នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ បានបើកកិច្ចប្រជុំដើម្បីឧទ្ទេសនាមបេក្ខជន និងបោះឆ្នោតជ្រើសតាំងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣។ តាងនាមការិយាល័យនយោបាយ លោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីវៀតណាម បានជាអធិបតីនៃកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ ដោយឈរលើបទប្បញ្ញត្តិរបស់បក្ស និងការឧទ្ទេសនាមបេក្ខជនរបស់ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្ស បានលើកតម្កើងស្មារតីនៃការទទួលខុសត្រូវ ការប្រមូលផ្តុំបញ្ញា ការពិភាក្សាដោយប្រជាធិបតេយ្យ ការគោរព និងឯកភាពគ្នាដោយសំឡេងគាំទ្រដាច់ខាត ១០០% បានបោះឆ្នោតជ្រើសតាំងលោក To Lam សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។
លោកអគ្គលេខាបក្ស To Lam បានថ្លែងសុន្ទរកថាបញ្ជាក់ពីការបន្តមរតក និងលើកតម្កើងសមិទ្ធិផលបដិវត្តន៍ដែលលោកអតីតអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំជំនាន់មុនបានកសាង។ លោកបានអះអាងនូវការប្តេជ្ញាចិត្តរក្សាបាននូវសាមគ្គីភាព ឯកភាព ហើយរួមជាមួយនឹងគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ប្តេជ្ញាចិត្តដឹកនាំបក្ស ប្រជាជន និងកងទ័ពទាំងមូលអនុវត្តឱ្យបានជោគជ័យនូវគោលដៅ ភារកិច្ចដែលបានកំណត់ដោយមហាសន្និបាតបក្សលើកទី១៣; រៀបចំមហាសន្និបាតលើកទី១៤ ប្រកបដោយជោគជ័យ នាំប្រទេសជាតិឈានទៅរកការអភិវឌ្ឍយ៉ាងរឹងមាំក្នុងសម័យកាលថ្មី៕
បកប្រែដោយ Huyen Trang
Type the code from the image