កសាងសាកលវិទ្យាល័យវៀតណាម-ជប៉ុន ឲ្យក្លាយគ្រឹះស្ថានអប់រំឈានមុខគេក្នុងតំបន់
កប.អនឡាញ - នៅថ្ងៃទី១១ ខែធ្នូ នៅទីស្នាក់ការក្រសួងការបរទេស លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម។
ក្នុងជំនួបនេះ លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមយកចិត្ដទុកដាក់និងមានបំណងចង់ភាគីជប៉ុនសហការយ៉ាងជិតស្និទ្ធដើម្បីកសាងសាកលវិទ្យាល័យវៀតណាម-ជប៉ុន ឲ្យក្លាយជាគ្រឹះស្ថានអប់រំឈានមុខគេនៅក្នុងតំបន់នាពេលអនាគត។
លោករដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមាននាពេលថ្មីៗនៃគម្រោងកសាងសាកលវិទ្យាល័យវៀតណាម-ជប៉ុន ក៏ដូចជាចក្ខុវិស័យនិងទិសដៅរបស់សាកលវិទ្យាល័យក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការធ្វើបរិវត្ដកម្មឌីជីថល និងការផ្លាស់ប្តូរបៃតង និងការឆ្លើយតបតម្រូវការនូវធនធានមនុស្សមានគុណភាពខ្ពស់របស់ប្រទេសជប៉ុននិងវៀតណាម ជាពិសេសក្នុងវិស័យសំខាន់ដែលមានលក្ខណៈយុទ្ធសាស្ត្រ។
លោករដ្ឋមន្ត្រីការបរទេសវៀតណាម បានស្នើលោក Takebe ជួយលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងបង្កើតប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ចាំបាច់ដើម្បីបំពេញតម្រូវការរបស់ប្រទេសទាំងពីរ ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ក្នុងវិស័យស៊ីមីកុងដុកទ័រ ការធ្វើបរិវត្ដកម្មឌីជីថល និងការផ្លាស់ប្តូរបៃតង...
ចំណែកលោកទីប្រឹក្សាពិសេស Takebe Tsutomu នៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម បានបញ្ជាក់ថានឹងបន្តខិតខំចូលរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងជប៉ុននាពេលខាងមុខ៕
បកប្រែដោយ Pham Diep