អ្នកម្ដាយ បងប្រុស បងស្រីឡាវ

មានរឿងរ៉ាវជាច្រើនណាស់អំពីការដែលកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមទទួលបានការយកចិត្តទុកដាក់ និងការជួយថែទាំសង្គ្រោះអស់ពីចិត្តពីសំណាក់ប្រជាជនឡាវ ខណៈពេលដែលពួកគេត្រូវរងរបួស រងទុក្ខវេទនាដោយសារជំងឺគ្រុនចាញ់ព្រៃ រងការឈឺថ្កាត់។ល។ ហើយថែមទាំងក៏មានរឿងរ៉ាវជាអនុស្សាវរីយ៍ជាច្រើនណាស់អំពីការដែលបងប្អូនឡាវបានយកទាំងគ្រាប់ពូជស្រូវយកទៅបុកជាអង្ករដើម្បីចម្អិនបបរឱ្យកងទ័ពស្ម័គ្រចិត្តវៀតណាមទទួលទានទៀតផងដែរ។

ចំពោះលោក Nguyen Van Nghiep អនុប្រធានក្រុមទំនាក់ទំនងទូទាំងប្រទេសកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញស្ម័គ្រចិត្តវៀតណាមនៅប្រទេសឡាវនោះ ពេលនិយាយជាមួយយើងខ្ញុំគឺថាពាក្យ “សាច់ញាតិ” និង “ជាកូនក្នុងគ្រួសារតែមួយ” គឺជាអ្វីៗដែលត្រូវបានលោកនិយាយញឹកនៅពេលនិយាយអំពីប្រជាជនឡាវមានចិត្តស្មោះស្ម័គ្រ ដែលគាត់មានឱកាសបានជួបប្រាស្រ័យទាក់ទងជាមួយក្នុងអំឡុងពេលរួមគ្នាប្រយុទ្ធជាមួយសត្រូវ។

លោក Nghiep បានអះអាងថា “ទន្ទឹមនឹងការយល់ដឹងត្រឹមត្រូវអំពីកាតព្វកិច្ចអន្តរជាតិចំពោះបដិវត្តន៍ឡាវ ការជឿទុកចិត្ត សេចក្តីស្រឡាញ់ និងមានការការពារពីប្រជាជននៃកុលសម្ព័ន្ធឡាវទាំងមូលនោះ បានជួយឱ្យយើងខ្ញុំអាចពុះពារបានរាល់ការលំបាកទាំងអស់”។

លោក Nghiep នឹកឃើញឡើងវិញថា នៅឆ្នាំ ១៩៥០ ក្នុងមួយលើកចុះទៅសួរសុខទុក្ខម្នាក់ជាមេរបស់គាត់ដែលត្រូវឈឺហើយកំពុងសម្រាក់នៅផ្ទះគ្រួសារប្រជាជនមួយនៅខេត្ត Attapeu នោះ គាត់បានជួបនិងនិយាយជាមួយម្តាយម្នាក់នៃគ្រួសារនោះ។ ដោយសារឃើញកងទ័ពស្ម័គ្រចិត្តវៀតណាមរូបនេះនៅក្មេង ចិត្តស្លូតបូត ហើយដោយដឹងថានៅស្រុកកំណើតគាត់នៅមានម្តាយចាស់ម្នាក់ និងប្អូនតូចៗ បានជាអ្នកម្តាយឡាវរូបនោះមានចិត្តអាណិតគាត់ខ្លាំងណាស់ ហើយចង់ផ្គូផ្គងកូនស្រីដ៏ស្អាតរបស់ខ្លួនឈ្មោះ Symon ឱ្យទៅជាគូជាមួយគាត់ដែរ។

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពគ្រានោះមិនអនុញ្ញាតឱ្យគាត់គិតគូអំពីរឿងស្នេហាទេ។ ក៏ប៉ុន្តែទោះជាពីរនាក់មិនក្លាយទៅជាគូស្នេហាក៏ពិតមែន ប៉ុន្តែអ្នកម្តាយជនជាតិឡាវរូបនេះនៅតែស្រឡាញ់ និងចាត់ទុកគាត់ជាកូនធម៌ក្នុងគ្រួសារអញ្ចឹង។ ថែមទាំងអ្នកម្តាយនោះក៏បានដាក់ឈ្មោះឡាវឱ្យគាត់ទៀតថា Khamsy ផងដែរ។ ពាក្យ Kham ជាភាសាឡាវ មានន័យថា មាស ពាក្យ sy សំដៅលើឈ្មោះកូនស្រីរបស់គាត់គឺ Symon។

ឈ្មោះ Khamsy មានអត្ថន័យជ្រាលជ្រៅ បង្ហាញការស្រឡាញ់ ហើយឆ្លុះបង្ហាញថា អ្នកម្តាយនោះចាត់ទុកខ្ញុំជាកូនបង្កើតតែម្តង។ អំឡុងពេលខ្ញុំធ្វើការនៅខេត្ត Attapeu ខ្ញុំតែងតែត្រូវបានគ្រួសារអ្នកម្តាយនោះជួយថែទាំ និងការពារជានិច្ច លោក Nghiep រំលឹកឡើងវិញដោយក្តុកក្តួលក្នុងចិត្ត។

leftcenterrightdel
ភាពរាក់ទាក់ជិតស្និទ្ធរវាងប្រជាជនឡាវជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម

