គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចូលរួមវេទិកាសៅប៉ូឡូលើកទី២៦
កប.អនឡាញ - ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ២ ខែកក្កដា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Le Hong Quang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្ត An Giang បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសប្រេស៊ីល ហើយបានចូលរួមវេទិកាសៅប៉ូឡូលើកទី ២៦ ក្រោមប្រធានបទ "សមាហរណកម្មតំបន់ដើម្បីលើកកម្ពស់ស្វ័យភាពរបស់អាមេរិកឡាទីន និងការាបៀន" ត្រូវបានប្រារព្ធឡើងនៅរដ្ឋធានី Brasilia ប្រទេសប្រេស៊ីល។
ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃវេទិកា លោក Le Hong Quang បានចែករំលែកអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម និងសមិទ្ធិផលនៃកិច្ចការផ្លាស់ប្តូរថ្មីក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមក ព្រមទាំងបញ្ជាក់ឡើងវិញនូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី ពិពិធកម្ម និងគោលនយោបាយកសាងការទូតគ្រប់ជ្រុងជ្រោយ និងទំនើប ដោយផ្អែកលើការជំរុញកម្លាំងរួមផ្សំនៃសសរស្តម្ភចំនួនបី៖ ការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់លើគោលដៅធ្វើឲ្យប្រទេសមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព ក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។
    |
 |
លោក Le Hong Quang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្ត An Giang (រូបថត៖ vnanet.vn) |
ប្រតិភូដែលចូលរួមក្នុងវេទិកាទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសុន្ទរកថារបស់ប្រធានគណៈប្រតិភូ និងសង្កត់ធ្ងន់លើការគាំទ្រ និងការចូលរួមរបស់បក្សកុម្មុយនិស្តវៀតណាមសម្រាប់វេទិកានេះគឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ចលនាឆ្វេងនិយមក្នុងតំបន់ និងកិច្ចការសាងសង់សង្គមនិយមនៅអាមេរិកឡាទីន និងការាបៀន។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសប្រេស៊ីល គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានជួបជាមួយប្រធានគណបក្សពលកម្មប្រេស៊ីលដែលកំពុងកាន់អំណាច ហើយបានជួបពិភាក្សាជាមួយគណបក្សនយោបាយជាច្រើននៅក្នុងតំបន់៕
បកប្រែដោយ Duy Hoan