កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអេហ្ស៊ីបនៅមានសក្តានុពលជាច្រើន
កប.អនឡាញ - នាថ្ងៃទី ២៦ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអេហ្ស៊ីប លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបសវនាការជាមួយលោក Abdel-Wahab Abdel-Razek ប្រធានព្រឹទ្ធសភាអេហ្ស៊ីប និងជួបជាមួយលោក Ahmed Saad El-Din Mohamed Abd El-Rehim អនុប្រធានទីមួយនៃសភាជាន់ទាបអេហ្ស៊ីប។
លោក Tran Luu Quang បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ និងរដ្ឋសភាទាំងពីរឲ្យមានប្រសិទ្ធភាព និងជាក់ស្តែង។ ដោយអះអាងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការមួយចំនួន ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងអេហ្ស៊ីប នាពេលខាងមុខ ដូចជាការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ហើយពង្រឹងប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
|
|
លោក Tran Luu Quang ជួបសន្ទនាជាមួយលោក Abdel-Wahab Abdel-Razek (រូបថត៖ vnanet.vn) |
ទាក់ទិននឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពបើកទូលាយទីផ្សារសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក លើកទឹកចិត្តធុរកិច្ចរបស់ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងការតភ្ជាប់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មអាហារហាឡាល់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិននៃប្រទេសនីមួយៗ។ល។
នាថ្ងៃដដែល លោក Tran Luu Quang បានទៅទស្សនាទីស្នាក់ការ និងជួបធ្វើការជាមួយលោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់។ លោក Tran Luu Quang បានវាយតំលៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្ព័ន្ធអារ៉ាប់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ លោកស្នើឲ្យភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ បង្កើនកិច្ចពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការពហុភាគី។ លោក Ahmed Aboul Gheit បានសម្តែងនូវការកោតសរសើរចំពោះប្រវត្តិនៃការតស៊ូរំដោះជាតិ ក៏ដូចជាតួនាទី និងឥទ្ធិពលរបស់វៀតណាមក្នុងតំបន់។ លោកបានសន្យាថា នឹងខិតខំប្រឹងប្រែងជំរុញប្រកបដោយប្រសិទ្ធភាពថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធអារ៉ាប់ និងប្រទេសជាសមាជិកជាមួយវៀតណាមនាពេលខាងមុខ៕
បកប្រែដោយ Thanh Cong