លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩
កប.អនឡាញ - នាល្ងាចថ្ងៃទី ៣ ខែតុលា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដែលដឹកលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះចតនៅអាកាសយានដ្ឋាន Orly ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង។
នារសៀលថ្ងៃទី ៤ ខែតុលា (ម៉ោងក្នុងតំបន់) នៅវិមាន Villers-Cotterêts ប្រទេសបារាំង បានប្រព្រឹត្តទៅសម័យប្រជុំដ៏ឧឡារិកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩ ក្រោមប្រធានបទ "ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង" ដោយមានការចូលរួមពីប្រទេសសមាជិកជិត ១០០ នៃសហគមន៍ហ្វ្រង់កូហ្វូនី អង្គការហ្វ្រង់កូហ្វូនី អង្គការអន្តរជាតិ និងតំបន់ ដែលក្នុងនោះមានប្រទេសជិត ៤០ ចូលរួមដោយប្រមុខរដ្ឋ និងរដ្ឋាភិបាល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមព្រឹត្តិការណ៍នេះ។
|
|
លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ រួមជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការហ្វ្រង់កូហ្វូនី ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩ (រូបថត៖ vnanet.vn) |
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់លើការតភ្ជាប់ពិសេសរវាងបណ្តាប្រទេសដែលប្រើភាសាបារាំង ព្រមទាំងបញ្ជាក់ថា សហគមន៍ហ្វ្រង់កូហ្វូនី ចាំបាច់ត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការដើម្បីឱ្យភាសាបារាំងក្លាយជាភាសានៃវប្បធម៌ ពាណិជ្ជកម្ម និងនវានុវត្តន៍។ ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់ពីគុណតម្លៃជាមូលដ្ឋាននៃសហគមន៍ហ្វ្រង់កូហ្វូនី នោះគឺសាមគ្គីភាព ការចែករំលែក ការទទួលស្គាល់ភាពចម្រុះនៃវប្បធម៌ និងភាសា ក៏ដូចជាការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសជាតិ ការលើកកម្ពស់សន្តិភាព និងវិបុលភាព។
|
|
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩ (រូបថត៖ vnanet.vn) |
* នាថ្ងៃដដែល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមហាកិត្តិយសប្រារពរៀបចំដោយលោក Emmanuel Macron ប្រធានាធិបតីបារាំង។
* នៅរសៀលថ្ងៃទី ៤ ខែតុលា (ម៉ោងក្នុងតំបន់) នៅវិមាន Villers-Cotterêts លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam មានជំនួបជាមួយលោក Umaro Sissoco Embaló ប្រធានាធិបតី Guinea-Bissau; លោក Andry Nirina Rajoelina ប្រធានាធិបតី Madagascar និងលោក Nana Addo Dankwa Akufo-Addo ប្រធានាធិបតីហ្គាណា។
នាថ្ងៃទី ៤ ខែតុលា នៅទីក្រុងប៉ារីស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវេទិកាធុរកិច្ចហ្វ្រង់កូហ្វូនី ស្តីពីនវានុវត្តន៍ (FrancoTech)។
|
|
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងសុន្ទរកថានៅក្នុងវេទិកាធុរកិច្ចហ្វ្រង់កូហ្វូនី ស្តីពីនវានុវត្តន៍ (FrancoTech) (រូបថត៖ vnanet.vn) |
ថ្លែងនៅក្នុងវេទិកា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានវាយតម្លៃខ្ពស់ចំពោះប្រធានបទសំខាន់ៗនៃវេទិកា FrancoTech។ ប្រធានបទសំខាន់ៗនៃវេទិកា FrancoTech ឆ្នាំ២០២៤ ក៏ជាបញ្ហាដែលវៀតណាមយកចិត្តទុកដាក់ផងដែរ។ វៀតណាមមានបំណងចង់សហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយដៃគូនានា រួមទាំងប្រទេសបារាំង និងបណ្តាប្រទេសហ្វ្រង់កូហ្វូនី ដើម្បីអភិវឌ្ឍឧស្សាហកម្មសំខាន់ៗ ដ៏មានសក្តានុពលដូចជា បច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិមិត្ត semiconductor ថាមពលអ៊ីដ្រូសែនបៃតង ដោយការលើកកម្ពស់ស្មារតីនវានុវត្តន៍ និងចាប់ផ្តើមអាជីវកម្ម។
នៅក្នុងវេទិកានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអំពាវនាវឱ្យសហគ្រាស និងវិនិយោគិនក្នុងសហគមន៍ហ្វ្រង់កូហ្វូនី បន្តមកបណ្ដាក់ទុននៅវៀតណាម។ វៀតណាមកំពុងបង្កើតបរិយាកាសវិនិយោគអាជីវកម្មកាន់តែអំណោយផល ដោយមានគោលនយោបាយអនុគ្រោះដ៏គួរឱ្យទាក់ទាញជាច្រើនក៏ដូចជាទីតាំង យុទ្ធសាស្រ្តរបស់វៀតណាមដែលជួយសហគ្រាសក្នុងសហគមន៍ហ្វ្រង់កូហ្វូនីបន្តអភិវឌ្ឍបោះជំហ៊ានទៅមុខផងដែរ។
ក្នុងក្របខ័ណ្ឌនៃវេទិកា FrancoTech នេះដែរ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅទស្សនាស្តង់តាំងពិព័រណ៌របស់អង្គភាពអាជីវកម្ម ជាពិសេសគឺបណ្តាអង្គភាពអាជីវកម្មវៀតណាមដូចជា FPT, VinFast, Vietnam Airlines, Vietjet ជាដើម។ ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងការបរទេសនៃសាធារណរដ្ឋបេនីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។
* នាថ្ងៃទី ៤ ខែតុលា នៅទីក្រុងប៉ារីស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានមានជំនួបជាមួយលោក Geoffroy Roux De Bezieux ប្រធានកិត្តិយសនៃសហភាពនិយោជកបារាំង ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនី ប្រធានស្ថាបនិកក្រុមហ៊ុន Notus Technologies។
* ក្នុងក្របខ័ណ្ឌនៃដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩ និងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam លោក Le Hoai Trung លេខាមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Dylan Boutiflat លេខាធិការនៃគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសនៃគណបក្សសង្គមនិយមបារាំង៕
បកប្រែដោយ Huyen Trang