ក្រោយដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៣ កក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាល់ឌីវ និងគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការយុវជនអាស៊ាន និងក្រុមប្រឹក្សាយុវជនអាស៊ានបានចេញសេចក្តីថ្លែងការណ៍វាយតម្លៃពីភាពជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកសង្កេតការណ៍ទាំងពីរនេះមើលឃើញថា ទិដ្ឋាភាពជារួមនៃដំណើរការបោះឆ្នោតគ្រប់មណ្ឌល និងការិយាល័យបោះឆ្នោតនៅកម្ពុជា មានសភាពល្អប្រសើរ និងបានអនុលោមស្របទៅតាមប្បញ្ញត្តិច្បាប់ដែលមានចែង រួមជាមួយនឹងការធានាបាននូវភាពសម្ងាត់ និងតម្លាភាពនៃការគូសសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោតផង។

បន្ថែមពីនេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនេះចាត់ទុកការបោះឆ្នោតនៅកម្ពុជាសម្រាប់អាណត្តិទី៧ ប្រព្រឹត្តិទៅដោយរលូត សេរី យុត្តិធម៌ សម្ងាត់ និងគ្មានការគំរាមកំហែង ព្រមទាំងស្របតាមស្តង់ដារអន្តរជាតិ។

leftcenterrightdel
រូប​ថត៖ AFP/TTXVN

បើតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាល់ឌីវ និងគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការយុវជនអាស៊ាន ការបោះឆ្នោតនៅកម្ពុជានាពេលនេះ បានបង្ហាញពីឆន្ទៈរបស់ពលរដ្ឋខ្មែរ ក្នុងការរក្សាសន្តិភាព ស្ថិរភាព រួមនឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសផង ខណៈស្ថាប័នអន្តរជាតិទាំងពីរនេះសង្កេតឃើញថា សន្ទុះនៃយុវជនកម្ពុជា ក៏មានភាពសកម្មក្នុងដំណើរការនយោបាយក្នុងរបស់ប្រទេសខ្លួនផងដែរ។

ក្រៅពីនេះ ក្រុមអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងមកពីបណ្តាប្រទេសសហភាពអឺរ៉ុប ក៏បានវាយតម្លៃដូចគ្នាដែរថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តិទៅប្រកបដោយតម្លាភាព សេរី ប្រជាធិបតេយ្យ និងគ្មានអំពើហិង្សា។ នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៤ កក្កដា ក្រុមអ្នកសង្កេតការណ៍ទាំងនេះ អះអាងថា នៅតាមមណ្ឌល និងការិយាល័យបោះឆ្នោតដែលពួកគេចុះទៅអង្កេតនោះ ពុំមានបាតុភាពអ្វីកើតឡើងដែលបង្កឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។

សូមជម្រាបថា នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ ឆ្នាំ២០២៣នេះ កម្ពុជាមានអ្នកសង្កេតការណ៍ជាតិចំនួនជិត ៩ ពាន់នាក់ ដែលមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៣៤ ខណៈអ្នកសង្កេតការណ៍អន្តរជាតិវិញ មានចំនួន ១៦៣ រូប ដែលមកពី ៥២ ស្ថាប័ន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប៕

បកប្រែដោយ Duy Hoan