ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបាវចនា "៥ជាង"

នៅក្នុងជំនួបពិភាក្សានោះ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងឥណ្ឌា បានចាក់ឫសក្នុងប្រវត្តិសាស្ត្រ ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរគ្រប់ជំនាន់ ហើយប្រទេសទាំងពីរត្រូវបន្តរក្សា ពូនជ្រំឱ្យបានគង់វង្សនូវចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំ ដោយចាត់ទុកនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរវាងវៀតណាម និងឥណ្ឌា។ ចាប់តាំងពីការបង្កើតក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៦ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌានៅវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានទំនុកចិត្តខាងនយោបាយខ្ពស់ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលសុទ្ធតែទទួលបានសមិទ្ធិផលលើកទឹកចិត្ត។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវវិស័យសហប្រតិបត្តិការជាប្រពៃណី និងពង្រីកទៅវិស័យសក្តានុពលថ្មីៗ ដោយពាក្យស្លោក "ប្រាំជាង" រួមមាន៖ ការជឿទុកចិត្តខាងនយោបាយខ្ពស់ជាង; កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខកាន់តែស៊ីជម្រៅជាង; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាក់ស្តែង និងមានប្រសិទ្ធភាពជាង;  កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការច្នៃប្រឌិតកាន់តែបើកចំហរជាង; ការផ្លាស់ប្តូរវប្បធម៌ និងមនុស្សភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាង។

ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាន់ខ្ពស់នៅគ្រប់កម្រិត និងបណ្តាញនានាឱ្យបានទៀងទាត់។ នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ថា ប្រទេសទាំងពីរកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូលើវិស័យការពារជាតិវៀតណាម-ឥណ្ឌាដល់ឆ្នាំ ២០៣០ (ចុះហត្ថលេខាក្នុងឆ្នាំ ២០២២) បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ និងសន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខដែនសមុទ្រ កិច្ចសហប្រតិបត្តិការដែលអាចទុកចិត្តបានក្នុង សន្តិសុខតាមអ៊ីនធឺណិត ការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ និងការប្រឆាំងភេរវកម្ម។ ឥណ្ឌាបានយល់ព្រមបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាល បង្វឹក និងពង្រឹងសមត្ថភាពសម្រាប់កងកម្លាំងការពារជាតិ និងសន្តិសុខរបស់វៀតណាម។

នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការព្រមព្រៀងគ្នាក្នុងការដាក់ចេញនូវវិធានការដ៏ខ្លាំងក្លាឆ្ពោះទៅរកគោលដៅនៃការកើនឡើងទ្វេរដងនៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគធៀបនឹងកម្រិតបច្ចុប្បន្ននៅឆ្នាំ ២០៣០។

leftcenterrightdel
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយករដ្ឋមន្ត្រី Pham Minh Chinh សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា

ឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូឌីជីថល

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យឥណ្ឌាពិចារណាយ៉ាងសកម្មចំពោះសំណើរបស់អង្គភាពអាជីវកម្មវៀតណាម ក្នុងការចេញ/ពន្យាវិញ្ញាបនបត្រស្តង់ដារឥណ្ឌា (BIS) សម្រាប់ទំនិញនាំចូលនានាពីវៀតណាម ដោយស្នើឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារលក់រាយស្របតាមនិន្នាការថ្មី។ លោក Pham Minh Chinh បានលើកទឹកចិត្តសាជីវកម្មធំៗ និងមហាសេដ្ឋីបច្ចេកវិទ្យាឥណ្ឌា មកបណ្តាក់ទុននៅវៀតណាម បង្កើតគម្រោងជានិមិត្តរូបធំៗពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងទទួលលំហូរនៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងជួយប្រទេសទាំងពីរចូលរួមកាន់តែប្រសើរឡើងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរបានស្នើឱ្យពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសលើវិស័យបច្ចេកវិទ្យាស្នូល បន្ទះឈីប (semiconductor) បញ្ញាសិប្បនិម្មិត និងកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិត និងបច្ចេកវិទ្យារុករករ៉ែ និងកែច្នៃរ៉ែកម្រ សហការក្នុងការអភិវឌ្ឍឧស្សាហកម្មព័ត៌មានវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រទេសនីមួយៗ ហើយឆាប់ៗនេះឆ្ពោះទៅរកការបង្កើតវេទិកាភាពជាដៃគូឌីជីថល និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូឌីជីថល។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ និងធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកាន់តែស៊ីជម្រៅលើមូលដ្ឋាននៃការលើកកម្ពស់តម្លៃស្រដៀងគ្នានៃវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងខាងវិញ្ញាណ រួមទាំងព្រះពុទ្ធសាសនា ។ល។

ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក និងសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការផ្សេងៗទៀតដែលដឹកនាំដោយអាស៊ាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាព នាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

វៀតណាមជាដៃគូសំខាន់ក្នុងគោលនយោបាយបង្វិលទៅខាងកើត

ក៏នារសៀលថ្ងៃទី១ ខែសីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងសេចក្តីថ្លែងការណ៍ស្តីពីគោលនយោបាយនៅក្រុមប្រឹក្សាកិច្ចការពិភពលោកឥណ្ឌា (ICWA)។ ចូលរួមក្នុងកម្មវិធីសម្តែងបទបង្ហាញរបស់លោក Pham Minh Chinh មានអ្នកនយោបាយឥណ្ឌាជាច្រើននាក់ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកប្រាជ្ញ និងនិស្សិតឥណ្ឌា។ ប្រធានក្រុមប្រឹក្សាកិច្ចការពិភពលោកឥណ្ឌាបានចាត់ទុកថា វៀតណាមជាដៃគូសំខាន់ក្នុងគោលនយោបាយបង្វិលទៅខាងកើតរបស់ឥណ្ឌា។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិភពលោកបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ មិនអាចទាយទុកជាមុនបាន ជាមួយនឹងបញ្ហាជាច្រើនដែលមិនធ្លាប់មានពីមុនមក និងសង្កត់ធ្ងន់ថាទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពវៀតណាម-ឥណ្ឌា ចាំបាច់ត្រូវពង្រឹង និងអភិវឌ្ឍឥតឈប់ឈរ ក្លាយទៅជាកត្តាវិជ្ជមាន រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរបស់ប្រទេសទាំងមូលក្នុងតំបន់ និងពិភពលោក។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជូនដំណឹងដល់ក្រុមប្រឹក្សាអំពីគោលនយោបាយសំខាន់ៗចំនួន ៦ របស់វៀតណាមក្នុងវិស័យកិច្ចការបរទេស ការពារជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច ការធានាសន្តិសុខសង្គម ការអភិវឌ្ឍវប្បធម៌ និងការកសាងបក្ស។ ចែករំលែកមេរៀនចំនួន ៥ ក្នុងដំណើរការអភិវឌ្ឍ របស់វៀតណាម...៕

បកប្រែដោយ Minh Trung