នាព្រឹកថ្ងៃទី៩ ខែកញ្ញា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអញ្ជើញជួបសន្ទនាដោយឡែក និងជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Filipe Jacinto Nyusi។

ក្នុងជំនួបដាច់ដោយឡែក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអបអរសាទរចំពោះសមិទ្ធិផលដែលរដ្ឋ និងប្រជាជនម៉ូសំប៊ិកសម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណៈបក្ស FRELIMO ក្នុងការរក្សាស្ថិរភាពនយោបាយ សាមគ្គីភាព និងការផ្សះផ្សាជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសម៉ូសំប៊ិក។ ភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងប្រពៃណីរវាងបក្សទាំងពីរ  ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី តាមរយៈការរក្សាសកម្មភាពស្រាវជ្រាវទ្រឹស្តី ផ្លាស់ប្តូរបទពិសោធន៍ និងឧបត្ថម្ភការបណ្តុះបណ្តាលកម្មាភិបាល។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Filipe Jacinto Nyusi

នៅក្នុងកិច្ចពិភាក្សា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករថ្មី ជំរុញ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរដែលបានថ្នាក់ដឹកនាំច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរបានទទួលមរតក ពូនជ្រំ និងអភិវឌ្ឍជាបន្តបន្ទាប់។

រីឯខ្លួនវិញ លោកប្រធានាធិបតី Filipe Jacinto Nyusi បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា ក៏ដូចជាកិត្យានុភាព និងឋានៈលើឆាកអន្តរជាតិ ដែលវៀតណាមសម្រេចបាន។ លោកប្រធានាធិបតីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងវិស័យកសិកម្ម ហើយសង្ឃឹមថា វៀតណាមជួយឧបត្ថម្ភម៉ូសំប៊ិកក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់លើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា ក្រសួង មន្ទីរ អង្គភាព និងមូលដ្ឋាន ដើម្បីពង្រឹង និងពង្រីកជំនឿទុកចិត្តផ្នែកនយោបាយ ធ្វើជាមូលដ្ឋានបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ រួមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ប្រទេសនីមួយៗនៅអង្គការដែលប្រទេសរៀងៗខ្លួនជាសមាជិកដូចជា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សហភាពអាហ្វ្រិក (AU) និងសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC)។

លើវិស័យពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗដើម្បីចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។ ស្តីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកទស្សនៈរួមអំពីសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Filipe Jacinto Nyusi បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួនពីរ រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងធនធានរ៉ែ និងថាមពលប្រទេសម៉ូសំប៊ិក និងអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងសមុទ្រ តំបន់ដែនទឹកក្នុងប្រទេស ជលផលនៃប្រទេសម៉ូសំប៊ិក។

នារសៀលថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសវនាការជាមួយលោក Filipe Jacinto Nyusi ប្រធានាធិបតីម៉ូសំប៊ិក។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Filipe Jacinto Nyusi

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការជាក់លាក់ ដើម្បីអនុវត្តលទ្ធផលនៃកិច្ចសន្ទនារវាងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Filipe Jacinto Nyusi ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ស្តីពីវិស័យនយោបាយ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងគ្រប់បណ្តាញដូចជាបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបង្កើតកម្លាំងចលករថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ និងអង្គការសំខាន់ៗដទៃទៀត ដែលភាគីទាំងពីរជាសមាជិកដូចជា អាស៊ាន និងសហភាពអាហ្វ្រិក (AU)។

ក្នុងបរិបទស្ថានការណ៍ក្នុងតំបន់ និងពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស ស្មុគ្រស្មាញ និងមិនអាចទាយទុកជាមុនបាន ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា; ចែករំលែកទស្សនៈរួមស្តីពីការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; រក្សាបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់គតិយុត្តិ និងដោះស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982)៕

បកប្រែដោយ Huyen Trang