអភិវឌ្ឍជាវិជ្ជមានលើគ្រប់វិស័យ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការ បង្កើនទំនុកចិត្តនយោបាយ រវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជំរុញសហគ្រាសកូរ៉េខាងត្បូងមកបណ្តាក់ទុននៅវៀតណាម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ រួមទាំងយន្តការអាស៊ាន-កូរ៉េខាងត្បូង និងមេគង្គ-កូរ៉េខាងត្បូង។

ភាគីទាំងពីរក៏បានអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៥ នៅកូរ៉េខាងត្បូង និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូង នៅចុងឆ្នាំ ២០២៥៕

បកប្រែដោយ Huyen Trang