ក្នុងជំនួបជាមួយលោក Suga Yoshihide អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យលោក Suga Yoshihide បន្តយកចិត្តទុកដាក់ និងជួយគាំទ្រដើម្បីជំរុញទំនាក់ទំនងវៀតណាម-ជប៉ុនឡើងកម្រិតថ្មី និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ក្នុងឆ្នាំ ២០២៣ ដែលជាឆ្នាំខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងជួយគាំទ្រប្រជាពលរដ្ឋវៀតណាមជិត ៥០០,០០០ នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន។

leftcenterrightdel
លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី ជួបជាមួយលោក Suga Yoshihide អតីតនាយករដ្ឋមន្ត្រីជប៉ុន (រូបថត៖ vnanet.vn)

លោក Suga Yoshihide បានបញ្ជាក់ពីការគាំទ្រចំពោះការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងកម្រិតថ្មី ជាពិសេសលើវិស័យដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-វិនិយោគ និងបរិវត្តកម្មឌីជីថល ជម្រុញគោលនយោបាយជួយគាំទ្រប្រជាពលរដ្ឋវៀតណាមនៅជប៉ុនក្នុងការរស់នៅ សិក្សា និងធ្វើការ ហើយស្នើឲ្យភាគីវៀតណាមយកចិត្តទុកដាក់ និងជួយសហគមន៍ជនជាតិជប៉ុនដែលកំពុងរស់នៅ និងធ្វើការនៅវៀតណាម។

leftcenterrightdel
លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី ជួបសន្ទនាជាមួយលោក Nikai Toshihiro ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម (រូបថត៖ vnanet.vn)

នៅក្នុងជំនួបជាមួយលោក Nikai Toshihiro ប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម  លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យលោក Nikai Toshihiro បន្តគាំទ្រដល់ការផ្លាស់ប្តូរនៅគ្រប់លំដាប់ថ្នាក់រវាងប្រទេសទាំងពីរ ជំរុញរដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជំនាន់ថ្មី ពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ កិច្ចសហប្រតិបត្តិការតាមមូលដ្ឋាន ការផ្លាស់ប្តូរវប្បធម៌ និងការប្រកួតកីឡា និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

ក្នុងជំនួបជាមួយលោក Tanaka Akihiko ប្រធាន JICA លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យ JICA បន្តយកចិត្តទុកដាក់ និងសិក្សាស្រាវជ្រាវអំពីការផ្តល់ ODA ជំនាន់ថ្មីដល់វៀតណាម លើវិស័យដែលបានលើកឡើងក្នុងកិច្ចពិភាក្សាជាន់ខ្ពស់រវាងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន នាពេលថ្មីៗនេះនៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា។

លោក Tanaka Akihiko ប្រធាន JICA បានបញ្ជាក់ថា នឹងសហការជាមួយវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ODA លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា ជប៉ុនបានត្រៀមខ្លួនជាស្រេចចូលរួមក្នុងគម្រោងសំខាន់ៗរបស់វៀតណាម ហើយស្នើឲ្យភាគីទាំងពីរបង្កើតក្របខ័ណ្ឌពិគ្រោះយោបល់ប្រចាំនៅគ្រប់លំដាប់ថ្នាក់ ដើម្បីផ្តល់ព័ត៌មានឲ្យទាន់ពេល ដោះស្រាយបញ្ហាដែលកើតឡើង និងធានាប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ODA៕

បកប្រែដោយ Thuy Anh