កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក និងពិភាក្សាអំពីទិសដៅសម្រាប់រយៈពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងឡាយបានសង្កត់ធ្ងន់លើការរួមចំណែកយ៉ាងសំខាន់របស់ MLC ចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងអនុតំបន់មេគង្គ និងតំបន់ ព្រមទាំងអះអាងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរួមគ្នាកសាងសហគមន៍ ចែករំលែកអនាគតនៃសន្តិភាព និងវិបុលភាពរវាងបណ្ដាប្រទេសមេគង្គ -ឡានឆាង ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងឡាយបានអនុម័តសេចក្តីថ្លែងការណ៍  Nay Pyi Taw ផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដំណាក់កាល ២០២៣-២០២៧ និងគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្ដន៍មេគង្គ-ឡានឆាង។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយនឹងបន្តសហការជាមួយប្រទេសចិន និងបណ្តាប្រទេសមេគង្គ ជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យកាន់តែអភិវឌ្ឍយ៉ាងខ្លាំងក្លា មានប្រសិទ្ធភាព និងនិរន្តរភាព។

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ចំពោះមុខការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងយ៉ាងស៊ីជម្រៅនៃសេដ្ឋកិច្ចពិភពលោក ដើម្បីឲ្យប្រទេសមេគង្គ-ឡានឆាងទាំង ៦ អភិវឌ្ឍយ៉ាងខ្លាំងក្លា ចាំបាច់ត្រូវមានផ្នត់គំនិតថ្មី និងទូលំទូលាយជាងមុន ដោយមានទស្សនៈបែបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានលើកសំណើរលើខ្លឹមសារអាទិភាពចំនួន ៣ របស់ MLC ក្នុងដំណាក់កាលខាងមុខរួមមាន៖

ទី ១ កសាងតំបន់មេគង្គ-ឡានឆាងទំនើបនិងអភិវឌ្ឍន៍ ជាមួយនឹងបាវចនាគឺកៀងគរនិងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព​។ លើកកម្ពស់សក្ដានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយ ក៏ដូចជាប្រទេសទាំង ៦។ ហើយចាត់ទុកកម្លាំងផ្ទៃក្នុងជាមូលដ្ឋាន និងយុទ្ធសាស្ត្រ និងកម្លាំងខាងក្រៅជាកម្លាំងសំខាន់។ ភារកិច្ចសំខាន់គឺលើកកម្ពស់ឧស្សាហូបនីយកម្ម ទំនើបកម្ម និងកសាងខឿនសេដ្ឋកិច្ចមេគង្គ-ឡានឆាង ឯករាជ្យ ខ្លួនទីពឹងខ្លួនផ្សារភ្ជាប់ជាមួយភាពម្ចាស់ការ និងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព។

ទី២ កសាងតំបន់មេគង្គ-ឡានឆាង ប្រកបដោយបៃតង និរន្តរភាព និងបរិយាបន្ន ធានាបាននូវសុខដុមរមនារវាងបច្ចុប្បន្ននិងអនាគត ហើយរវាងកំណើនសេដ្ឋកិច្ចនិងការការពារបរិស្ថាន ប្រកាន់យកមនុស្សជាមជ្ឈភាព ជាកម្លាំងចលករ ធនធាន គោលដៅនៃការអភិវឌ្ឍ និងមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។ អាទិភាពចំបងគឺគាំទ្រប្រទេសនានាក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តកាត់បន្ថយការបញ្ចេញកាបូន ដើម្បីឆ្ពោះទៅរកការកសាងខឿនសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចរាងជារង្វង់...

ទី ៣ កសាងតំបន់មេគង្គ-ឡានឆាងប្រកបដោយសន្តិភាព និងសហប្រតិបត្តិការ។ ប្រទេសទាំង ៦ ត្រូវពង្រឹងទំនុកចិត្ត ស្មោះត្រង់ សាមគ្គីភាព ជំរុញផលប្រយោជន៍រួម និងលើកកម្ពស់ពហុភាគីនិយម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន​ឆាងជាមួយអាស៊ាន និងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ផ្សេងទៀត ដើម្បីប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពបំផុត។ បញ្ជាក់ពីការគាំទ្រប្រទេសឡាវទទួលតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៤ ដោយជោគជ័យ។ ទន្ទឹមនឹងនោះ គួរតែផ្តល់អាទិភាពបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការវប្បធម៌ និងការជួបប្រាស្រ័យប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជនជំនាន់ក្រោយ៕

បកប្រែដោយ Thanh Cong