វៀតណាម-អាមេរិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងអាជីវកម្ម
កប.អនឡាញ - នារសៀលថ្ងៃទី១៨ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបគណៈប្រតិភូធុរកិច្ចមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយលោក Ted Osius ប្រធាន និងជាអគ្គនាយក USABC អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម។
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់សហគមន៍ធុរកិច្ចអាមេរិកនិយាយរួម និងធុរកិច្ច USABC និយាយដោយឡែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ និងអាជីវកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិក។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ហើយមានបំណងចង់បន្តសហការជាមួយសហរដ្ឋអាមេរិក ក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែជាក់ស្តែង និងស៊ីជម្រៅ រួមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍប្រកបដោយស្ថិរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ និងលើពិភពលោក។ លោកអគ្គលេខាបក្ស ស្នើឲ្យ USABC រួមដំណើរជាមួយបណ្តាប្រទេសអាស៊ាន ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពរបស់អាស៊ាន។
    |
 |
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោកប្រធាន និងជាអគ្គនាយក USABC |
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំពោះការអភិវឌ្ឍរបស់វៀតណាម លោកអគ្គលេខាបក្សបានស្នើថា ធុរកិច្ចអាមេរិកបន្តយកចិត្តទុកដាក់ បង្កើនការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យដែលអាមេរិកមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា៖ សេដ្ឋកិច្ចឌីជីថល ការបរិវត្តកម្មបៃតង ថាមពលកកើតឡើងវិញ logistics...
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Ted Osius និងតំណាងធុរកិច្ចអាមេរិក បានសម្តែងនូវអំណរគុណចំពោះការយកចិត្តទុកដាក់ និងការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម នាពេសលកន្លងមក។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំវៀតណាម វៀតណាមនឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានកំណត់ ហើយអះអាងថា នឹងបន្តគាំទ្រ និងរួមដំណើរជាមួយវៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។
* នារសៀលថ្ងៃទី ១៨ ខែមីនា ក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូ USABC និងធុរកិច្ចធំៗរបស់អាមេរិកជិត ៦០ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា វៀតណាមមានបំណង និងខិតខំជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មប្រកបដោយតុល្យភាព សុខដុមរមនា និងនិរន្តរភាពជាមួយសហរដ្ឋអាមេរិក។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបគណៈប្រតិភូធុរកិច្ចនៃ USABC |
ដោយចាត់ទុកថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអាមេរិកបានរីកចម្រើននាពេលកន្លងមកនេះ ប៉ុន្តែការវិនិយោគរបស់អាមេរិកនៅវៀតណាម នៅតែមានសក្តានុពលជាច្រើន លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា វិនិយោគិនអាមេរិកនឹងបន្តបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យសំខាន់ៗដូចជា៖ ថាមពល បច្ចេកវិទ្យាខ្ពស់ AI អាកាសចរណ៍ logistics ហិរញ្ញវត្ថុ ទូរគមនាគមន៍ ការថែទាំសុខភាព ទេសចរណ៍ អប់រំ កសិកម្ម...
ធុរកិច្ចអាមេរិកទាំងឡាយសង្ឃឹមថា ភាគីវៀតណាមបន្តកំណែទម្រង់រដ្ឋបាល កាត់បន្ថយពេលវេលាចេញសេចក្តីសម្រេចចិត្ត និងមានគោលនយោបាយអនុគ្រោះដើម្បីលើកទឹកចិត្តការវិនិយោគលើគម្រោងនិងផលិតផលមួយចំនួន ដែលសហរដ្ឋអាមេរិកមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ...
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ធុរកិច្ចអាមេរិកនឹងជំរុញការតភ្ជាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ បង្កើនយន្តការសន្ទនារវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច តភ្ជាប់ធុរកិច្ចប្រចាំឆ្នាំ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ធុរកិច្ចអាមេរិក ជួយវៀតណាមក្លាយជាមជ្ឈមញ្ឌលផលិតកម្ម និងអាជីវកម្មរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍៕
បកប្រែដោយ Thanh Cong