ក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងបើកចំហរ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនៅក្នុងប្រទេសនីមួយៗ ពិភាក្សាអំពីទិសដៅសហប្រតិបត្តិការ និងវិធានការនានាដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងអៀរឡង់។
|
|
លោក To Lam និងលោក Simon Harris (រូបថត៖ vnanet.vn) |
លោក To Lam និងលោក Simon Harris បានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍជាក់ស្តែង និងមានប្រសិទ្ធភាពលើវិស័យជាច្រើន រវាងប្រទេសទាំងពីរ បន្ទាប់ពីរយេៈពេលជិត ៣ ទសវត្សរ៍។ បច្ចុប្បន្ន អៀរឡង់គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាមក្នុងទីផ្សារអឺរ៉ុប។ ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងសម្រេចបាន ៣.៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ រដ្ឋាភិបាលអៀរឡង់បានផ្តល់ជំនួយអភិវឌ្ឍន៍សំខាន់ៗដែលជួយវៀតណាមសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ជាច្រើនមុនកាលកំណត់ និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល កសិកម្ម ឱសថ អេឡិកត្រូនិក វប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលថ្មីៗនេះផងដែរ។
ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ និងទាញយកសក្តានុពលសហប្រតិបត្តិការនៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់នៅគ្រប់លំដាប់ថ្នាក់ អនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្រាវជ្រាវ និងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីសមស្របនឹងស្ថានភាពថ្មី។
លោក To Lam មានសេចក្តីសោមនស្សរីករាយដោយជូនដំណឹងដល់លោក Simon Harris ថា រដ្ឋាភិបាលវៀតណាមបានសម្រេចចិត្ត និងកំពុងត្រៀមរៀបចំបើកស្ថានទូតវៀតណាមប្រចាំនៅអៀរឡង់ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មអេកូឡូស៊ី កសិកម្មវិលជុំ ការផ្លាស់ប្តូរប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព និងវារីវប្បកម្ម ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ដើម្បីលើកកម្ពស់ការយោគយល់គ្នា និងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍នៅក្នុងប្រទេសទាំងពីរ។
អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោក To Lam បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អៀរឡង់ក្នុងការជម្រុញទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍ ហើយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីជាស្ពានជួយអៀរឡង់ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។ លោកស្នើឲ្យអៀរឡង់ជាស្ពានជួយវៀតណាមពង្រឹងទំនាក់ទំនងជាមួយ EU។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ អាស៊ាន-សហភាពអឺរ៉ុប... និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចំពោះបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងនៅមជ្ឈិមបូព៌ា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយអំពាវនាវឲ្យភាគីពាក់ព័ន្ធធ្វើការសន្ទនាក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះ ដើម្បីស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ទាក់ទិននឹងសមុទ្រខាងកើត ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូរវាងវៀតណាម និងអៀរឡង់។ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងក្រសួងអប់រំឧត្តមសិក្សា ស្រាវជ្រាវ នវានុវត្តន៍ និងវិទ្យាសាស្ត្រអៀរឡង់។
*សូមរំលឹកថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងធុរកិច្ច ពាណិជ្ជកម្ម និងការងាររបស់អៀរឡង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពល។ល។
*នាព្រឹកថ្ងៃទី ៣ ខែតុលា នៅរដ្ឋធានី Dublin លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋ បានជួបជាមួយលោក Jerry Buttimer ប្រធានព្រឹទ្ធសភាអៀរឡង់ និងលោកស្រី Catherine Connolly អនុប្រធានសភាជាន់ទាបអៀរឡង់។
|
|
លោក To Lam ជួបជាមួយលោក Jerry Buttimer (រូបថត៖ vnanet.vn) |
ភាគីទាំងពីរបានឯកភាពបន្តជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រួមទាំងគណៈកម្មាធិការ/ក្រុមសមាជិកសភានៃប្រទេសទាំងពីរ រៀបចំសកម្មភាពផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ កិច្ចសន្ទនាគោលនយោបាយ និងសិក្ខាសាលាទ្រឹស្តី។ ភាគីទាំងពីរបានឯកភាពសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរសភាក្នុងតំបន់ និងពិភពលោក ជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សមភាពយេនឌ័រ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមសកល បង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល កសិកម្ម ទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក To Lam បានស្នើឲ្យសភាអៀរឡង់អនុម័ត EVIPA យ៉ាងឆាប់ៗដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការវិនិយោគទ្វេភាគី និងជំរុញឲ្យគណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" ប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU) ចំពោះជលផលវៀតណាម។
អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពបង្កើនការពង្រឹងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសសម្រាប់បណ្តាប្រទេសជាប់ឆ្នេរសមុទ្រដូចជាវៀតណាម និងអៀរឡង់។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសម្តែងការគាំទ្រចំពោះគោលជំហររបស់អាស៊ានលើការធានាសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអៀរឡង់ លោក To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបជាមួយធុរកិច្ចអៀរឡង់ ទៅទស្សនាវិទ្យាស្ថានជាតិអៀរឡង់សម្រាប់ការស្រាវជ្រាវ និងបណ្តុះបណ្តាលស្តីពីការប្រព្រឹត្តកម្មជីវសាស្ត្រ ព្រមទាំងជួបជាមួយតំណាងអាណិកជនវៀតណាម កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស អៀរឡង់ខាងជើង និងអៀរឡង់។ល៕
បកប្រែដោយ Thuy Anh