ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាម ផ្ញើសារលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំថ្មីនៃគណបក្សនយោបាយជប៉ុន
កប.អនឡាញ - ក្នុងឱកាសដែលគណបក្សនយោបាយជប៉ុន រួមមានគណបក្សប្រជាធិបតេយ្យសេរី គណបក្សយុត្តិធម៌ និងគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ ធ្វើសមាជ និងបោះឆ្នោតជ្រើសតាំងប្រធានគណបក្សថ្មី នាថ្ងៃទី២ ខែតុលា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Ishiba Shigeru ប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន។
នាថ្ងៃដដែល លោក Luong Cuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Ishii Keiichi ប្រធានគណបក្សយុត្តិធម៌; លោក Le Hoai Trung លេខាមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Noda Yoshihiko ប្រធានគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ។
|
|
លោក Ishiba Shigeru ប្រធានគណបក្សប្រជាធិបតេយ្យសេរី ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន (រូបថត៖ The Yomiuri Shimbun) |
ក្នុងសារលិខិតអបអរសាទរ ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាម បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំ ឆាប់រហ័ស និងទូលំទូលាយនៃទំនាក់ទំនង វៀតណាម-ជប៉ុន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយនៃប្រទេសជប៉ុន។
ក្នុងសារលិខិតអបអរសាទរផ្ញើជូនលោក Ishiba Shigeru ប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគាំទ្រជប៉ុន ពង្រីកតួនាទីយ៉ាងសកម្មក្នុងបញ្ហាតំបន់ និងអន្តរជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេច រួមជាមួយគណបក្សប្រជាធិបតេយ្យសេរី រដ្ឋាភិបាលជប៉ុនបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕
បកប្រែដោយ Huyen Trang