លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Hugh Jeffrey អគ្គលេខាធិការរងនៃក្រសួងការពារជាតិអូស្ត្រាលី ទទួលបន្ទុកយុទ្ធសាស្ត្រ គោលនយោបាយ និងឧស្សាហកម្មការពារជាតិ បានធ្វើជាសហប្រធាននៃកិច្ចសន្ទនានេះ។

នៅក្នុងកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ចាប់តាំងពីកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អូស្ត្រាលីលើកទី៧ (ខែមីនា ឆ្នាំ២០២៤) មកដល់បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-អូស្ត្រាលីត្រូវបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព សមស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

នាពេលខាងមុខ ដោយផ្អែកលើឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរបន្តការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់លំដាប់ថ្នាក់ កិច្ចសហប្រតិបត្តិការរវាងអង្គភាពនៃកងទ័ពទាំងពីរ ការយកឈ្នះលើផលវិបាកនៃសង្គ្រាម ឧស្សាហកម្មការពារជាតិ ការគ្រប់គ្រងព្រំដែន។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការក្នុងរយៈពេល ៣ ឆ្នាំ (២០២៥-២០២៧) ស្តីពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូរក្សាសន្តិភាពដែលបានចុះហត្ថលេខានៅចុងខែកក្កដា និងកិច្ចសហការក្នុងសកម្មភាពពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។

លោក Hugh Jeffrey បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់អូស្ត្រាលី ហើយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Hugh Jeffrey សង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងពង្រីកវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការឲ្យស្របតាមតម្រូវការ សក្តានុពល និងផលប្រយោជន៍របស់ប្រទេសទាំងពីរ។

ក្នុងកិច្ចសន្ទនានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងការបរទេស។ វៀតណាមសន្យាអនុវត្ដគោលនយោបាយការពារជាតិ "៤ មិន" ខិតខំដោះស្រាយរាល់វិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

លោក Hugh Jeffrey បានសង្កត់ធ្ងន់ថា វៀតណាម និងអូស្ត្រាលីមានទស្សនៈរួមលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើន។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត អូស្ត្រាលីគាំទ្រទស្សនៈគោរពអធិបតេយ្យភាពនៃប្រទេសទាំងឡាយ និងដោះស្រាយជម្លោះនៅលើសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូក្នុងពិធីប្រគល់សម្ភារៈ និងបរិក្ខារ

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការក្នុងរយៈពេល ៣ ឆ្នាំ (២០២៥-២០២៧)។

* នាថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Hugh Jeffrey បានចូលរួមពិធីប្រគល់សម្ភារៈ និងបរិក្ខារដែលរដ្ឋាភិបាលអូស្ត្រាលី ផ្តល់ដល់កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាម៕

បកប្រែដោយ Thuy Anh