លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប
កប.អនឡាញ - នាល្ងាចថ្ងៃទី ៣០ ខែមេសា លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ដើម្បីអបអរសាទរវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥)។
លោក Antonio Costa បានសម្តែងនូវក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក To Lam អគ្គលេខាបក្ស នាថ្ងៃទី ៣០ មេសា ដើម្បីអបអរសាទរទិវាដ៏រីករាយរបស់ប្រជាជាតិវៀតណាម។ លោក Antonio Costa បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកអគ្គលេខាបក្ស ព្រមទាំងវាយតម្លៃថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទាំងមូលទៀតផង។
    |
 |
លោក To Lam អគ្គលេខាបក្ស ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្ស បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុបផ្ទាល់ ដែលផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសដែលវៀតណាមប្រារព្ធពិធីរំលឹកខួបទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ។ លោកអគ្គលេខាបក្សបានអះអាងថា ក្នុងបរិបទពាណិជ្ជកម្មពិភពលោកដ៏លំបាក វៀតណាមកំណត់គោលនយោបាយពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម កិច្ចសហប្រតិបត្តិការប្រកបដោយសមភាព និងផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូទាំងអស់ រួមទាំងសហភាពអឺរ៉ុប និងប្រទេសជាសមាជិក ដើម្បីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព និងសុខដុមរមនាផលប្រយោជន៍របស់ភាគីទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍រួម។ លោកអគ្គលេខាបក្សបានស្នើឲ្យភាគីទាំងពីរ ពិភាក្សា និងសម្របសម្រួលយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយរួម ដើម្បីលុបបំបាត់ការលំបាក និងឧបសគ្គនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ។
លោក Antonio Costa បានអះអាងថា ភាគីទាំងពីរជាដៃគូសំខាន់ គួរឱ្យទុកចិត្ត និងស្ថិរភាពរបស់គ្នាទៅវិញទៅមក។ លោក Antonio Costa បានបញ្ជាក់ថា វៀតណាមជាដៃគូសំខាន់របស់សហភាពអឺរ៉ុប នៅអាស៊ីអាគ្នេយ៍ ហើយទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប សក្តិសមនឹងទទួលបានការលើកកំពស់ដល់កម្រិតថ្មីមួយ។ លោក Antonio Costa បានមានប្រសាសន៍ថា សហភាពអឺរ៉ុបមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាម ហើយសង្ឃឹមថាទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបនឹងក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបជាមួយប្រទេសដទៃទៀត។ ក្នុងបរិបទភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោកប្រែប្រួលដ៏ស្មុគស្មាញ សហភាពអឺរ៉ុបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីជំរុញពាណិជ្ជកម្មសេរី និងឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល រួមទាំងការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល និងនវានុវត្តន៍។ល៕
បកប្រែដោយ Huyen Trang