នាវេលាម៉ោង ១១ និង ៤០ នាទី ព្រឹកថ្ងៃទី ២ ខែតុលា (ម៉ោងក្នុងតំបន់) ពិធីទទួលបដិសណ្ឋារកិច្ចលោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានាធិបតីអៀរឡង់។ ភ្លាមៗបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋ បានជួបដោយឡែក និងបានជួបពិភាក្សាជាផ្លូវការជាមួយប្រធានាធិបតី Michael D. Higgins ។
ក្នុងកិច្ចពិភាក្សានេះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអៀរឡង់លើគ្រប់វិស័យ។ ព្រមទាំងវាយតម្លៃចំពោះរដ្ឋាភិបាលអៀរឡង់បានផ្តល់អាទិភាពដល់វៀតណាមក្នុងគោលនយោបាយសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រ “អៀរឡង់សកល។
|
|
លោកប្រធានាធិបតីអៀរឡង់ Michael D. Higgins និងលោកជំទាវទទួលស្វាគមន៍លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam (រូបថត៖ vnanet.vn) |
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam មានបំណងចង់អៀរឡង់បន្តផ្តល់ និងគាំទ្រការអភិវឌ្ឍន៍សម្រាប់វៀតណាមក្នុងវិស័យអាទិភាពដូចជា កំណើនបៃតង ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថាន បច្ចេកវិទ្យាព័ត៌មាន ការធ្វើបរិវត្ដកម្មឌីជីថល ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់និងអនុវត្តយ៉ាងសកម្មនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា នេះជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការ និងកំពុងអភិវឌ្ឍយ៉ាងវិជ្ជមាននៅពេលទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៣,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ ភាគីទាំងពីរចាំបាច់ត្រូវទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ជំរុញការតភ្ជាប់ពាណិជ្ជកម្ម-វិនិយោគ និងគាំទ្រសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៦ ស្របពេលខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត។
|
|
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ជួបពិភាក្សាជាមួយលោកប្រធានាធិបតីអៀរឡង់ Michael D. Higgins (រូបថត៖ vnanet.vn) |
លោកប្រធានាធិបតីអៀរឡង់បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់អៀរឡង់ ហើយសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានទំហំធំធេងណាស់ ព្រមទាំងយល់ព្រមជាមួយសំណើររបស់វៀតណាមក្នុងការពន្លឿនដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងវិនិយោគរវាងសហគមន៍ធុរកិច្ចវៀតណាម និងអៀរឡង់។ ហើយមានបំណងចង់វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញផលិតផលកសិផល និងម្ហូបអាហារដែលមានគុណភាពខ្ពស់របស់អៀរឡង់។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរប្រជាជន កិច្ចសហប្រតិបត្តិការវប្បធម៌ និងសិល្បៈ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន។ ភាគីទាំងពីរបានឯកភាពបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាណិកជននៃប្រទេសទាំងពីរក្នុងការរស់នៅនិងធ្វើការ រួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់គ្នាទៅវិញទៅមក ព្រមទាំងលើកកំពស់តួនាទីជាស្ពានសម្រាប់ទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។
ក្នុងក្របខណ្ឌនៃកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខក្នុងតំបន់ ដូចជាស្ថានភាពនៅអ៊ុយក្រែន មជ្ឈិមបូព៌ា ... ; អំពាវនាវឱ្យភាគីទាំងអស់ការពារជនស៊ីវិល ធ្វើការសន្ទនានិងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ព្រមទាំងឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី ដូចជាអាស៊ាន-សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ... ក្នុងវិស័យជាច្រើនដូចជា ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលលោក ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងធានាឲ្យបាននូវខ្សែសង្វាក់ផ្គត់ផ្គង់... ភាគីទាំងពីរគាំទ្រគោលជំហររបស់អាស៊ានលើបញ្ហាសមុទ្រខាងកើតស្តីពីការធានាសន្តិភាព ស្ថិរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
បន្ទាប់ពីកិច្ចពិភាក្សា លោកអគ្គលេខាបក្ស និងប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Michael D. Higgins បានដាំដើមឈើអនុស្សាវរីយ៌នៅក្នុងបរិវេណវិមានប្រធានាធិបតីអៀរឡង់។
* ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអៀរឡង់ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ជាតិ ដែលស្ថិតនៅទីលាន Parnell ក្នុងកណ្តាលទីក្រុង Dublin។
* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអៀរឡង់ នារសៀលថ្ងៃទី ២ តុលា (ម៉ោងក្នុងតំបន់) លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Trinity Dublin។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានថ្លែងសុន្ទរកថា ក្រោមចំណងជើងថា “ចក្ខុវិស័យនៃយុគសម័យថ្មីក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-អៀរឡង់ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍”។
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានឲ្យដឹងថា បន្ទាប់ពីជិត ៣ ទសវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងអៀរឡង់ កំពុងអភិវឌ្ឍន៍យ៉ាងវិជ្ជមាន។ វៀតណាមឲ្យតម្លៃលើទំនាក់ទំនងជាមួយអៀរឡង់ ដែលជាសមាជិកដ៏ស្វាហាប់របស់ EU និងជាប្រទេសត្រួសត្រាយផ្លូវក្នុងការធ្វើនវានុវត្ដន៍។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជាវិជ្ជមានក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក To Lam ជឿជាក់ថា ក្របខណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំថ្នាក់ឧត្តមសិក្សាដែលប្រទេសទាំងពីរបង្កើតឡើងនឹងរួមចំណែកលើកកម្ពស់ភាពខ្លាំងរបស់ប្រទេសនីមួយៗ និងសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ បើកទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ផ្សារភ្ជាប់ជាមួយនឹងនិន្នាការនៃយុគសម័យ; ផ្សព្វផ្សាយបន្ថែមទៀតនូវគុណតម្លៃរួមដែលប្រទេសទាំងពីរចែករំលែកជាមួយយុវជនជំនាន់ក្រោយ ដែលក្នុងនោះ និស្សិតទាំងអស់ដែលមានវត្តមាននៅទីនេះ នៅថ្ងៃនេះគឺជាអនាគតនៃប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ជឿជាក់យ៉ាងមុតមាំថា វៀតណាម និងអៀរឡង់នឹងបន្តសហការយ៉ាងជិតស្និទ្ធ ឆ្ពោះទៅបង្កើនទំនាក់ទំនងកាន់តែខ្ពស់នាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីអនាគតសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ទាំងពីរ និងពិភពលោក៕
បកប្រែដោយ Pham Diep