ក្នុងជំនួប លោក Vuong Dinh Hue បានសម្តែងនូវក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍លោកស្រី Márta Mátrai ដែលជាមិត្តជិតស្និទ្ធរបស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចនៅវៀតណាម និងអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយហុងគ្រី ដែលជាដៃគូមិត្តភាពប្រពៃណី ហើយក៏ជាដៃគូគ្រប់ជ្រុងជ្រោយដំបូង និងតែមួយគត់របស់វៀតណាមនៅតំបន់អឺរ៉ុបខាងកើត។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោកស្រី Márta Mátrai អនុប្រធានទី១ រដ្ឋសភាហុងគ្រី (រូបថត៖ vov.vn)

លោកស្រី Márta Mátrai បាននិយាយថាខែមិថុនានេះ ប្រទេសហុងគ្រី នឹងកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប និងអះអាងថា ហុងគ្រី គាំទ្រការជំរុញប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) ជំរុញឱ្យ EC ដកការព្រមាន "កាតលឿង" លើផលិតផលគ្រឿងសមុទ្រវៀតណាមឱ្យបានឆាប់ៗ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានចាត់ទុកថា ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហុងគ្រីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍជាវិជ្ជមានលើគ្រប់វិស័យ និងគ្រប់បណ្តាញ ជាពិសេសនយោបាយ - ការទូត និងសេដ្ឋកិច្ច - ពាណិជ្ជកម្ម ការអប់រំ - បណ្តុះបណ្តាល វប្បធម៌... ប្រទេសទាំងពីររក្សាជាប្រចាំការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងរាល់សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូបាន នឹងកំពុងរួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតកំពស់ថ្មី។

ទំនាក់ទំនងរវាងសភាទាំងពីរបន្តត្រូវបានអភិវឌ្ឍតាមរយៈជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសទាំងពីរមានទំនាក់ទំនងយូរអង្វែងក៏ដោយ ក៏សក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការនៅតែមានទំហំធំខ្លាំងណាស់ មិនត្រឹមតែលើវិស័យការទូត និងការវិនិយោគប៉ុណ្ណោះទេ ថែមទាំងលើវិស័យជាច្រើនទៀតដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការអប់រំជាដើម។ ភាគីទាំងពីរមិនត្រឹមតែសហការ និងតភ្ជាប់នៅថ្នាក់កណ្តាលប៉ុណ្ណោះទេ ថែមទាំងជំរុញការតភ្ជាប់រវាងមូលដ្ឋាន និងធុរកិច្ចផងដែរ។

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានថ្លែងអំណរគុណចំពោះរដ្ឋ រដ្ឋាភិបាល និងសភាហុងគ្រី ដែលបានផ្តល់អាហារូបករណ៍ចំនួន ២០០ ចំណែក ដល់និស្សិតវៀតណាម ទៅសិក្សានៅប្រទេសហុងគ្រី និងបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគមន៍វៀតណាមអាចរស់នៅ ប្រកបអាជីពយ៉ាងសុខសាន្ត និងធ្វើសមាហរណកម្មល្អជាមួយប្រទេសសាមី ព្រមទាំងស្នើឱ្យភាគីហុងគ្រី បន្តបង្កើតលក្ខខណ្ឌបន្ថែមទៀតដើម្បីសហគមន៍វៀតណាម រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ហុងគ្រី ក៏ដូចជាទំនាក់ទំនងមិត្តភាពប្រពៃណីល្អរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung