ជំរុញទំនាក់ទំនងមិត្តភាព និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម-ឈីលី
កប.អនឡាញ - នារសៀលថ្ងៃទី ១១ ខែកក្កដា នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Sergio Narea Guzman ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឈីលីប្រចាំនៅវៀតណាម មកជម្រាបលា ខណៈលោកបានបញ្ចប់បេសកកម្មការទូត។
លោក Luong Cuong ប្រធានរដ្ឋ បានអបអរសាទរលោកឯកអគ្គរដ្ឋទូតដែលបានបញ្ចប់បេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ។ លោក Luong Cuong ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានជាវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញ ការអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម-ឈីលី ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងជាក់ស្តែងថែមទៀត។
    |
 |
លោក Luong Cuong ប្រធានរដ្ឋ ទទួលជួបលោក Sergio Narea Guzman ឯកអគ្គរដ្ឋទូត |
យ៉ាងណាក៏ដោយ លោក Luong Cuong ប្រធានរដ្ឋ បានចាត់ទុកថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលកន្លងមក នៅមានកម្រិតតិចតួចបើធៀបនឹងសក្តានុពលរបស់ប្រទេសទាំងពីរ។ ដូច្នេះ លោកប្រធានរដ្ឋស្នើឱ្យភាគីទាំងពីរត្រូវខិតខំប្រឹងប្រែង ដើម្បីនាំឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យសក្តិសមនឹងទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។
រីឯលោក Sergio Narea Guzman ឯកអគ្គរដ្ឋទូត បានអះអាងថា ប្រជាជនឈីលីតែងតែផ្តល់មនោសញ្ចេតនា និងកោតសរសើរចំពោះ វៀតណាម។ លោក Sergio Narea Guzman ឯកអគ្គរដ្ឋទូត បានអះអាងថា ឈីលីនឹងបន្តរួមដំណើរជាមួយវៀតណាមនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី ដើម្បីរួមវិភាគទានដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងពីរ និងនៅលើពិភពលោក៕
បកប្រែដោយ Huyen Trang