កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន
កប.អនឡាញ - នាព្រឹកថ្ងៃទី ១២ ខែសីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើជាអធិបតីក្នុងកិច្ចពិភាក្សាជាមួយសហគ្រាសជប៉ុន។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃស្ថានភាពនៃកិច្ចសហប្រតិបត្តិការ វិនិយោគ និងពាណិជ្ជកម្មវៀតណាម-ជប៉ុន ដោះស្រាយឧបសគ្គដែលជួបប្រទះនៅក្នុងគម្រោងនៅវៀតណាម និងដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគវៀតណាម-ជប៉ុននាពេលខាងមុខ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជាមួយតំណាងសហគ្រាសជប៉ុន (រូបថត៖ vnanet.vn) |
ក្នុងការពិភាក្សានេះដែរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះយោបល់ដ៏ស្មោះត្រង់ពីភាគជប៉ុន ដោយមានបំណងចង់សហប្រតិបត្តិការ និងវិនិយោគប្រកបដោយស្ថិរភាព និងយូរអង្វែងនៅវៀតណាម។ ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានសហការជាមួយវៀតណាមក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកដើម្បីពូនជ្រំទំនាក់ទំនងទ្វេភាគីប្រកបដោយភាពស្មោះត្រង់ ទំនុកចិត្ត និងប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់សហគ្រាស មូលដ្ឋាន និងប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម សហការជាមួយភាគីជប៉ុនក្នុងការដោះស្រាយបញ្ហាទាំងឡាយដែលលើកឡើងដោយភាគីជប៉ុនដើម្បីជម្រុញគម្រោងនានា។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចាត់ទុកថា វៀតណាមកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល...
លោកនាយករដ្ឋមន្ត្រីអំពាវនាវភាគីជប៉ុន រួមទាំងសហគ្រាសជប៉ុន រួមដំណើរ និងជួយឧបត្ថម្ភវៀតណាមផ្នែកហិរញ្ញវត្ថុ ផ្តល់ឱ្យវៀតណាមនូវទុន ODA ជំនាន់ថ្មី វិនិយោគលើមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម បង្កើនការវិនិយោគនៅវៀតណាម ដើម្បីបង្កើតការងារ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត ថាមពលថ្មី ថាមពលកកើតឡើងវិញ ជីវបច្ចេកវិទ្យា។ល។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជឿជាក់ថា សហគ្រាសជប៉ុននឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ នាំមកនូវផលប្រយោជន៍ដល់សហគ្រាស និងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ បន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក៕
បកប្រែដោយ Thuy Anh