ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម លោក Umaro Sissoco Embaló បានចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាការងារជាមួយលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតយន្តការពិគ្រោះយោបល់នយោបាយ និងកិច្ចការបរទេសរវាងក្រសួងការបរទេសទាំងពីរ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្ម និងអភិវឌ្ឍ ជនបទនៃប្រទេសទាំងពីរ។ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកជំទាវ បានធ្វើជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនជាកិត្តិយសលោក Umaro Sissoco Embaló និងលោកជំទាវ។

លោក Umaro Sissoco Embaló ក៏បានជួបជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ប្រធានរដ្ឋសភាផងដែរ។

leftcenterrightdel
លោក To Lam និងលោក Umaro Sissoco Embaló ថតរូបទុកជាអនុស្សាវរីយ៍ នារសៀលថ្ងៃទី ៦ ខែកញ្ញា (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចពិភាក្សា និងជំនួបសវនាការទាំងឡាយ ថ្នាក់ដឹកនាំវៀតណាមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម របស់លោក Umaro Sissoco Embaló ដែលជាការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ប្រមុខលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧៣ ដោយសម្តែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Umaro Sissoco Embaló រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីល្អរវាងប្រទេសទាំងពីរ។

លោក Umaro Sissoco Embaló បានសម្តែងការកោតសរសើរចំពោះបុព្វហេតុបដិវត្តន៍ ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់វៀតណាម។ លោកប្រធានាធិបតីបានអះអាងថា វៀតណាមត្រូវបានចាត់ទុកជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅទ្វីបអាហ្រ្វិកនិយាយរួម និង Guinea-Bissau និយាយដោយឡែក។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់ប្រទេសនីមួយៗ និងសម្តែងការពេញចិត្តចំពោះលទ្ធផលវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីក្នុងបរិបទដែលវៀតណាមនិង Guinea-Bissau ទើបតែប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០២៣។ ភាគីទាំងពីរក៏បានពិភាក្សា និងដាក់ទិសដៅសម្រាប់លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh