អ្នកយកព័ត៌មាន៖ លោកនាយករដ្ឋមន្ត្រីអាចឲ្យដឹងថា តើដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងនាពេលខាងមុខរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មានអត្ថន័យយ៉ាងដូចម្តេច  ហើយវានឹងបើកឱកាសអ្វីខ្លះសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង នៅពេលខាងមុខ?

លោកនាយករដ្ឋមន្ត្រី Han Duck Soo៖ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ កូរ៉េខាងត្បូង និងវៀតណាមបានអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាគំរូមួយដែលស្ថិតក្នុងចំណោមកំពូលរបស់ពិភពលោក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងល្អ ប្រទេសទាំងពីរបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមកជាមួយនឹងទំហំពាណិជ្ជកម្មជិត ១០០ ពាន់លានដុល្លារ។

leftcenterrightdel
លោក Han Duck Soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង

ដំណើរទស្សនកិច្ចរបស់មន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ដូច្នេះ អាចរំពឹងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសកូរ៉េខាងត្បូង នឹងក្លាយជាឱកាសមួយដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយបន្ថែមទៀត និងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកូរ៉េខាងត្បូង និងវៀតណាម ដែលជាដៃគូសហប្រតិបត្តិការឈានមុខគេក្នុងតំបន់។ ដំណើរទស្សនកិច្ចនេះត្រូវបានចាត់ទុកថាជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការវាយតម្លៃជាក់ស្តែងស្ថានភាពនៃការអនុវត្តផែនការសកម្មភាពនៅកម្រិតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលកន្លងមក។

អ្នកយកព័ត៌មាន៖ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់វៀតណាមក្នុងខែមិថុនា ឆ្នាំ ២០២៣ ភាគីទាំងពីរបានចុះហត្ថលេខាលើកម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-កូរ៉េខាងត្បូង។ តើលោកនាយករដ្ឋមន្ត្រីអាចឲ្យដឹងអំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមបានទេ? តើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗអ្វីខ្លះ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលថ្មី?

លោកនាយករដ្ឋមន្ត្រី Han Duck Soo៖ រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២២ បានប្រកាស "យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក" ជាមួយនឹងគោលដៅនៃការដើរតួនាទីកាន់តែធំ និងរួមចំណែកដល់សេរីភាព សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនោះ កូរ៉េខាងត្បូងក៏បានអនុម័ត "គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េខាងត្បូង-អាស៊ាន (KASI)" ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពិសេស ដើម្បីបម្រើសេចក្តីត្រូវការរបស់អាស៊ានក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងយុទ្ធសាស្ត្រទាំងពីររបស់កូរ៉េខាងត្បូងសម្រាប់អាស៊ាន និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ ដូច្នេះហើយ យើងកំពុងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ជាក់ស្តែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយវៀតណាម ទាំងក្នុងកម្រិតទ្វេភាគី និងក្នុងយុទ្ធសាស្ត្ររួមជាមួយអាស៊ាន។ ជាពិសេស ក្នុងបរិបទនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ យើងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយវៀតណាម ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ ចំណុចមានសារៈសំខាន់នោះគឺការពង្រឹងការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រយ៉ាងសកម្មរវាងមេដឹកនាំសំខាន់ៗនៃប្រទេសទាំងពីរ ហើយខ្ញុំជឿជាក់ថា ជំនួបជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏នឹងជាឱកាសដ៏ល្អផងដែរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរត្រូវទាញយកសក្កានុពលពីយន្តការសហប្រតិបត្តិការនានា ដូចជាកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរជាដើម។

យើងត្រូវជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងសេដ្ឋកិច្ច និងការវិនិយោគ។ កូរ៉េខាងត្បូងនិងវៀតណាមជាដៃគូសហប្រតិបត្តិការមិនអាចកាត់ផ្តាច់បានក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ ខ្ញុំគិតថាចំណុចមានសារៈសំខាន់គឹការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដោយផ្តោតលើផលិតកម្ម រួមទាំងវិស័យផ្សេងៗគ្នាដូចជាសន្តិសុខសេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ឌីជីថល និងការប្រែប្រួលអាកាសធាតុ។ នៅពេលអនាគត នឹងមានការផ្លាស់ប្តូរបន្ថែមទៀតលើវិស័យបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងវប្បធម៌។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនឹង បន្តត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។

អ្នកយកព័ត៌មាន៖ តើលោកនាយករដ្ឋមន្ត្រីអាចឲ្យដឹងអំពីការរួមចំណែករបស់គ្រួសារពហុវប្បធម៌ក្នុងការអភិវឌ្ឍន៍ប្រទេសកូរ៉េខាងត្បូង និងគោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការជំរុញការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងកូរ៉េខាងត្បូងបានទេ?

លោកនាយករដ្ឋមន្ត្រី Han Duck Soo៖ ខ្ញុំគិតថា ការផ្លាស់ប្តូរប្រជាជន និងប្រជាជនយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរ គឺជាកម្លាំងចលករក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយនិរន្តរភាព។

បច្ចុប្បន្ននេះ នៅប្រទេសកូរ៉េខាងត្បូង និងវៀតណាម ភាគីនីមួយៗមានសហគមន៍ដែលមានប្រជាជនប្រហែល ២០០០០០ នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសម្ខាង រួមទាំងគ្រួសារពហុវប្បធម៌កូរ៉េខាងត្បូង-វៀតណាមប្រហែល ៩០០០០ គ្រួសារផងដែរ។ សហគមន៍នេះ រួមមានគ្រួសារពហុវប្បធម៌ កំពុងដើរតួជាស្ពានត្ជាប់ទំនាក់ទំនង រួមចំណែកជំរុញពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ។ ពលករវៀតណាមដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មធំៗដូចជាឧស្សាហកម្មផលិតកប៉ាល់នាវារបស់ប្រទេសកូរ៉េខាងត្បូងជាដើម។

រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងផ្តល់សេវាកម្មគាំទ្រយ៉ាងទូលំទូលាយចាប់ពីដំណាក់កាលនៃការរៀបចំអាពាហ៍ពិពាហ៍នៅប្រទេសវៀតណាម រហូតដល់ការតាំងទីលំនៅជាអចិន្ត្រៃយ៍ក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីជួយជនអន្តោប្រវេសន៍វៀតណាមតាមរយៈការអាពាហ៍ពិពាហ៍ឱ្យតាំងទីលំនៅប្រកបដោយស្ថិរភាពនៅក្នុងប្រទេសកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងក៏កំពុងពង្រឹងការអប់រំពីរភាសា និងគាំទ្រដល់ការសិក្សាវិជ្ជាជីវៈជាភាសារកូរ៉េខាត្បូង និងភាសារវៀតណាម ដើម្បីឱ្យកុមារក្នុងគ្រួសារពហុវប្បធម៌កូរ៉េខាងត្បូង-វៀតណាមអាចធំធាត់ ក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងវៀតណាម។ លើសពីនេះ កុមារដែលត្រឡប់ទៅប្រទេសវៀតណាមវិញ បន្ទាប់ពីរស់នៅក្នុងប្រទេសកូរ៉េ ក៏ត្រូវបានផ្តល់ការស្នាក់នៅ និងការមើលថែទាំនៅមជ្ឈមណ្ឌលគាំពារមួយក្នុងទីក្រុង Hai Phong ដើម្បីធានាថាពួកគេមិនជួបប្រទះនឹងការលំបាកនៅពេលរស់នៅទីនេះ។

អ្នកយកព័ត៌មាន៖ ជាច្រើនឆ្នាំមកនេះ វៀតណាម និងកូរ៉េខាងត្បូងបានសហការយ៉ាងជិតស្និទ្ធ និងរួមចំណែកជាវិជ្ជមានដល់អង្គការ និងវេទិកាអន្តរជាតិជាច្រើន។ តើ បើតាមលោកនាយករដ្ឋមន្ត្រី ប្រទេសទាំងពីរត្រូវធ្វើអ្វីខ្លះ ដើម្បីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង អាចរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ក៏ដូចជាតំបន់ និងពិភពលោក?

លោកយករដ្ឋមន្ត្រី Han Duck Soo៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចក្ខុវិស័យជាយុទ្ធសាស្ត្រដើម្បីក្លាយជា "ប្រទេសសសរស្តម្ភសកល-GPS"។ អាស្រ័យលើនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងព្យាយាមរួមចំណែកយ៉ាងសកម្មបន្ថែមទៀតដល់សេរីភាព សន្តិភាព និងវិបុលភាពនៃពិភពលោក។ វៀតណាម ជាមួយនឹងតួនាទីអន្តរជាតិកាន់តែបានលើកកំពស់នោះ ក៏ត្រូវបានរំពឹងថានឹងដើរតួនាទីកាន់តែធំនៅក្នុងឆាកអន្តរជាតិ។ ដូច្នេះហើយ ប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗក្នុងនាមជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

យើងកោតសរសើរចំពោះវៀតណាម ដែលជាដៃគូសហប្រតិបត្តិការដ៏សំខាន់នៅក្នុងតំបន់អាស៊ី ដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់យើងក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងដោយសន្តិវិធី។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តសហការគ្នា ដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី...

កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរួម និងភារកិច្ចសម្រាប់មនុស្សជាតិ ក៏មានសារៈសំខាន់ផងដែរ។ ខ្ញុំជឿថាប្រទេសទាំងពីរអាចរួមគ្នាដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយវិបត្តិអាកាសធាតុទៅជាកំណើនបៃតង និងឱកាសថ្មីៗ...

អ្នកយកព័ត៌មាន៖ សូមអរគុណលោកនាយករដ្ឋមន្ត្រី!

បកប្រែដោយ​ Duy Hoan