សកម្មភាពរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមនៅអ៊ូសបេគីស្ថាន
កប.អនឡាញ - នាព្រឹកថ្ងៃទី ៧ មេសា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Tashkent ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ូសបេគីស្ថាន លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Ulugbek Inoyatov ប្រធានគណបក្សប្រជាធិបតេយ្យប្រជាជនអ៊ូសបេគីស្ថាន។
នៅក្នុងជំនួបនេះ លោក Ulugbek Inoyatov ប្រធានគណបក្សប្រជាធិបតេយ្យប្រជាជនអ៊ូសបេគីស្ថាន បានសម្តែងនូវបំណងចង់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ តាមរយៈបណ្តាញបក្ស រដ្ឋ និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ជាពិសេសទំនាក់ទំនងរវាងគណបក្សប្រជាធិបតេយ្យប្រជាជនអ៊ូសបេគីស្ថាន និងបក្សកុម្មុយនិស្តវៀតណាម រួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អរវាងវៀតណាម និងអ៊ូសបេគីស្ថាន។
រីឯខ្លួនវិញ លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឱ្យសមាជិកសភានៃគណបក្សប្រជាធិបតេយ្យប្រជាជនអ៊ូសបេគីស្ថាននៅរដ្ឋសភា និងព្រឹទ្ធសភារបស់អ៊ូសបេគីស្ថាន យកចិត្តទុកដាក់ និងគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ដោយវាយតំលៃខ្ពស់ចំពោះការដែលរដ្ឋសភាអ៊ូសបេគីស្ថានបានបង្កើតក្រុមសមាជិកសភាមិត្តភាពអ៊ូសបេគីស្ថាន-វៀតណាម លោកប្រធានរដ្ឋសភាវៀតណាមមានសេចក្តីសោមនស្សរីករាយដោយជម្រាបជូនថា រដ្ឋសភាវៀតណាមក៏បានបង្កើតក្រុមសមាជិកសភាមិត្តភាពវៀតណាម-អ៊ូសបេគីស្ថាន ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនិយាយដោយឡែក និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរនិយាយរួម។
លោកប្រធានរដ្ឋសភាវៀតណាម សំដែងនូវបំណងចង់ពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ក្នុងស្មារតីជឿទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក។ លោកប្រធានរដ្ឋសភាវៀតណាម ស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរព័ត៌មាន និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ហើយគាំទ្រការបង្កើនការផ្លាស់ប្តូររវាងអង្គការសង្គម-នយោបាយ ជាពិសេសការងារយុវជន។
* នាព្រឹកថ្ងៃទី ៧ មេសា ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី ១៥០ នៃសហភាពអន្តរសភា (IPU-150) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Luo Sang Jiang Cun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Luo Sang Jiang Cun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន |
ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Tran Thanh Man ប្រធានរដ្ឋសភា ស្នើឲ្យស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមរៀបចំឲ្យបានល្អសម្រាប់ដំណើរទស្សនកិច្ច ជំនួបកំពូលរវាងប្រទេសទាំងពីរនាពេលខាងមុខ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន (ដែលចុះហត្ថលេខាក្នុងខែមេសា ឆ្នាំ២០២៤)។ ទន្ទឹមនឹងនោះ ជំរុញបន្ថែមនូវតួនាទី និងប្រៀបខ្លាំងរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក បង្កើនជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការអប់រំដល់ប្រជាជនអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ និងជំរុញការតភ្ជាប់កាន់តែស៊ីជម្រៅរវាងខឿនសេដ្ឋកិច្ចទាំងពីរ...
លោក Luo Sang Jiang Cun បានអះអាងថា សភាតំណាងប្រជាជនទូទាំងប្រទេសចិន ត្រៀមខ្លួនសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម ដើម្បីរួមចំណែកកសាងទំនាក់ទំនងមិត្តភាពវៀតណាម - ចិន ឆ្ពោះទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកាទស្សនៈរួមជាន់ខ្ពស់ និងកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋាននៃការដោះស្រាយបញ្ហាដែនសមុទ្រវៀតណាម-ចិន។ លោក Luo Sang Jiang Cun ក៏បានអះអាងដែរថា ចិនត្រៀមខ្លួនជាស្រេចក្នុងការនាំចូលមុខទំនិញគុណភាពខ្ពស់ពីវៀតណាម ហើយសង្ឃឹមថា វៀតណាមនឹងចាត់បញ្ជូនគណៈប្រតិភូទៅចូលរួមពិព័រណ៍នាំចូល និងនាំចេញនៅប្រទេសចិន រួមទាំងពិព័រណ៍អាស៊ាន-ចិនផងដែរ។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ អញ្ជើញទៅទស្សនាសាកលវិទ្យាល័យ Phuong Dong Tashkent |
* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ូសបេគីស្ថាន នាព្រឹកថ្ងៃទី ៧ មេសា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Tashkent លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ Nguyen Thi Thanh Nga បានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យ Phuong Dong Tashkent និងជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងនិស្សិតដែលកំពុងសិក្សាភាសាវៀតណាមនៅទីនេះ។
* នាព្រឹកថ្ងៃដដែល បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃមហាសន្និបាត IPU-150 លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចូលរួមសម័យប្រជុំពិភាក្សារួមនៃមហាសន្និបាត IPU-150។
* នាព្រឹកថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដាក់កម្រងផ្កានៅវិមានឯករាជ្យ៕
បកប្រែដោយ Pham Diep