វៀតណាម និងអុីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអុីស្រាអែល នាថ្ងៃទី ២៥ កក្កដា លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាជាមួយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអុីស្រាអែល និងថ្នាក់ដឹកនាំអុីស្រាអែល និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អុីស្រាអែល (VIFTA)។
ពិធីចុះហត្ថលេខាលើ VIFTA បានប្រព្រឹត្តទៅរវាងលោក Nir Barkat រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មអុីស្រាអែល និងលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
|
|
លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអុីស្រាអែលធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អុីស្រាអែល (VIFTA) |
ដូច្នេះបន្ទាប់ពីរយៈពេល ៧ ឆ្នាំនៃការចរចាចំនួន ១២ លើកវៀតណាម និងអុីស្រាអែលបានចុះហត្ថលេខាជាផ្លូវការ VIFTA - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរបស់វៀតណាម ជាមួយមជ្ឈិមបូព៌ា ដែលស្របពេលខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលរួមចំណែកក្នុងការបំពេញក្របខ័ណ្ឌច្បាប់ បង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរនាពេលខាងមុខ។ នេះក៏ជាលក្ខខណ្ឌសម្រាប់ភាគីទាំងពីរបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៣ ឡើងប្រមាណ ១០-១៥% និងឆ្ពោះទៅគោលដៅ ៣ ពាន់លានដុល្លារអាមេរិក នាពេលបន្ទាប់។
* មុននោះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានជួបសន្ទនាជាមួយលោក Isaac Herzog ប្រធានាធិបតីអុីស្រាអែល។
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានស្នើប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអុីស្រាអែល។ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអះអាងថា វៀតណាមលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មអុីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើវិស័យដែលអុីស្រាអែលមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្ត ធុរកិច្ចថ្មី កម្លាំងពលកម្ម ...
ថ្លែងមតិក្នុងជំនួបនេះ ប្រធានាធិបតី Isaac Herzog បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងកិត្យានុភាព ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលកន្លងមក។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការជាក់លាក់មួយចំនួន ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដូចជាការអនុវត្ត VIFTA បង្កើនទំហំពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងទេសចរណ៍ និងឆាប់បើកជើងហោះហើរត្រង់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរដើម្បីជំរុញការជួបប្រាស្រ័យប្រជាជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕
បកប្រែដោយ Pham Diep