មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍវិជ្ជមានក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ីនៅពេលកន្លងមក។ ការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់លំដាប់ថ្នាក់ត្រូវបានរក្សាប្រកបដោយប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការនៅលើដែនសមុទ្រ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ ការដឹកជញ្ជូន ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងការតភ្ជាប់រវាងមូលដ្ឋាននៃប្រទេសទាំងពីរ សុទ្ធតែត្រូវបានយកចិត្តទុកដាក់ និងជម្រុញប្រកបដោយប្រសិទ្ធភាព។ ក្នុងអាស៊ាន ឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាម ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ឥណ្ឌូនេស៊ី។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះបានកើនឡើងជិត ៤ ដង។

leftcenterrightdel
លោក To Lam ទទួលជួបលោក Prabowo Subianto (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅមួយចំនួន នៃកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតកំពស់ថ្មី។ ភាគីទាំងពីរបានឯកភាពពង្រឹងជំនឿទុកចិត្តខាងនយោបាយបន្ថែមទៀត តាមរយៈការបន្តបង្កើនការផ្លាស់ប្តូរ និងជំនួបនៅគ្រប់លំដាប់ថ្នាក់ លើកកំពស់ប្រសិទ្ធភាពនៃយន្តការទ្វេភាគី ឆាប់បញ្ចប់ការកសាងកម្មវិធីសកម្មភាព ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ភាគីទាំងពីរបន្តសហការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌូនេស៊ី (១៩៥៥-២០២៥)។ ភាគីទាំងពីរបានបញ្ជាក់លើ ការប្តេជ្ញាចិត្តក្នុងការជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨ តាមរយៈសកម្មភាពជំរុញពាណិជ្ជកម្ម និងការជួយគាំទ្រការធ្វើពាណិជ្ជកម្ម លុបបំបាត់ឧបសគ្គពាណិជ្ជកម្ម ដើម្បីបង្កើតលក្ខណៈងាយសម្រួលសម្រាប់ការចូលទៅកាន់ទីផ្សារទំនិញរបស់គ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការវិនិយោគលើទីផ្សាររបស់គ្នាទៅវិញទៅមក ជាពិសេសលើវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការបរិវត្តកម្មថាមពល និងប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី។ លោក To Lam បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការធានាសន្តិសុខស្បៀងជាមួយឥណ្ឌូនេស៊ី ហើយស្នើឲ្យឥណ្ឌូនេស៊ីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្ម និងហាឡាលរបស់វៀតណាមចូលទីផ្សារឥណ្ឌូណេស៊ី...

មេដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ការរក្សាសាមគ្គីភាព ជំហររួម និងលទ្ធផលដែលអាស៊ានសម្រេចបានក្នុងបញ្ហាសមុទ្រខាងកើត ជំរុញការចរចាអំពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែង ប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

លោក To Lam បានស្នើឲ្យប្រទេសឥណ្ឌូនេស៊ីយកចិត្តទុកដាក់ គាំទ្រ និងបញ្ជូនតំណាងជាន់ខ្ពស់ទៅចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ២០២៥ និងកិច្ចប្រជុំកំពូលនៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)៕

បកប្រែដោយ Thuy Anh