លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានផ្ញើសារលិខិត និងផ្កាអបអរសាទរជូនចំពោះលោក Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារលិខិត និងផ្កាអបអរសាទរជូនចំពោះលោក Saysomphone Phomvihane  ប្រធានរដ្ឋសភាឡាវ  និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

ក្នុងសារលិខិតផ្ញើជូនថ្នាក់ដឹកនាំឡាវ ថ្នាក់ដឹកនាំវៀតណាមបានអបអរសាទរនិងចែករំលែកនូវមោទនភាពចំពោះសមិទ្ធិផលដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនឡាវសម្រេចបានក្នុងរយៈពេលកន្លងមក ទន្ទឹមនឹងនោះ សម្តែងនូវសេចក្តីរីករាយចំពោះការ​បោះជំហានដ៏សំខាន់ និងទូលំទូលាយក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹង និងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជាតិទាំងពីរវៀតណាម -ឡាវ។

ថ្នាក់ដឹកនាំវៀតណាមបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ការដឹកនាំរបស់រដ្ឋ និងសមាគ្គីភាពរបស់ប្រជាជនឡាវ ប្រទេសឡាវនឹងជម្នះរាល់ការលំបាក អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១នៃ បក្សប្រជាជនបដិវត្តន៍ឡាវ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិរយៈពេលប្រាំឆ្នាំលើកទី៩ ទទួលបានជ័យជំនះថ្មីៗថែមទៀតក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ និងប្រទេសឡាវនឹងកាន់តែរីកចម្រើន វិបុលភាពនិងសុភមង្គល ជាពិសេសជឿជាក់ថា ឡាវនឹងទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤ ប្រធាន AIPA 45 និងតួនាទីរបស់ឡាវនឹងបន្តកើនឡើងក្នុងតំបន់ និងអន្តរជាតិ។

leftcenterrightdel
នៅកណ្តាល​រាជធានី​ភ្នំពេញ​ត្រូវ​បាន​តុបតែង​លម្អ​ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ប្រជាជន​កម្ពុជា

ក្នុងសារលិខិតផ្ញើជូនថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំវៀតណាមបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រទេស និងប្រជាជនកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយជឿជាក់យ៉ាងមុតមាំថា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី រាជរដ្ឋាភិបាល ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ប្រទេសនិងប្រជាជនកម្ពុជានឹងបន្តមានសន្តិភាព ស្ថិរភាព និងវិបុលភាព។  សូមជូនពរប្រទេសនិងប្រជាជនកម្ពុជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤ ប្រកបដោយសេចក្តីសុខ សន្តិភាព និងសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់បន្ថែមទៀតនាពេលខាងមុខនេះ។

ថ្នាក់ដឹកនាំវៀតណាមបានជូនពរឱ្យទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងវៀតណាម និងកម្ពុជា បន្តពង្រឹងនិងពង្រីក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរនិងដើម្បីសហគមន៍អាស៊ានប្រកបដោយសន្តិភាព អភិវឌ្ឍន៍ និងវិបុលភាព៕

បកប្រែដោយ Pham Diep