អនុវត្តប្រកបដោយភាពបត់បែននូវសកម្មភាពសហប្រតិបត្តិការ

នាថ្ងៃដដែល នៅទីស្នាក់ការរដ្ឋសភាឡាវ លោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាការងារជាមួយលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម។

នៅក្នុងកិច្ចពិភាក្សា លោក Tran Thanh Man ប្រធានរដ្ឋសភា បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយឡាវ ក្នុងការកសាង និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបន្តអនុវត្តសកម្មភាពផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសលើការកសាង និងកែលម្អស្ថាប័ន ប្រព័ន្ធច្បាប់ ការត្រួតពិនិត្យកំពូល និងការសម្រេចចិត្តលើការដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ អនុវត្តសកម្មភាពសហប្រតិបត្តិការរវាងគណៈកម្មាធិការ និងស្ថាប័ននៃរដ្ឋសភាក្នុងទម្រង់ជាច្រើន។ ទន្ទឹមនឹងនោះ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងត្រួតពិនិត្យរួមគ្នាលើការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី; ពង្រឹងការត្រួតពិនិត្យ និងជំរុញគម្រោងសហប្រតិបត្តិការវិនិយោគ  បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅឡាវ។

ប្រធានរដ្ឋសភាទាំងពីរបានស្នើឲ្យភាគីទាំងពីរត្រូវជំរុញការកែលម្អស្ថាប័ន និងគោលនយោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ពង្រឹងសាមគ្គីភាព ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភាពិភពលោក (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) សហភាពអន្តរសភាហ្វ្រង់កូហ្វូន (APF)... រួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាជាមួយលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ

ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា យន្តការត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានរួមចំណែកយ៉ាងសកម្ម ទៅក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រនៃការកសាង និងអភិវឌ្ឍប្រទេសទាំងបី។ វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនង វៀតណាម-ឡាវ-កម្ពុជា ហើយនឹងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពកំពូលដល់ការថែរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឡាវ និងកម្ពុជា។

បន្ទាប់ពីកិច្ចពិភាក្សា លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Saysomphone Phomvihane ប្រធានរដ្ឋសភា បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវ; អនុស្សរណៈនៃការយោគយល់គ្នា អំពីការបង្កើតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងទីក្រុង Hoi An ខេត្ត Quang Nam (វៀតណាម) និងទីក្រុង Luang Prabang ខេត្ត Luang Prabang (ឡាវ)។

លើកកំពស់តួនាទីសំខាន់ក្នុងការកសាងច្បាប់ និងស្ថាប័ន

នារសៀលថ្ងៃដដែល នៅទីស្នាក់ការខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសម្តែងការគួរសមជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងប្រពៃណីពិសេសជាមួយឡាវ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ

លោកប្រធានរដ្ឋសភា Tran Thanh Man សម្តែងនូវគោលបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកជាមួយឡាវនូវបទពិសោធន៍ក្នុងការកសាង និងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រមទាំងចែករំលែកព័ត៌មាន និងគាំទ្រឡាវក្នុងការរៀបចំកិច្ចប្រជុំក្នុងឆ្នាំដែលឡាវជាប្រធានអាស៊ាន និងប្រធាន AIPA ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ។

លោកប្រធានរដ្ឋសភា Tran Thanh Man បានអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាឡាវ ដើម្បីបង្កើតច្រករបៀងគតិយុត្តិអំណោយផលសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់របស់ការិយាល័យនយោបាយនៃប្រទេសទាំងពីរ; ពង្រឹងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ; ជំរុញការកែលម្អស្ថាប័ន និងគោលនយោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តគម្រោងសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ ក៏ដូចជាខ្លឹមសារដែលរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាផងដែរ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបសម្តែងការគួរសមជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ

លោកប្រធានរដ្ឋសភា Tran Thanh Man ក៏សង្ឃឹមដែរថា ប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍លើបញ្ហាថ្មីៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពង្រីកទំនាក់ទំនងការបរទេស និងលើកកំពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិ; ចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាលំបាក។

រីឯខ្លួនវិញ លោក  Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានសង្កត់ធ្ងន់ថា រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាមត្រូវបន្តអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល និងមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឲ្យសក្តិសមនឹងទំនាក់ទំនងសហប្រតិបត្តិការនយោបាយល្អ។

នាថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានមានជំនួបជាមួយលោកស្រី Pany Yathotou អនុប្រធានរដ្ឋ និងជាអតីតប្រធានរដ្ឋសភាឡាវ ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក និងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

នារសៀលថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានមានជំនួបជាមួយលោក Thongsing Thammavong អតីតនាយករដ្ឋមន្ត្រី និងជាអតីតប្រធានរដ្ឋសភាឡាវ។ លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា បក្ស រដ្ឋវៀតណាម ជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុត និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ។ លោកបានអះអាងនូវការគាំទ្រយ៉ាងខ្លាំងក្លា និងទូលំទូលាយរបស់វៀតណាមចំពោះកិច្ចការផ្លាស់ថ្មី ការពារ និងកសាងប្រទេសឡាវ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ លោក Thongsing Thammavong សង្ឃឹមថា រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងច្បាប់ និងសម្របសម្រួលក្នុងការត្រួតពិនិត្យកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា៕

បកប្រែដោយ Huyen Trang