លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចបន្តជាការបោះជំហានថ្មីក្នុងទំនាក់ទំនងវៀតណាម-ចិន បង្ហាញពីការរួមចំណែកដ៏សំខាន់ និងជាក់ស្តែងរបស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងការអភិវឌ្ឍរួមនៃទំនាក់ទំនងបក្សទាំងពីរ និងរដ្ឋទាំងពីរ។

អ្នកយកព័ត៌មាន ៖ សូមលោកអនុរដ្ឋមន្ត្រីវាយតម្លៃពីអត្ថន័យនៃដំណើរទស្សនកិច្ចលើកនេះក្នុងទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ?

លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu៖ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ សម្រេចបាននូវវឌ្ឍភាពជាវិជ្ជមានជាច្រើន ក្នុង​រយៈពេលកន្លងមក ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រចំនួនពីររបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុនិស្ដវៀតណាមនៅប្រទេសចិន (ខែវិច្ឆិកា ឆ្នាំ ២០២២) និងដំណើរទស្សនកិច្ចរបស់លោក Xi Jinping អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិននៅប្រទេសវៀតណាម (ខែធ្នូ ឆ្នាំ ២០២៣)។

នេះជាដំណើរទស្សនកិច្ចថ្នាក់ខ្ពស់លើកដំបូង ចាប់តាំងពីប្រទេសទាំងពីរបានប្រកាសលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍អនាគតរួមគ្នាដែលមានអត្ថន័យជាយុទ្ធសាស្ត្ររវាងវៀតណាម និង​ចិនក្នុងខែធ្នូ ឆ្នាំ២០២៣។

leftcenterrightdel
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេសវៀតណាម

ដំណើរទស្សនកិច្ចជាថ្មីម្តងទៀតបានបង្ហាញសារច្បាស់លាស់អំពីគោលនយោបាយការបរទេសឥតងាករេរបស់បក្ស និងរដ្ឋវៀត​ណាម គឺឲ្យតម្លៃទៅលើទំនាក់ទំនងជាមួយប្រទេសចិន ។ ទន្ទឹមនឹងនោះវៀតណាមនិងចិនរួមគ្នាអនុវត្តនូវទស្សនៈរួម ការសន្យា និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាវៀតណាម មិនត្រឹមតែរួមចំណែកដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរប៉ុណ្ណោះទេ ថែមទាំងពង្រឹងទំនាក់ទំនងទូទៅរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរលើវិស័យជាច្រើនដូចជា នយោបាយ ការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ចរាចរណ៍ ការសម្របសម្រួលពហុភាគី ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការគ្រប់គ្រងនិងការដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រ ។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីលើកឡើងពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ?

លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu៖ ដំណើរទស្សនកិច្ចទទួលបានលទ្ធផលលេចធ្លោជាច្រើន ជាដំបូងការពង្រឹងទំនុកចិត្តខាងនយោបាយ និងធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកាន់តែរស់រវើក។ ជំនួបកម្រិតខ្ពស់រវាងលោកប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំចិន រួមចំណែករក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងពង្រឹងទំនុកចិត្តខាងនយោបាយរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ ជាពិសេសទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន ត្រូវបាន​ឈានដល់កម្រិតកម្ពស់ថ្មី។ ក្នុងទំនាក់ទំនងទូទៅរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរតែងតែដើរតួនាទីយ៉ាងសំខាន់។

ទន្ទឹមនឹងនោះ លទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនេះគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរបស់ភាគីទាំងពីរ ដែលក្នុងនោះបង្កើតយន្តការសហប្រតិបត្តិការអន្តរសភាដឹកនាំដោយមានប្រធានរដ្ឋសភាវៀតណាម និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនធ្វើជាសហប្រធាន ដែលបង្ហាញពីការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការកាន់តែខ្ពស់រវាងសភាបណ្ដាប្រទេស។

ទីពីរ ដំណើរទស្សនកិច្ចលើកនេះ រួមមានសកម្មភាពសម្បូរបែប និងជាក់ស្តែងរបស់លោកប្រធានរដ្ឋសភាវៀតណាម និងសមាជិកគណៈប្រតិភូ ថ្នាក់ដឹកនាំនៃមូលដ្ឋានមួយចំនួននិងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរនៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងខេត្ដយូណាន បានរួមចំណែកបង្កើតឱកាសសហប្រតិបត្ដិការបន្ថែមទៀត បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ការរៀនសូត្រ និងការចែករំលែក នាំមកនូវឱកាសសហប្រតិបត្តិការជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និងមូលដ្ឋាន។ ការចេញប្រកាសឯកសារច្បាប់ស្តីពីគោលនយោបាយដើម្បីសម្រួលដល់ការចេញចូល និងការនាំចេញ និងនាំចូលទំនិញនឹងរួមចំណែកដល់ការស្ដារឡើងវិញនិងអភិវឌ្ឍន៍វិស័យទេសចរណ៍ សម្រួលដល់ការដោះដូរទំនិញ ជាពិសេសមុខទំនិញកសិផល។

រដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានឯកភាពធ្វើការជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីបង្កបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មអំណោយផលជាមួយនឹងក្របខ័ណ្ឌច្បាប់ពេញលេញ និងបើកចំហ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការវិនិយោគប្រកបដោយគុណភាពខ្ពស់រវាងភាគីទាំងពីរ។

ទី៣ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធក្នុងការងាររបស់រដ្ឋសភា ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូររវាងគណៈកម្មាធិការជំនាញនៃរដ្ឋសភា ផ្លាស់ប្តូរបទពិសោធន៍លើការងារនីតិប្បញ្ញត្តិ  ត្រួតពិនិត្យ និងសម្រេចចិត្តលើបញ្ហាសំខាន់ៗ កសាងនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន...

ភាគីចិនក៏វាយតម្លៃខ្ពស់ចំពោះការផ្លាស់ថ្មីក្នុងរាល់សកម្មភាពរបស់រដ្ឋសភាវៀតណាម ដូចជាការសួរដេញដោនដោយផ្ទាល់នៅសម័យប្រជុំរបស់រដ្ឋសភា។ ក្រុមសមាជិកសភា និងក្រសួង និងស្ថាប័នពាក់ព័ន្ធក៏បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែង ផ្លាស់ប្តូរបទពិសោធន៍លើកំណែទម្រង់ ការគ្រប់គ្រងសហគ្រាសរដ្ឋ ការអភិវឌ្ឍន៍ប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿន ការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ពាណិជ្ជកម្មសេរី ការអភិវឌ្ឍន៍ថាមពលបៃតង កសិកម្មឆ្លាតវៃ... ជាមួយនឹងភាពស្រដៀងគ្នាអំពីច្បាប់និងមាគ៌ាអភិវឌ្ឍន៍ ការផ្លាស់ប្តូរបទពិសោធន៍គឺមានប្រយោជន៍ខ្លាំងសម្រាប់ភាគីទាំងពីរ ជាពិសេសសម្រាប់វៀតណាមផង​ដែរ។

ជាមួយនឹងសមិទ្ធិផលជាក់ស្ដែងជាច្រើន ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បន្តជាការបោះជំហានថ្មីក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ដោយបង្ហាញពីការរួមចំណែកដ៏សំខាន់ និងជាក់ស្តែងរបស់ស្ថាប័ននីតិប្បញ្ញត្តិសម្រាប់ការអភិវឌ្ឍក្នុងទំនាក់ទំនងទូទៅរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរវៀតណាម និងចិន៕

អ្នកយកព័ត៌មាន៖ សូមអំណរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Pham Diep