ក្រឹត្យក្រមនៃអត្ថិភាព និងការអភិវឌ្ឍ

ជាមួយនិងស្មារតីអន្តរជាតិនៃវណ្ណៈអធននិយម និងអនុវត្តតាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញជាទីគោរព គឺថា “ជួយមិត្តគឺជួយខ្លួនឯង” កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម បានជំនះរាល់ការលំបាក ឧបសគ្គ ការលះបង់គ្រប់យ៉ាង ហើយឈរប្រកៀកស្មាគ្នាជាមួយកងទ័ព និងប្រជាជននៃកុលសម្ព័ន្ធឡាវទាំងមូលដើម្បីប្រយុទ្ធ និងដណ្តើមបានជ័យជំនះយ៉ាងត្រចះត្រចង់ក្នុងសង្រ្គាមដ៏យូរទាំងពីរនៃការតស៊ូប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម ដូចដែលលោកប្រធាន Kaysone Phomvihane ធ្លាប់បានអះអាងថា៖ “ឆ្អឹង និងឈាមរបស់ប្រជាជនវៀតណាម បានលាបពណ៌ក្រហមទូទាំងប្រទេសឡាវ ដើម្បីឯករាជ្យភាពរបស់ឡាវ” “ជំនួយដែលវៀតណាម ជួយដល់ឡាវបានកសាងឡើងនូវចំណងមួយនៃទំនាក់ទំនងដ៏ពិសេស”។

ស្នាដៃដ៏គួរជាទីមោទនៈ និងទឹកចិត្តដ៏ស្មោះស្ម័គ្រក្លាហានរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម មិនអាចបង្ហាញបានពេញលេញតាមរយៈពាក្យសំដីបានឡើយ ហើយនិងមិនអាចសាបសូន្យក្នុងដួងចិត្តរបស់ប្រជាជនឡាវជាដាច់ខាត។ “បក្ស រដ្ឋ និងប្រជាជនឡាវ នឹងចងចាំជានិច្ច នូវការលះបង់ដ៏ថ្លៃថ្នូជាសាច់ស្រស់ ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានជួយបដិវត្តន៍ឡាវពីមុនមក។ ជំនួយនេះគឺដូចជាការជួយបងប្អូនក្នុងគ្រួសារ ដូចដែលលោកប្រធាន ហូជីមិញ បានមានប្រសាសន៍ថា៖ “ជួយមិត្តគឺជួយខ្លួនឯង” នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang។

បើប្រជាជនវៀតណាមបានលះបង់ឈាមស្រស់សាច់ស្រស់ដើម្បីបដិវត្តន៍ឡាវ ប៉ុន្តែប្រជាជនឡាវក៏លះបង់ជីវិត និងទ្រព្យសម្បត្តិ ដើម្បីជួយបដិវត្តន៍វៀតណាមផងដែរ។ ដូចដែលលោកអគ្គលេខាបក្ស Le Duan ធ្លាប់បានអះអាងថា៖ "បក្សទាំងពីរ និងប្រជាជនទាំងពីរជួយគ្នាទៅវិញទៅមក ប្រសិនបើមើលឃើញតែជំនួយពីម្ខាងតែប៉ុណ្ណោះ វាមិនត្រឹមត្រូវទេ"។  “ដោយក្តីស្រឡាញ់ មនោសញ្ចេតនាពិសេស បក្ស រដ្ឋ និងប្រជាជនឡាវ បានផ្តល់ការគាំទ្រយ៉ាងអស់ពីចិត្ត បង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់វៀតណាម បើក“ផ្លូវលំហូជីមិញ” ឆ្លងកាត់ទឹកដីឡាវដើម្បី “ឆ្លងកាត់តាមជួរភ្នំ Truong Son” ទៅសង្គ្រោះប្រទេសជាតិ” រំដោះភាគខាងត្បូងវៀតណាមទាំងស្រុង បង្រួបប្រួមប្រទេសជាតិទាំងមូលឡើងវិញ។ លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានសង្កត់ធ្ងន់បែបនេះ។

ការលះបង់ដ៏ថ្លៃថ្នូ និងអស្ចារ្យបំផុតនោះ បានក្លាយជាកម្លាំងដែលមិនអាចប្រៀបផ្ទឹមបានដែលជាកម្លាំងចិត្តដ៏អស្ចារ្យ រួមចំណែកដល់បដិវត្តន៍នៃប្រទេសទាំងពីរ វៀតណាម - ឡាវ ឆ្ពោះទៅរកជ័យជម្នះដ៏អស្ចារ្យក្នុងឆ្នាំ ១៩៧៥ បញ្ចប់រាប់សិបឆ្នាំនៃសង្គ្រាម បង្កើតនូវជ័យជំនះលើអាណានិគមនិយម និងចក្រពត្តិនិយមឈ្លានពាន។

ចាប់តាំងពីប្រទេសទាំងពីរអនុវត្តដំណើរការ doi moi (ផ្លាស់ថ្មី) មក បក្សកុម្មុយនិស្តវៀតណាម និងបក្សបដិវត្តន៍ឡាវ បានសហការគ្នាយ៉ាងជិតស្និទ្ធ ដោយនាំបដិវត្តន៍របស់ប្រទេសទាំងពីរចេញពីវិបត្តិសេដ្ឋកិច្ចសង្គម និងឆ្ពោះទៅមុខ។

យោងតាមការពិតនៃហេតុការណ៍ប្រវត្តិសាស្ត្រនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung និងឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានអះអាងថា ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ គឺជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងពីរ ជាក្រឹត្យក្រមនៃអត្ថិភាព និងការអភិវឌ្ឍ ហើយនិងគឺជាកត្តាសំខាន់ៗ ដើម្បីធានាបាននូវជ័យជំនះនៃបុព្វហេតុបដិវត្តន៍របស់ប្រទេសនីមួយៗ៕

បកប្រែដោយ Minh Trung