នៅក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានអះអាងថា ក្នុងបរិបទនៃស្ថានភាពពិភពលោកប្រែប្រួលយ៉ាងឆាប់រហ័សក្នុងរយៈពេលកន្លងមក វៀតណាមបានចាត់ទុកជប៉ុនជាដៃគូសំខាន់ឈានមុខគេ ជាមិត្តដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្ត រួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍។ លោកអគ្គលេខាបក្សសម្តែងនូវបំណងរបស់វៀតណាមរួមជាមួយជប៉ុន អនុវត្តប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាពនូវខ្លឹមសារនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកអគ្គលេខាបក្សបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកជាវិជ្ជមានរបស់លោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម ក្រោយពីកាន់តំណែងជិតមួយឆ្នាំ ដល់ការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ជប៉ុន និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្សបានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងលើកទឹកចិត្តសហគ្រាសជប៉ុនចូលរួមយ៉ាងសកម្មក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងសំខាន់ៗ និងគម្រោងថាមពលថ្មីនៅវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ កិច្ចសហប្រតិបត្តិការក្នុងមូលដ្ឋាន វប្បធម៌ ទេសចរណ៍ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា បរិវត្តកម្មបៃតង បរិវត្តកម្មថាមពល នវានុវត្តន៍ AI និង semiconductor។ លោកអគ្គលេខាបក្ស បានស្នើឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួល ចែករំលែកគោលជំហរ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់។
លោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់លើទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនដែលអភិវឌ្ឍកាន់តែស៊ីជម្រៅមិនត្រឹមតែលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគប៉ុណ្ណោះទេ ថែមទាំងលើវិស័យការពារជាតិ សន្តិសុខ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនទៀតផង។ លោកឯកអគ្គរដ្ឋទូត បានអះអាងថា ជប៉ុនជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពដល់វៀតណាមក្នុងការអនុវត្តគោលនយោបាយការបរទេសក្នុងតំបន់ និងមានបំណងរួមដំណើរ និងគាំទ្រវៀតណាមក្នុងការសម្រេចគោលដៅឧស្សាហូបនីយកម្ម ទំនើបកម្ម និងក្លាយជាប្រទេសអភិវឌ្ឍន៍។
លោកឯកអគ្គរដ្ឋទូតបានអះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ ក្នុងបំណងជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែងថែមទៀត រួមចំណែកជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ជប៉ុន ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យថែមទៀត៕
បកប្រែដោយ Huyen Trang
Type the code from the image