គណៈកម្មការជំនាញខេត្ត Kon Tum ប្រជុំជាមួយគណៈកម្មការជំនាញខេត្តរតនគិរី
កប.អនឡាញ - នារសៀលថ្ងៃទី១៧ ខែតុលា នៅទីក្រុងបានលុង ខេត្តរតនគិរី ព្រះរាជាណាចក្រកម្ពុជា គណៈកម្មការជំនាញខេត្ត Kon Tum និងគណៈកម្មការជំនាញខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំស្ដីពីផែនការអនុវត្តការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥ ដែលពលីជីវិតនៅសម័យសង្គ្រាមនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃថា នារដូវប្រាំង ២០២៣ - ២០២៤ គណៈកម្មការជំនាញខេត្ត Kon Tum និងគណៈកម្មការជំនាញខេត្តរតនគិរី បានសហការគ្នា និងណែនាំដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃខេត្តទាំងពីរ រៀបចំការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅសម័យសង្រ្គាមក្នុងខេត្តរតនគិរី ឲ្យមានប្រសិទ្ធភាព។ ថ្វីត្បិតតែព័ត៌មានអំពីអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមក្នុងខេត្តរតនគិរីកាន់តែតិចទៅៗ ហើយភូមិសាស្ដ្រមានការប្រែប្រួលច្រើន ប៉ុន្តែក្រុម K53 នៃខេត្ត Kon Tum បានរុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលីចំនួន ៨ រូប។ ទន្ទឹមនឹងនោះ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ប្រគល់អដ្ឋិធាតុយុទ្ធជនពលីជូនដល់ខេត្ត Kon Tum ប្រទេសវៀតណាមយ៉ាងឧឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីរបស់កម្ពុជា។
|
|
ភាគីទាំងពីរចុះហត្ថលេខាលើកិច្ចសហប្រតិបត្ដិការ |
ក្នុងរដូវប្រាំងឆ្នាំ ២០២៤ - ២០២៥ ភាគីទាំងពីរបានឯកភាពគ្នាលើផែនការបន្តដឹកនាំបណ្ដាមូលដ្ឋាន និងអង្គភាពយោធាគ្រប់លំដាប់ថ្នាក់បន្តសម្របសម្រួលក្នុងការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលីជាមួយក្រុម K53 ខេត្ត Kon Tum ជាពិសេសចលនាប្រជាពលរដ្ឋផ្តល់ព័ត៌មានអំពីអដ្ឋិធាតុយុទ្ធជនពលី និងបង្កើតលក្ខខណ្ឌសម្រាប់ក្រុម K53 ខេត្ត Kon Tum អនុវត្ដការជីករុករក និងអដ្ឋិធាតុអដ្ឋិធាតុយុទ្ធជនពលីទទួលបានលទ្ធផលខ្ពស់បំផុត។
ក្នុងឱកាសនេះ គណៈកម្មការជំនាញខេត្ត Kon Tum បានប្រគល់ទឹកប្រាក់ចំនួន ៦៥០០ ដុល្លារអាមេរិក ដើម្បីជួយគណៈកម្មការជំនាញខេត្តរតនគិរីក្នុងរដូវប្រាំងឆ្នាំ ២០២៤ - ២០២៥ និងប្រគល់ប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនខេត្ត Kon Tum ដល់អង្គភាពនិងបុគ្គលខេត្តរតនគិរីដែលមានស្នាដៃល្អក្នុងការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលីក្នុងរដូវប្រាំង ២០២៣- ២០២៤៕
បកប្រែដោយ Pham Diep